បទចម្រៀង «អាមុំពុំពីត» ៖ ព្រោះមនុស្សស្រីសម្រាប់តែច្រៀងលេងសើចទេ



Side Note: I hope you realize the sacrifices I’ve made by writing this post. I had to listen to the song numerous times. I was so close to shooting myself…

កាល​ពី​ម្សិល​មិញ ខ្ញុំ​បាន​ប្រទះ​ភ្នែក​ឃើញ​បទ​ចម្រៀង​ថ្មី​មួយ​របស់​លោក ពាក់ មី ដែល​មាន​ចំណង​ជើង​ថា «អា​មុំ​ពុំ​ពីត»។ ពេល​ឃើញ​ហើយ ខ្ញុំ​មិន​ចង់​ស្តាប់​ទេ ព្រោះ​ដឹង​ថា បើ​ស្តាប់​ហើយ ច្បាស់​ជា​ខឹង​ហើយ។ ប៉ុន្តែ​ហេតុ​តែ​ឆ្ងល់ ខ្ញុំ​ក៏​ចុច​មើល​ទៅ។​

Credit: https://www.youtube.com/watch?v=XhQqartCiLg
វីឌេអូ និង​ចម្រៀង​ទាំង​មូល​នេះ គឺ​មិន​មាន​ការ​គោរព​ដល់​មនុស្ស​ស្រី​សូម្បី​តែ​បន្តិច។ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ចាប់​ផ្តើម​ពី​ត្រង់​ណា​មួយ​ទេ។ ពេល​ដែល​វីឌេអូ​ចាប់​ផ្តើម​ភ្លាម គឺ​មាន​ស្រ្តី​ម្នាក់ គាត់​ដើរ​កាត់​លោក ពាក់ មី និង​មិត្ត​ភក្តិ​ប្រុសៗ​របស់​គាត់។ គ្រាន់​តែ​ដើរ​កាត់​ភ្លាម លោក ពាក់ មី និង​ប្រុសៗ​នោះ មើល​សឹង​តែ​ស្រក់​ទឹក​មាត់ បើ​និយាយ​ទៅ គឺ​ដូច​ពេល​សត្វ​មើល​ឃើញ​ចំណី​អ៊ីចឹង។ អ្វី​ដែល​យើង​ត្រូវ​ចាំ គឺ​មនុស្ស​ស្រី​ជា​មនុស្ស មិន​មែន​ជា​ចំណី ឬ​ឆ្អឹង​ដើម្បី​មនុស្ស​ប្រុស​មើល​ឃើញ​ហើយ ចង់​យក ចង់​ប្រើ ចង់​រួម​ភេទ​ជាមួយ​ទេ។ អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ហើយ​ថា ពួក​គេ​គ្រាន់​តែ​ធ្វើ​លេង​ទេ។ អ្នក​ដែល​និយាយ​នោះ គឺ​មិន​ដែល​មាន​បទ​ពិសោធ ជួប​ផ្ទាល់​ទេ​មើល​ទៅ។

ពេល​ដែល​ខ្ញុំ​ជិះ​កង់ ឬ​ដើរ​ម្នាក់​ឯង មនុស្ស​ប្រុស​គឺ​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ។ ធ្វើ​លេង​សើច​យ៉ាង​ម៉េច បើ​ខ្ញុំ​ជា​អ្នក​ទទួល​នេះ មិន​ដែល​សើច​ផង។ តើ​មាន​ដែល​យល់​អារម្មណ៍​គេ​ទេ នៅ​ពេល​ដែល​គេ​ដើរ​សុខៗ ហើយ​យើង​ទៅ​សំលឹង​មើល​គេ​បែប​ហ្នឹង ហើយ​ស្រែក​ហៅ​ពេញ​ផ្លូវ? ខ្ញុំ​ជា​មនុស្ស​ស្រី មិន​មែន​ជា​​ឆ្កែ​ទេ។ មិន​បាច់​ហួច​ទេ។ ជា​ពិសេស​គឺ​នៅ​ពេល​យប់ ប្រសិន​បើ​មាន​មនុស្ស​មក​សម្លឹង​មើល​ខ្ញុំ​ក្នុង​លក្ខណៈ​បែប​ហ្នឹង ខ្ញុំ​មិន​ទៅ​មាន​អារម្មណ៍​លេង​សើច​ជាមួយ​ទេ ខ្ញុំ​មាន​អារម្មណ៍​ថា គេ​កំពុង​តែ​បំពាន​សិទ្ធិ​របស់​ខ្ញុំ។ ខ្ញុំ​ធ្លាប់​មាន​គេ​មក​រញ៉េរញ៉ៃ​នៅ​ពេល​ដែល​ខ្ញុំ​បណ្តើរ​ឆ្កែ​ពេល​យប់ ហើយ​ឥឡូវ​នេះ ខ្ញុំ​មិន​ដើរ​ពេល​យប់​ម្នាក់​ឯង​ទៀត​ទេ។ សប្បាយ​ចិត្ត​អត់ នៅ​ពេល​ដែល​យើង​យក​សេរីភាព​ពី​គេ​បែប​នេះ? លេង​សើច​ហេ៎?

Credit: http://www.psypost.org/2015/07/how-people-misunderstand-stalking-35463
បើ​បក​ទៅ​ចម្រៀង​នោះ​វិញ ក្រោយ​មក លោក ពាក់ មី ក៏​តាម​ម្នាក់​ស្រី​នោះ ហើយ​លួច​មើល​គាត់​ចូល​បន្ទប់​ទឹក។ What the freaking fuck, man? ខ្ញុំ​ឆ្ងល់​ណាស់ អ្នក​ដែល​ដឹក​នាំ​វីឌេអូ​នោះ​ តើ​ខួរ​ក្បាល​គាត់​កំពុង​តែ​គិត​អ្វី បាន​ជា​គាត់​គិត​ថា ដាក់​ឈុត​អ៊ីចឹង​ទៅ គួរ​ឲ្យ​សើច​សប្បាយ? នេះ គេ​ហៅ​ថា “Stalking” ហើយ​គេ​អាច​ប្តឹង​បាន។ ប្រសិន​បើ​អ្នក​ចូល​បន្ទប់​ទឹក ឬ​មាន​ប្អូន​ស្រី​ចូល​ទៅ​បន្ទប់ ហើយ​មាន​ប្រុស​ដែល​គួរ​ឲ្យ​ខ្លាច​អ៊ីចឹង ទៅ​លប​ចាំ​មើល​នៅ​ក្រៅ តើ​អ្នក​សើច​សប្បាយ​អត់? ថ្ងៃ​ហ្នឹង លួច​មើល​គេ​ចូល​បន្ទប់​ទឹក ចុះ​បើ​ថ្ងៃ​ក្រោយ ទៅ​រំលោភ​គេ? គ្រាន់​តែ​លេង​សើច​ទេ ត្រូវ​អត់? 

មាន​ឃ្លា​មួយ​នៅ​ក្នុង​បទ​ចម្រៀង​នោះ ដែល​ច្រៀង​ថា៖ «ឥឡូវ​ឡើង​ខ្លួន ស្លៀក​ខោ​ស៊ិច​ស៊ី កាល​ជំនាន់​បាញ់​ឃ្លី រាំ​ហិត​តែ​ក្លៀក​គេ»។ ហ៊ើយ។ ខ្ញុំ​និយាយ​ច្រើន​ដង​ហើយ គេ​ស្លៀក​ពាក់​អ្វី ចាំ​បាច់​ទៅ​ខ្វល់​ធ្វើ​អី? គេ​ស្លៀក​ខោ​ស៊ិច​ស៊ី គេ​ដើរ​ស្រាត គឺ​ជា​សិទ្ធិ​របស់​គេ។ តាម​លួច​មើល​គេ​ហើយ និយាយ​សំដី​បែប​នេះ​ទៀត។ គោរព​មនុស្ស​ស្រី​ណាស់ ត្រូវ​ទេ? និយាយ​អ៊ីចឹង​ទៅ បាន​អី​មក​វិញ? គិត​ថា​កំប្លែង គួរ​ឲ្យ​ចង់​សើច​ណាស់​មែន​ទេ លោក ពាក់ មី?

រឿង​ចុង​ក្រោយ។ ឃ្លា​មួយ​ទៀត ច្រៀង​ថា៖ «ត្រគាក​ប៉ោង​ដូច​កំប៉ុង»។ ប្រៀប​ធៀប​មនុស្ស​ស្រី​នឹង​វត្ថុ គឺ​ជា​ការ​គោរព​ដល់​មនុស្ស​ស្រី ត្រូវ​ទេ? ចុះ​បើ​ខ្ញុំ​និយាយ​ថា៖ «ខោ​ស្លៀក​រឹប មើល​ឡើង​ប៉ោង លិង្គ​មើល​ទៅ​ធំ ហើយ​វែង​ដូច​អង្រែ»។ ពិរោះ​ស្តាប់​ទេ? មាន​អ្វី​ខុស​គ្នា? និយាយ​ប្រៀប​ធៀប​មនុស្ស ទៅ​នឹង​វត្ថុ​ដូច​គ្នា​ហ្នឹង ត្រូវ​អត់? ឬ​មួយ​និយាយ​ទៅ​ដូច​ជា​មិន​គោរព​មនុស្ស​ប្រុស ឬ​អសុរស ដោយ​សារ​តែ​ខ្ញុំ​ជា​មនុស្ស​ស្រី? មាន​ហេតុ​ផល​អ្វី​ផ្សេង​ទៀត​អត់?

វីឌេអូ និង​ចម្រៀង​នេះ មាន​តែ​ជាង​មួយ​នាទី​ទេ តែ​សឹង​តែ​គ្រប់​ឈុត គ្រប់​ពាក្យ គឺ​សុទ្ធ​តែ​មិន​គោរព​ដល់​មនុស្ស​ស្រី។ ឬ​មួយ​ក៏​អ្នក​ដែល​ផលិត​បទ​នេះ​ទាំង​អស់​គ្នា អត់​មាន​គំនិត​ឆ្នៃ​ប្រឌិត​ថ្មី​ទេ? បើ​មិន​មាន​ទេ គួរ​តែ​រក​ការងារ​អ្វី​ផ្សេង​វិញ​ទៅ។

Credit: https://www.pinterest.com/ashnum/objectify-women-in-art/
អ្នក​ខ្លះ​វិញ ក៏​គេ​និយាយ​ថា៖ «នេះ​គ្រាន់​តែ​ជា​បទ​ចម្រៀង​ទេ»។ មាន​ដែល​គិត​ទេ​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​រាល់​ថ្ងៃ​នេះ មាន​ឥទ្ធិពល​ប៉ុណ្ណា? បទ​នេះ គឺ​សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ក្មេងៗ​ច្បាស់​ជា​នឹង​មើល​ហើយ។ មាន​ដែល​គិត​ទេ​ថា បើ​ពួក​គេ​ឃើញ​សកម្មភាព​បែប​នេះ ហើយ​ម្នាក់ៗ​ធ្វើ​ដូច​ជា​ធម្មតា ពួក​គេ​ច្បាស់​ជា​គិត​ហើយ​ថា ការ​និយាយ​សម្តី​បែប​នេះ ដើរ​តាម​មនុស្ស​ស្រី​បែប​នេះ លួច​មើល​មនុស្ស​ស្រី​បែប​នេះ គឺ​សុទ្ធ​តែ​ជា​រឿង​ធម្មតា​ហើយ។ 

សិល្បះ​មាន​ឥទ្ធិពល​លើ​មនុស្ស​ណាស់។ បើ​និយាយ​ថា គ្រាន់​តែ​ជា​ចម្រៀង​បែប​នេះ ចុះ​ពេល​ដែល​គេ​ថត​រូប​ស្រាត​នៅ​ប្រាសាទ​អង្គរ​វត្ត ហេតុអ្វី​មិន​និយាយ​ថា នេះ​គ្រាន់​តែ​ជា​រូប​ថត​វិញ​ទៅ? ប្រសិន​បើ​មាន​គេ​ច្រៀង​ចម្រៀង​ម៉ាក់​ងាយ​គ្រួសារ​យើង ប្រទេស​យើង វា​មិន​អី​ទេ​មែន​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​ចម្រៀង​ទេ។ គិត​ឡើង​វិញ​ទៅ មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ត្រូវ​បាន​គេ​សម្លាប់ ដោយ​សារ​តែ​បទ​ចម្រៀង? វា​គ្រាន់​តែ​ជា​បទ​ចម្រៀង​ទេ វា​គ្រាន់​តែ​ជា​រឿង​ទេ វា​គ្រាន់​តែ​ជា​ការ​និយាយ​លេង​សើច​ទេ វា​គ្រាន់​តែ​ជា​ពាក្យ​សម្តី​ទេ អត់​មាន​អ្វី​ខុស​ទេ ត្រូវ​ទេ? ចាំ​ដល់​ពេល​ណា​មាន​បញ្ហា​កើត​ឡើង ករណី​រំលោភ ហើយ​មនុស្ស​លែង​ចេះ​គោរព​គ្នា ចាំ​គិត​តាម​ក្រោយ៕



Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

A Letter to Dreamers: Just Keep Swimming

Snow Cookies - Short Story