ស្រីដែលលាបសក់ពណ៌ក្រហម គឺសុទ្ធតែជាសំផឹង



កាល ពី ថ្ងៃ អាទិត្យ មុន ខ្ញុំ បាន ឃើញ វីដេអូ ពូ មួយ នៅ ប្រទេស បារាំង ដែល គាត់ និយាយ ថា មនុស្ស ស្រី ដែល លាប សក់ ពណ៌ ក្រហម គឺ ជា សំផឹង ។ ពេល​ដែល​មើល​ហើយ ខ្ញុំ​ហួស​ចិត្ត​បន្តិច ឆ្ងល់​បន្តិច។ So many questions.

ចង់​សួរ​ទៅ​ពូ​ថា ពូ​នៅ​សុខៗ​ម៉េច​ទៅ​នឹក​ឃើញ​ថា អ្នក​ដែល​លាប​ពណ៌​សក់​ក្រហម គឺ​ជា​សំផឹង? ចុះ​ពណ៌​ផ្សេង ដូច​ជា​ពណ៌​លឿង ស្វាយ ខៀវ បៃតង ស វិញ? តើ​ម៉េច​ជា​វា​ទៅ​អ៊ីចឹង? ខ្ញុំ​អាន​ច្រើន​ដែរ តែ​មិន​ដែល​ឃើញ​អ្នក​ណា​និយាយ​ដូច​ពូ​សោះ។ ឬ​មួយ​ក៏​ពូ គឺ​ជា​អ្នក​វិទ្យាសាស្រ្ត​ថ្មី?


Credit: pinterest.com
ខ្ញុំ​ឆ្ងល់​មួយ ពូ។ បើ​សិន​ជា​មនុស្ស​ស្រី​ម្នាក់ គាត់​ដំបូង​អត់​សំផឹង​ទេ។ តែ​ពេល​ដែល​គាត់​លាប​សក់​ទៅ តើ​គាត់​ទៅ​ជា​សំផឹង​ភ្លាម​ឬ? ឬ​ក៏​ត្រូវ​ការ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ បាន​ថ្នាំ​លាប​នឹង​ចាប់​ផ្តើម​ដំណើរ​ការ? តើ​ថ្នាំ​លាប​សក់​ហ្នឹង ពេល​ដែល​លាប​ទៅ ជ្រាប​ចូល​ទៅ​ខួរ​ក្បាល រត់​តាម​សរសៃ​ឈាម ចុះ​ទៅ​ក្រោម ហើយ​រំញោច​ប្រដាប់​ភេទ​មនុស្ស​ស្រី​ឲ្យ​ចេះ​តែ​ចង់​រួម​ភេទ​មែន? ប្រហែល​ជា​ខ្ញុំ​ចេះ​ដឹង​មិន​ដល់​ហើយ បាន​មិន​យល់។ ថ្នាំ​លាប​សក់ បើ​តាម​ខ្ញុំ​ដឹង មិន​មែន​ជា​ថ្នាំ Viagra Aphrodisiac ទេ។ ឬ​នេះ​ជា​របក​គំហើញ​ថ្មី​របស់​ពូ?

ពូ​និយាយ​សង្កត់​ធ្ងន់​លើ​ស្រ្តី​ខ្មែរ។ ពូ​មាន​ដែល​ឆ្ងល់​ទេ​ថា ហេតុ​អី​បាន​ជា​ដូន​តា​យើង​មិន​ដែល​លាប​សក់? វា​មក​ពី​ជំនាន់​ហ្នឹង អត់​មាន​ថ្នាំ​លាប​សក់​ប្រើ។ បើ​មាន​ថ្នាំ​លាប​សក់​ដូច​សម័យ​នេះ ក៏​ប្រហែល​ជា​ពួក​គាត់​ប្រើ​ដែរ។

ពូ​នៅ​ប្រទេស​បារាំង​ ដើរ​ទៅ​សួរ​គេ​ទៅ​មើល ប៉ុន្មាន​នាក់​ដែល​មិន​ដែល​លាប​សក់​ទាល់​តែ​សោះ? នៅ​ប្រទេស​ដែល​ពូ​កំពុង​រស់​នៅ​ហ្នឹង ជា​ប្រទេស​ដែល​ផលិត​ថ្នាំ​លាប​សក់​ល្បី​ក្នុង​ពិភពលោក​ដែរ (L'Oréal Paris)។ សំបូរ​សំផឹង​ស្លាប់​ហើយ។ វិស័យ​លាប​សក់​នេះ រក​លុយ​មួយ​ឆ្នាំៗ​បាន​រាប់​កោដិ​ដុល្លារ។ បើ​មាន​តែ​សំផឹង​អ្នក​លាប មិន​មែន​រក​បាន​ដល់​ទៅ​ថ្នាក់​ហ្នឹង​ទេ។

សូម្បី​តែ​ជំនាន់​ក្រិច រាប់​ពាន់​ឆ្នាំ​មុន ក៏​មាន​គេ​ប្រើ​ពណ៌​លក្ខណៈ​ស្រដៀង​ថ្នាំ​ពណ៌​សក់​យើង​សព្វ​ថ្ងៃ​ដែរ។ មិន​ដឹង​ថា​គេ​សំផឹង ឬ​មិន​សំផឹង​ទេ តែ​ប្រទេស​ក្រិច​ខ្លាំង​ពូកែ​ណាស់​ពេល​នោះ អ្នក​ប្រាជ្ញ​ក៏​ច្រើន អ្នក​ទស្សន​វិទូ​ក៏​ច្រើន

ទោះ​ជា​គាត់​សំផឹង​មែន វា​ជា​ប្រដាប់​ភេទ​គេ គេ​ចង់​ធ្វើ​អី​ក៏​បាន​ដែរ។ គេ​ចង់​រួម​ភេទ​ជាមួយ​នឹង​មនុស្ស​១០០​នាក់ ក៏​នៅ​តែ​ជា​រឿង​របស់​គេ។ ហើយ​ពូ​ទៅ​ខ្វល់​ធ្វើ​អី? ខ្ញុំ​មិន​ដែល​ខ្វល់​ទេ​ថា (ហើយ​ខ្ញុំ​គិត​ថា ប្រហែល​ជា​មនុស្ស​ភាគ​ច្រើន​ក៏​មិន​ខ្វល់​ដែរ) ពូ​ទៅ​ធ្វើ​អី​ជាមួយ​នឹង​ប្រដាប់​ភេទ​ពូ ហើយ​ពូ​ទៅ​ខ្វល់​ធ្វើ​អី​ថា​គេ​សំផឹង ឬ​មិន​សំផឹង? ហើយពូម៉េចក៏ដឹងច្បាស់ម៉្លេះ? ពូ​ធ្លាប់​ទៅ​ដើរ​ស្រាវ​ជ្រាវ​សំផឹង​មែន​ឬ?

ខ្ញុំ​សាក់ ហើយ​លាប​ពណ៌​សក់​ទៀត ប៉ុន្តែ​មិន​ដែល​ឃើញ​អី​ផង។ បើ​សំផឹង​ដូច​ពូ​និយាយ​មែន ខ្ញុំ​ប្រហែល​ជា​មិន​ទៅ​ខំ​ធ្វើ​ការ​ពីរ បី​ទេ។ ប្រហែល​ជា​ទៅ​ដេក​ជាមួយ​គេ យក​លុយ​ហើយ។

និយាយ​តាម​ត្រង់ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​មនុស្ស​ដូច​ពូ​ថា​សំផឹង ប្រសិន​បើ​វា​មាន​ន័យ​ថា ខ្ញុំ​អាច​ធ្វើ​អ្វី​ក៏​បាន​ជាមួយ​នឹង​សក់​ខ្ញុំ ជាមួយ​នឹង​ប្រដាប់​ភេទ​ខ្ញុំ។ យ៉ាង​ហោច​ណាស់ ក៏​សំផឹង​មាន​សេរីភាព​ដែរ។ ពូ​មាន​ដែល​អាន​សិទ្ធិ​មនុស្ស​ទេ? គេ​ធ្វើ​អ្វី​ជា​សិទ្ធិ​របស់​គេ តែ​ការ​វាយ​ប្រហារ និង​វាយ​តម្លៃ​គេ​នេះ វា​រំលោភ​ដល់​សិទ្ធិ​សេរីភាព​គេ​ហើយ។ បើ​មិន​ចូល​ចិត្ត​អ្វី​មួយ កុំ​ធ្វើ​ទៅ ទុក​នៅ​ក្នុង​ចិត្ត​ទៅ។ មិន​ចាំ​បាច់​ដើរ​វាយ​ប្រហារ​គេ​គ្រប់​គ្នា​ទេ។ អត់​មាន​អ្នក​ណា​សួរ​ពូ​ទេ។

Fall Out Boy និយាយ​មួយ​ឃ្លា​ថា៖ “You are what you love, not who loves you.” វា​ក៏​មាន​ន័យថា បើ​ពូ​ស្អប់​គេ វា​ឆ្លុះ​បញ្ចាំង​ថា​ ពូ​ជា​មនុស្ស​បែប​ណា មិន​មែន​ឆ្លុះ​បញ្ចាំង​ថា​ អ្នក​ដែល​ពូ​ស្អប់​នោះ​ជា​មនុស្ស​បែប​ណា​ទេ។

គិត​យូរៗ​ទៅ ខ្ញុំ​ក៏​អាណិត​ពូ​ដែរ។ មិន​ដឹង​ថា​ពូ​ធុញ​នឹង​ជីវិត​ប៉ុណ្ណា មិន​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ បាន​មក​ចំណាយ​ពេល​មក​វាយ​តម្លៃ​គេ​ឥត​ប្រយោជន៍​នេះ។ ប្រហែល​អាច​មក​ពី​ការ​ច្រណែន​គេ ដែល​គេ​ទៅ​លាប​សក់ ឬ​មួយ​ក៏​ពូ​ទាម​ទារ​ចំណាប់​អារម្មណ៍​ក៏​មិន​ដឹង ព្រោះ​វីដេអូ​ពូ គេ​មើល ហើយ​ជេរ​ច្រើន​ណាស់។ បែប​ហ្នឹង​គេ​ហៅ​ថា “Attention Whore”។ ពូ​គួរ​តែ​ទៅ​ដើរ​លេង ស្រូប​ខ្យល់​ឲ្យ​សប្បាយ​ចិត្ត​ខ្លះ​ទៅ ក្រែង​លោ​លែង​មាន​អារម្មណ៍​មួរ​ម៉ៅ​ដាក់​គេ ដាក់​ឯង។
Love, Catherine
XOXO

Comments

Post a Comment

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

A Letter to Dreamers: Just Keep Swimming

Snow Cookies - Short Story