បទ «First Lady» ចូលរួមលើកកម្ពស់អំពើហឹង្សា



បន្ទាប់​ពី​ខ្ញុំ​បាន​សរសេរ​ពី​បទ «អា​មុំ​ពុំ​ពីត» កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន អ្នក​អាន​ក៏​បាន​ឲ្យ​គំនិត​ថា​ខ្ញុំគួរ​សរសេរ​ពី​បទ «First Lady» របស់ Tena។ និយាយ​តាម​ត្រង់​ទៅ បើ​ប្រៀប​ធៀប​បទ​នេះ ជាមួយ​នឹង បទ​របស់​លោក ពាក់​មី បទ​របស់​លោក ពាក់មី គឺ​បទ​លោក ពាក់មី ល្អ​ជាង​ឆ្ងាយ​ណាស់។ បទ «First Lady» នេះ ស្ទើរ​តែ​គ្រប់​ម៉ាត់ គឺ​សុទ្ធ​តែ​ទាញ​ទម្លាក់​មនុស្ស​ស្រី​ឲ្យ​សឹង​តែ​ស្មើ​នឹង​ទាសករ​របស់​មនុស្ស​ប្រុស​ទៅ​ហើយ។ ខ្ញុំ​នឹង​លើក​យកតែ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​វិភាគ​មើល។


ឃ្លា​ដំបូង​បង្អស់​នៅ​ក្នុង​បទ​នេះ​គឺ៖ «តាំង​តែ​យើង​ស្រឡាញ់​គ្នា បង​តែង​តែ​លាក់​បាំង​អូន លួច​មាន​ស្រី​នៅ​ខាង​ក្រៅ​រាប់​ផ្លូន»។ សួរ​ថា តើ​ការ​ស្រឡាញ់​គ្នា​បែប​ម៉េច បើ​មនុស្ស​ពីរ​នាក់​មិន​ជឿ​ទុក​ចិត្ត​គ្នា មិន​ស្មោះ​ត្រង់​នឹង​គ្នា? ហើយ​អ្វី​ដែល Tena ច្រៀង គឺ​ដូច​ជា​មោទនភាព​ណាស់​ដែល​បាន​ធ្វើ​បែប​នេះ។

Credit: creativeconflicts.com
បន្ទាប់​មក Tena បាន​ច្រៀង​ថា៖ « ហាម​អូន មុន​នឹង​ធ្វើ​អ្វី ត្រូវ​សួរ​បង​សិន ជីវ៉ា។ មិន​ឲ្យ​រូប​អូន​ផ្តេស​ផ្តាស​ឡើយ​ណា។ ត្រូវ​ចាំ​ថា អ្វីៗ​ជីវ៉ា គឺ​ជា​របស់​រូប​បង»។ ខ្ញុំ​មិន​ដឹង​ថា Tena ឬ​អ្នក​ដែល​ចូល​ចិត្ត​បទ​នេះ ពួក​គាត់​បាន​រៀន​ពី​យេនឌ័រ​បាន​ដល់​កម្រិត​ណា​ទេ ប៉ុន្តែ​ជា​ទូទៅ អំពើ​ហឹង្សា​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​៣​ប្រភេទ៖ អំពើ​ហឹង្សា​រាង​កាយ អំពើ​ហឹង្សា​ផ្លូវ​ចិត្ត និង​អំពើ​ហឹង្សា​ខាង​ផ្នែក​សេដ្ឋកិច្ច។ អំពើ​ហឹង្សា​ផ្លូវ​ចិត្ត​ពិបាក​ក្នុង​ការ​បង្ហាញ​ឲ្យ​អ្នក​ក្រៅ​ឃើញ តែ​វា​មាន​ផល​ប៉ះពាល់​ច្រើន​ជាង​អំពើ​ហឹង្សា​រាង​កាយ​ទៅ​ទៀត បើតាម Psychology Today និង Living Without Abuse

សញ្ញា​បញ្ជាក់​ពី​អំពើ​ហឹង្សា​ផ្លូវ​ចិត្ត​មាន​ដូច​ជា៖ 


  • ធ្វើ​ឲ្យ​ជន​រងគ្រោះ​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ
  • មិន​ឲ្យ​ជន​រងគ្រោះ​ទៅ​ក្រៅ​ម្នាក់​ឯង តាម​ដាន​មើល ឬ​ដើរ​តាម​ជន​រងគ្រោះ​ជាប់​រហូត
  • គ្រប់​គ្រង និង​កំណត់​កន្លែង​ដែល​ជន​រងគ្រោះ​អាច​ទៅ អ្នក​ដែល​គេ​អាច​និយាយ​ជាមួយ និង​អ្វី​ដែល​គេ​ធ្វើ
  • ធ្វើ​ឲ្យ​ជន​រងគ្រោះ​មាន​អារម្មណ៍​ថា គេ​ត្រូវ​សុំ​ការ​អនុញ្ញាតិ​មុន​នឹង​ធ្វើ​អ្វី​មួយ​ ឬ​ទៅ​កន្លែង​ណា​មួយ


នេះ​គ្រាន់​តែ​ជា​សញ្ញា​មួយ​ចំនួន​ដែល​សម​ទៅ​នឹង​ប៉ុន្មាន​ឃ្លា​ក្នុង​ចម្រៀង​របស់ Tena ដែល​ខ្ញុំ​បាន​លើក​ឡើង​ប៉ុណ្ណោះ។ សួរ​ថា ហេតុ​អ្វី​បាន​ជា​មិត្ត​ស្រី​របស់​គាត់​ត្រូវ​សុំ​ការ​អនុញ្ញាតិ​មុន​នឹង​ធ្វើ​អ្វី​មួយ? ហេតុ​អ្វី​បាន​ជា​អ្វីៗ​របស់​មិត្ត​ស្រី​គាត់ គឺ​ជា​របស់​គាត់? សូម្បី​តែ​ឪពុក​ម្តាយ ក៏​មិន​ដល់​ថ្នាក់​នេះ​ដែរ។ តើ Tena ដែល​បាន​រៀន​ពី​សិទ្ធិ​មនុស្ស​ទេ? ឬ​ក៏ Tena បាន​ទិញ​មិត្ត​ស្រី​របស់​គាត់​ពី​អ្នក​ជួញ​ដូរ​មនុស្ស ទើប​បាន​និយាយ​ដូច​មិត្ត​ស្រី​គាត់​ជា​ទាសករ​ដាច់​ថ្លៃ? សូម្បី​តែ​ឆ្កែ​ខ្ញុំ ក៏​ខ្ញុំ​ចិញ្ចឹម​ឲ្យ​មាន​សេរីភាព​ជាង​នេះ​ដែរ។

ហើយ​មុន​នឹង​មាន​អ្នក​ជំទាស់​ថា នេះ​ហើយ​ការ​ស្រឡាញ់។ ការ​ស្រឡាញ់​មិន​មែន​បែប​នេះ​ទេ។ ការ​ស្រឡាញ់ គឺ​ការ​ឲ្យ​សេរីភាព និង​ធ្វើ​អ្វី​ដើម្បី​ឲ្យ​គេ​រីករាយ។ Love is kind.

ឃ្លា​មួយ​ទៀត គឺ៖ «បង​អាច​លួច​មាន​ស្រី​បាន តែ​អូន​មិន​អាច​មាន​ទេ។ បង​អាច​កុហក​មាស​មេ តែ​អូន​មិន​អាច​ធ្វើ​ទេ។ គ្រប់​ពេល​ត្រូវ​ស្មោះ​បង គ្រប់​ពេល​ត្រូវ​ត្រង់​នឹង​បង។ ធ្វើ​ឲ្យ​បាន​ល្អ​ជីវ៉ា»។ សញ្ញា​មួយ​ទៀត​នៃ​អំពើ​ហឹង្សា​ផ្លូវ​ចិត្ត​គឺ អ្នក​ប្រព្រឹត្ត​អំពើ​ហឹង្សា​នេះ ព្យាយាម​ធ្វើ​ឲ្យ​ជន​រងគ្រោះ​គិត​ថា អ្វី​ដែល​គេ​ធ្វើ គឺ​សុទ្ធ​តែ​ត្រូវ ហើយ​អ្វី​ដែល​ជន​រងគ្រោះ​ធ្វើ គឺ​សុទ្ធ​តែ​ខុស។ តើ​អ៊ីចឹង​មែន​ទេ?

Credit: biculturalfamilia.com
សញ្ញា​បន្ថែម​ទៀត​គឺ អ្នក​ប្រព្រឹត្ត​ព្យាយាម​រក​លេស​មក​ពន្យល់​សកម្មភាព​របស់​គេ និង​បន្ទោស​អ្នក​ដទៃ។ ដើម្បី​ឲ្យ​គ្រប់​បាន​មួយ set, Tena ក៏​ច្រៀង​បន្ត​ថា៖ «ទោះ​បង​ជា​ប្រុស​មិន​ល្អ​ក៏​មិន​ឲ្យ​អូន​ឈឺ​ចាប់។ ទោះ​បង​ជា​ប្រុស​ដែល​យ៉ាប់ តែ​និយាយ​ស្តាប់​គ្នា​បាន។ តែ​អូន​ខុស​ពី​បង អូន​ត្រូវ​តែ​ស្មោះ​ត្រង់ ព្រោះ​ខ្លួន​អូន​ជា​មនុស្ស​ស្រី»។

បើ​តាម​ខ្ញុំ​ចាំ តាម​ច្បាប់​រដ្ឋធម្មនុញ្ញ គឺ​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​មាន​សិទ្ធិ​ស្មើ​គ្នា។ តែ​បើ​ខ្ញុំ​កើត​មក​មាន​យោនី​នេះ មាន​ន័យ​ថា ខ្ញុំ​ត្រូវ​តែ​ស្មោះ ត្រូវ​តែ​គោរព​តាម ត្រូវ​បាន​បម្រើ​មនុស្ស​ប្រុស​ឬ? ដោយ​សារ​តែ​ខ្លួន​ខ្ញុំ​ជា​មនុស្ស​ស្រី? ម៉េច​ក៏​មិន​និយាយ​ថា ខ្ញុំ​ត្រូវ​អង្គុយ​ចាំ​នៅ​មាត់​ទ្វារ ហើយ​បក់​កន្ទុយ​ទទួល​សង្សារ​ពេល​ដែល​គេ​មក​ផ្ទះ​ទៅ?

ឃ្លា​បន្ទាប់៖ «តាម​ពិត ពេល​ខ្លះ​ក៏​គិត​ថា​ ខ្លួន​ឯង​សែន​ចោល​ម្សៀត។ សង្សារ​ល្អ​តែ​មិន​កែ​មាយាទ ឆ្លៀតៗ​ចង់​តែ​បៀត​ស្រី​ផ្សេង»។ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហឹង្សា​ផ្លូវ​ចិត្ត​គឺ ព្យាយាម​ដាក់​ខ្លួន​ថា​ជា​ជន​រងគ្រោះ ហើយ​ធ្វើ​ឲ្យ​គេ​អាណិត។ ពេល Tena ច្រៀង​អ៊ីចឹង ខ្ញុំ​អាណិត​ណាស់ ដែល Tena គ្រប់​គ្រង​លិង្គ​របស់​ខ្លួន​ឯង​មិន​បាន។ អាណិត​ណាស់​ដែល​ត្រូវ​តែ​ទៅ «បៀត​ស្រី​ផ្សេង»។ ថ្ងៃ​ក្រោយ បើ​ខ្ញុំ​ទៅ​សម្លាប់​គេ ចាំ​ខ្ញុំ​និយាយ​ដែរ​ថា ខ្ញុំ​ដឹង​ថា​ខ្ញុំ​ធ្វើ​ខុស តែ​ខ្ញុំ​ទ្រាំ​មិន​បាន កែ​មាយាទ​មិន​កើត។

ចំណុច​ចុង​ក្រោយ៖​ «ទោះ​ត្រូវ​ប្រឈម​មុខ​គ្នា​បែក​ឆ្វេង ក៏​បង​មិន​លែងៗ​ដៃ​អូន​ឡើយ​ជីវ៉ា»។ មាន​ដឹង​ទេ​ថា ឃ្លា​មួយ​នេះ ស្តាប់​ទៅ​គួរ​ឲ្យ​ខ្លាច​ប៉ុណ្ណា? បើ​មនុស្ស​ស្រី​នោះ​ នៅ​តែ​ព្យាយាម​ទាញ​ដៃ​ចេញ តើ​នឹង​យក​កាំបិត​មក​ភ្ជង់​ដើម្បី​កុំ​ឲ្យ​គេ​ដើរ​ចេញ​ឬ?

អំពើ​ហឹង្សា​ផ្លូវ​ចិត្ត គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​មួយ។ ជន​រង​គ្រោះ​អាច​បាក់​ទឹក​ចិត្ត បន្ទោស​ខ្លួន​ឯង ហើយ​អាច​ឈាន​ទៅ​ដល់​ការ​សម្លាប់​ខ្លួន​ទៅ​ទៀត។ ក្នុង​ករណី​ខ្លះ អំពើ​ហឹង្សា​ផ្លូវ​ចិត្ត គឺ​ជា​ជំហាន​ដំបូង​របស់​អំពើ​ហឹង្សា​លើ​រាង​កាយ។ ពេល​ដែល​ជន​រងគ្រោះ​លែង​មាន​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​នៅ​ក្បែរ លែង​មាន​សេរីភាព លែង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​បន្ទោស​ខ្លួន​ឯង អ្នក​ប្រព្រឹត្ត​នោះ​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ ហើយ​ជន​រងគ្រោះ​ក៏​មិន​ហ៊ាន​រាយការណ៍​ដែរ ព្រោះ​គេ​គិត​ថា នេះ​គឺ​ជា​កំហុស​របស់​គេ។ ករណី​នេះ​ មាន​កើត​ឡើង​ច្រើន​ណាស់។ អ្នក​ខ្លះ​សួរ​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​ជន​រងគ្រោះ​មិន​ព្រម​រត់ បើ​គេ​ប្រព្រឹត្ត​អំពើ​ហឹង្សា​ដាក់​ទៅ​ហើយ? នេះ​ហើយ​ជា​មូល​ហេតុ។ 

ចំពោះ​អ្នក​ដែល​និយាយ​ថា នេះ​គ្រាន់​តែ​ជា​បទ​ចម្រៀង។ ដូច​ខ្ញុំ​និយាយ​លើក​មុន​អ៊ីចឹង​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សិល្បៈ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ បើ​ទោះ​ជា​យើង​ដឹង​ខ្លួន​ឬ​ក៏​អត់។ ពេល​ដែល​យើង​ស្តាប់​បទ​ពី​ជំនាន់​លោក​ ស៊ិន ស៊ីសាមុត វា​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ក្នុង​ពេល​នោះ។ ចុះ​បទ​ក្នុង​ពេល​សម័យ​នេះ វា​កំពុង​តែ​ឆ្លុះ​បញ្ចាំង​ជីវិត​បច្ចុប្បន្ន​នេះ​ដែរ ត្រូវ​ទេ? បទ​ចម្រៀង​មួយ​នេះ មាន​អ្នក​មើល​ជាង​២​លាន​ដង​ហើយ នៅ​លើ YouTube។ តើ​នៅ​តែ​គិត​ថា វា​គ្រាន់​តែ​ជា​បទ​ចម្រៀង​ទៀត​ឬ? ឧទាហរណ៍​ថា បើ​ខ្ញុំ​ច្រៀង​ចម្រៀង​ទាក់​ទង​នឹង​រដ្ឋាភិបាល គិត​ថា​គេ​នឹង​ចាប់​ខ្ញុំ​អត់? ឬ​គេ​គ្រាន់​តែ​ថា៖ «នេះ​គ្រាន់​តែ​ជា​បទ​ចម្រៀង​ទេ»?

Note: Emotional abuse can happen to anyone -- men and women. Learn to recognize the signs and stop the cycle.

Love, Catherine 

Credit: youtube.com

Sources: 

Comments

  1. You can disagree with its contents, I urge you to. But don't call for censorship.

    ReplyDelete

Post a Comment

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

A Letter to Dreamers: Just Keep Swimming

Snow Cookies - Short Story