ច្បាប់ចរាចរណ៍ថ្មីអាចនឹងជួយជីវិតអ្នកដំណើរ



នៅ​ដើម​ឆ្នាំ​២០១៦​នេះ រដ្ឋាភិបាល​ប្រទេស​ខ្មែរ​បាន​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ធ្វើ​ឲ្យ​គេ​នាំ​គ្នា​រិះ​គន់​ពេញ Facebook។ ខ្ញុំ​ចង់​បញ្ជាក់​ជា​មុន​ថា ខ្ញុំ​បាន​រក​មាត្រា​ច្បាប់​ថ្មី​នោះ​ដែរ តែ​រក​មិន​ឃើញ​ជា​ភាសា​អង់គ្លេស អ៊ីចឹង​ខ្ញុំ​និយាយ​នេះ គឺ​តាម​អ្វី​ដែល​ខ្ញុំ​បាន​អាន បាន​ឃើញ និង​បាន​ជួប​ផ្ទាល់។ បើ​តាម​គំនិត​របស់​ខ្ញុំ ខ្ញុំ​គិត​ថា​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​គឺ​មិន​មាន​អ្វី​ខុស​ទេ។ 


Credit: khmernz.blogspot.com
ចំណុច​ទី​មួយ​ដែល​ខ្ញុំ​ឃើញ​គេ​រិះ​គន់ គឺ​ច្បាប់​ដែល​ចែង​មក​ថា អ្នក​បើក​បរ​ត្រូវ​យក​កាត​គ្រី និង​ប័ណ្ណ​បើក​បរ​ដាក់​តាម​ខ្លួន​ពេល​ដែល​បើកបរ។ គេ​នាំ​គ្នា​និយាយ​បន្ថែម​ថា បើ​អ៊ីចឹង ម៉េច​មិន​ឲ្យ​យក​សំបុត្រ​កំណើត សំបុត្រ​មរណភាព​តាម​ខ្លួន​ដែរ​ទៅ។ តើ​មាន​ដែល​ឆ្ងល់​ទេ​ថា ហេតុអ្វី​បាន​ជា​គេ​បង្កើត​កាត​គ្រី​ហ្នឹង​មក?​ កាត​គ្រី ឬ Registration គឺ​គេ​ប្រើ​ដើម្បី​បញ្ជាក់​ថា តើ​អ្នក​ណា​ជា​ម្ចាស់​របស់​យាន​យន្ត​នោះ។ ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​គេ​ចង់​ឲ្យ​ដាក់​កាត​ស្អី​គេ​ហ្នឹង​តាម​ខ្លួន? ដើម្បី​បញ្ជាក់​ថា យាន​យន្ត​ហ្នឹង​ជា​របស់​យើង ហើយ​យើង​មិន​បាន​លួច​គេ។

បើ​និយាយ​តាម​ទ្រឹស្តី​វិញ នៅ​ពេល​ដែល​យើង​បាត់​យាន​យន្ត កាត​គ្រី​នេះ​ហើយ ដែល​នាំ​ឲ្យ​ប៉ូលីស​ជួយ​រក​យាន​យន្ត​យើង​មក​វិញ ពេល​ដែល​យើង​បាត់​យាន​យន្ត ប៉ុន្តែ​ខ្ញុំ​ក៏​យល់​ដែរ​ថា ប្រទេស​ខ្មែរ​យើង​ប្រហែល​ជា​មិន​មាន​ប្រសិទ្ធិភាព​ដល់​ថ្នាក់​ហ្នឹង​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ឆ្ងល់​វិញ តើ​ហេតុអ្វី​បាន​ជា​មិន​ចង់​ទៅ​ធ្វើ​កាត​គ្រី​ហ្នឹង? ធ្វើ​ទៅ​អស់​លុយ​មែន តែ​វា​មិន​មែន​អត់​ប្រយោជន៍​ឯណា? យ៉ាង​ហោច​ណាស់ ក៏​អាច​ប្រើ​ពេល​បាត់​សំបុត្រ​ម៉ូតូ​ដែរ។ ខ្លាច​អស់​លុយ​មែន? ចុះ​លុយ​ដែល​យើង​ចំណាយ​លើ​អ្វី​ដែល​មិន​ចាំ​បាច់​រាល់​ថ្ងៃ រំលែក​វា​យក​មក​ធ្វើ​បន្តិច​ទៅ។ អត់​មាន​ពេល? ធ្វើ​កាត​គ្រី​ ​ត្រូវ​ទៅ​ចាំ​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ? បើ​ធ្វើ​ហើយ តើ​យក​តាម​ខ្លួន​ពិបាក​ប៉ុណ្ណា? បើ​ធ្វើ​ហើយ តែ​យក​ទៅ​ដាក់​ហិប​ ចាក់​សោរ​២០​ជាន់​ ធ្វើ​ ធ្វើ​អី? ខ្ញុំ​ទម្លាប់​យក​អត្តសញ្ញាណ​ប័ណ្ណ ប័ណ្ណ​បើកបរ កាត​សមាជិក និង​កាត​ផ្សេងៗ​តាម​ខ្លួន ព្រោះ​ពេល​ខ្លះ​ត្រូវ​ការ​ប្រើ។ ម៉្យាង ក្រែង​លោ​សន្លប់​នៅ​កន្លែង​ណា មាន​គេ​ស្គាល់​អត្ត​សញ្ញាណ។ ខ្លាច​បាត់? ចុះ​លុយ​ដែល​យក​តាម​ខ្លួន​ហ្នឹង អត់​ខ្លាច​បាត់​ទេ​ឬ? ហើយ​បើ​ខ្លាច​បាត់ យក​តាម​ខ្លួន​ដែរ​ធ្វើ​អ្វី?

Credit: worldorphanfund.org.au

នៅ​ប្រទេស​ផ្សេង (ឧទាហរណ៍ ប្រទេស​អាមេរិក) អ្នក​បើក​បរ​ចាំ​បាច់​ត្រូវ​យក​ប័ណ្ណ​បើក​បរ កាត​គ្រី និង​កាត​ធានា​រ៉ាប់រង​តាម​ខ្លួន។ បើ​ពេល​ដែល​ប៉ូលីស​ឃាត់ ហើយ​មិន​មាន​ប័ណ្ណ​បើកបរ កាត​គ្រី​ទេ ប៉ូលីស​អាច​នឹង​ផាក​ដល់​រាប់​រយ​ដុល្លារ។ ប្រទេស​គេ គេ​ធ្វើ​យូរ​ហើយ ហេតុ​អ្វី​បាន​ជា​យើង​មក​នាំ​គ្នា​ផ្អើល​ដូច​ច្បាប់​ចែង​ឲ្យ​យក​ជ្រូក​ហោះ​តាម​ខ្លួន​អ៊ីចឹង?
និយាយ​ពី​ប័ណ្ណ​បើកបរ​វិញ។ ខ្ញុំ​ដឹង​ថា ប័ណ្ណ​បើក​បរ​ស្រុក​ខ្មែរ​ស្រួល​យក​ណាស់ ពេល​ខ្លះ​គ្រាន់​តែ​បង់​លុយ​ក៏​បាន​ដែរ។ ប៉ុន្តែ​បើ​និយាយ​ទៅ​វិញ យ៉ាង​ហោច​ណាស់ ក៏​គួរ​តែ​ជាន់​សាលា​បើកបរ​បន្តិច​ដែរ។ ពេល​ខ្ញុំ​ជិះ​តាម​ផ្លូវ​ម្តងៗ ដូច​ផ្សង​ព្រេង​ក្នុង​រឿង។ ត្រូវ​មើល​មុខ មើល​ក្រោយ មើល​ឆ្វេង មើល​ស្តាំ មើល​លើ ហើយ​មើល​ក្រោម​ទៀត។ បើ​និយាយ​តាម​ត្រង់ មនុស្ស​ដែល​ជិះ​តាម​ផ្លូវ​ភាគ​ច្រើន ចេះ​តែ​ទាញ​ម៉ូតូ ទាញ​ឡាន ចេញ​ពី​ផ្ទះ ជាន់​ហ្គ៊ែរ​ហើយ​ទៅ​មុខ​ទេ។ ទៅ​រៀន​បើកបរ យក​ប័ណ្ណ​បើកបរ​មក​ដាក់​តាម​ខ្លួន​ខ្លះ​ទៅ។ បើ​មិន​ចេះ​បើកបរ​ល្អ​ណាស់​ណា​ទេ យ៉ាង​ហោច​ណាស់​ក៏​បាន​ស្គាល់​សញ្ញា​ចរាចរណ៍ ឬ​ច្រើន​បំផុត ក៏​បាន​ស្គាល់​ភ្លើង​ចរាចរណ៍​ដែរ។ វា​មាន​បី​ពណ៌។ ហើយ​ពេល​វា​ចេញ​ពណ៌​ក្រហម យើង​ឈប់។ ទោះ​បី​អត់​មាន​មនុស្ស ក៏​យើង​ឈប់​ដែរ លុះ​ត្រា​ណា​តែ​យើង​ខ្វាក់​ពណ៌។ ខ្ញុំ​ធ្លាប់​ច្រើន​ដង​ហើយ ដែល​ពេល​ភ្លើង​ស្តុប​ពណ៌​ក្រហម ផ្លូវ​អត់​មាន​មនុស្ស មាន​តែ​ខ្ញុំ​ទេ​ដែល​ឈប់។ គេ​នាំ​គ្នា​ជិះ​ទៅ​អស់។ ប្រទេស​យើង​ពូកែ​ណាស់ ពណ៌​អី​ក៏​មើល​ឃើញ​ពណ៌​បៃតង​ដែរ។

រឿង​មួយ​ទៀត។ ខ្ញុំ​ឃើញ​បង​ស្រី​ម្នាក់ គាត់​និយាយ​ថា ប៉ូលីស​ផាក​គាត់​ដោយ​ឡាន​គាត់​បើកបរ​លើស​ចំណុះ មាន​ន័យ​ថា ឡាន​គាត់​ត្រូវ​ជិះ​ខាង​ក្រោយ​បាន​តែ​៣​នាក់​ទេ តែ​គាត់​ដាក់​ដល់​ទៅ​៤​នាក់។ ប៉ូលីស​ផាក​គាត់​អស់​២​ម៉ឺន​៥​ពាន់។ មាន​មនុស្ស​ជា​ច្រើន​បាន​រិះ​គន់​ថា​ធ្វើ​អ៊ីចឹង​មិន​សម ទេ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​យ៉ាង​ម៉េច​មុន​ទេ។ សួរ​ដល់​អ្នក​ដែល​ធ្លាប់​ជិះ​ឡាន​វិញ។ ពេល​ដែល​ចូល​ក្នុង​ឡាន មាន​ឃើញ​ខ្សែ​ពណ៌​ខ្មៅ​នៅ​ជាប់​កៅអី ដែល​មើល​ទៅ​ដូច​ខ្សែ​ក្រវ៉ាត់​ទេ? អា​ហ្នឹង​គេ​ហៅ​ថា «ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព»។

Credit: www.hk-phy.org
ពេល​យើង​ជិះ​ឡាន យើង​ពាក់​អា​ខ្សែ​ហ្នឹង​ជាប់​ខ្លួន​ទៅ វា​អាច​ជួយ​ជីវិត​យើង​បាន។ នៅ​ក្នុង​ឡាន គេ​មាន​កំណត់​ចំនួន​ខ្សែ​ក្រវ៉ាត់​នេះ ដែល​មាន​ន័យ​ថា ចំនួន​មនុស្ស​ក្នុង​ឡាន​មិន​គួរ​លើស​ពី​ចំនួន​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ទេ។ មាន​ដឹង​ថា​ហេតុ​អី​ទេ? បើ​ខ្សែ​ក្រវ៉ាត់​មាន​តែ​៣ តែ​យើង​ដាក់​មនុស្ស​៤​នាក់ មាន​ន័យ​ថា​មនុស្ស​ម្នាក់​ត្រូវ​ជិះ​ដោយ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់។ អ៊ីចឹង​មាន​ន័យ​ថា បើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ឡាន​ក្រឡាប់ ម្នាក់​នោះ​ហើយ ដែល​មាន​កាស​ស្លាប់​ឬ​របួស​ច្រើន​ជាង​គេ។ អ្នក​ផលិត​ឡាន គេ​វាស់​វែង​អស់​ហើយ។ មិត្ត​ភក្តិ​ខ្ញុំ​នៅ​អាមេរិក ពេល​ចូល​ជិះ​ឡាន​ម្តងៗ បើ​មិន​ដាក់​ខ្សែ​ក្រវ៉ាត់​ទាំង​អស់​គ្នា​ទេ គេ​មិន​ព្រម​បើក​ទេ។ ឲ្យ​យល់​ខ្លះ​ផង។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ បើ​មាន​មនុស្ស​លើស​ចំណុះ អ្នក​បើក​ឡាន​អាច​នឹង​មើល​កញ្ចក់​ក្រោយ ​ឬ​កញ្ចក់​ចំហៀង​មិន​ឃើញ​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ពួក​គាត់​បើក​ឡាន​យ៉ាង​ម៉េច​ទេ តែ​ខ្ញុំ​មិន​ចេះ​បើក​ឡាន​ទាំង​មើល​មិន​ឃើញ​ជុំវិញ​ខ្លួន​ទេ។ បើ​មើល​មិន​ឃើញ ពេល​បត់​ធ្វើ​ម៉េច? ពេល​ថយ​ក្រោយ​ធ្វើ​ម៉េច? អ្នក​ខ្លះ​ថា៖ «គ្រាន់​តែ​ជិះ​មួយ​ភ្លែត វា​មិន​ទៅ​ស្អី​ទេ»។ ខ្ញុំ​សួរ​ទៅ​វិញ ចុះ​អ្នក​ដែល​ស្អី​រាល់​ដង​ហ្នឹង ពេល​គេ​ចេញ​ពី​ផ្ទះ គេ​មាន​ដែល​គិត​ថា​នឹង​មាន​រឿង​កើត​ឡើង​ទេ? អ្នក​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍ ពេល​ចេញ​ពី​ផ្ទះ គាត់​ដែល​គិត​ថា​នឹង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទេ? គាត់​ប្រហែល​ជា​ក៏​បាន​និយាយ​ថា៖ «តែ​មួយ​ភ្លែត​ វា​គ្មាន​ទៅ​ស្អី​ទេ»។

ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​របស់​ប្រទេស​អង់គ្លេស​មួយ។ ពេល​ដែល​ចេញ​ទៅ​ណា ប្រសិន​បើ​អ្នក​ដំណើរ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់ អ្នក​ដែល​ត្រួត​ពិនិត្យ​គឺ​មិន​ឲ្យ​ចេញ​ឡាន​ទេ។ បើ​ឡាន​សម្រាប់​តែ​មនុស្ស​២០​នាក់​ជិះ គឺ​ចំនួន​មនុស្ស​ក្នុង​ឡាន​ត្រូវ​តែ​២០​នាក់​ឬ​តិច​ជាង​នេះ។ មិន​មាន​ករណី​លើក​លែង​ទេ ព្រោះ​វា​ជា​ជីវិត​របស់​មនុស្ស។

ចំពោះ​អ្នក​បើកបរ​ទាំងអស់ ពេល​ដែល​អ្នក​បើក​បរ តើ​អ្នក​មាន​ដែល​គិត​ទេ​ថា ជីវិត​អ្នក​ជិះ​ទាំង​អស់​កំពុង​តែ​នៅ​ក្នុង​ដៃ​អ្នក? អ្នក​ខ្លះ​លើក​ករណី​ថា ចុះ​ចំពោះ​អ្នក​ដែល​មាន​សមាជិក​ច្រើន​វិញ? ខ្ញុំ​សួរ​វិញ​ថា តើ​អ្នក​ចង់​ប្រថុយ​ជីវិត​របស់​សមាជិក​គ្រួសារ​អ្នក​ប៉ុណ្ណា? ដាក់​មនុស្ស​១០​នាក់​ក្នុង​ឡាន​ក៏​បាន​ដែរ។ តែ​សួរ​ថា ពេល​ដាក់​ទៅ អត់​មាន​ប៉ះពាល់​នឹង​ដំណើរ​ការ​របស់​ឡាន (the cars performance)​នោះ​ឬ? បើ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ កុំ​ភ្លេច​ណា​ថា មនុស្ស​ទាំង​១០​នាក់​ក្នុង​ឡាន​នោះ​អាច​នឹង​របួស ឬ​ស្លាប់​ទាំង​អស់​គ្នា។ ខ្ញុំ​ឃើញ​ច្រើន​ហើយ។​ ដែល​លឺ​ពាក្យ​ថា៖ «ការពារ​ប្រសើរ​ជាង​ព្យាបាល» ទេ? យ៉ាង​ច្រើន ទិញ​កង់​ជិះ​ទៅ។ ខ្ញុំ​ជិះ​កង់​រាប់​ឆ្នាំ​ហើយ មិន​ដែល​ឃើញ​អី​ផង។ អត់​អស់​លុយ​ច្រើន ហើយ​ជួយ​បរិស្ថាន​ទៀត។
Credit: tvtropes.org

ខ្មែរ​យើង​ចូល​ចិត្ត​និយាយ​ថា ប្រទេស​យើង​ហេតុ​អ្វី​មិន​រីក​ចម្រើន​ដូច​គេ មិន​ជឿន​លឿន​ដូច​គេ? តែ​ពេល​ដែល​ប្រទេស​ចាប់​យក​ច្បាប់​ដូច​ប្រទេស​អភិវឌ្ឍន៍ យើង​នាំ​គ្នា​រិះ​គន់ ព្រោះ​យើង​មិន​ចង់​ធ្វើ ព្រោះ​វា​ពិបាក ព្រោះ​យើង​ខ្ជិល។ ចង់​ឲ្យ​ចរាចរណ៍​ល្អ​ជាង​នេះ តែ​ម្នាក់ៗ​មិន​ព្រម​ធ្វើ​អ្វី​ទេ។ នៅ​តែ​ប្រកាន់​ទម្លាប់​ដដែល។ Einstein និយាយ​ថា៖ «ភាព​ល្ងី​ល្ងើ​គឺ​ធ្វើ​អ្វី​ដដែលៗ តែ​រំពឹង​ទុក​ថា​លទ្ធផល​នឹង​កែ​ប្រែ»។ ច្បាប់​ថ្មី​នេះ​ អាច​ឬ​មិន​អាច​ជួយ​ចរាចរណ៍​យើង ប៉ុន្តែ​បើ​យើង​នៅ​តែ​ប្រកាន់​ទម្លាប់​ដូច​ពី​មុន យើង​គិត​ថា​ចរាចរណ៍​នឹង​កែ​ម៉េច? ត្រូវ​ចាំ​ថា យើង​ក៏​ជា​អ្នក​រួម​ចំណែក​មួយ​ដែរ។ អ្នក​ជិះ​នៅ​លើ​ផ្លូវ​មាន​តែ​ពួក​យើង​ហ្នឹង។ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​មិន​មែន​ឥត​ខ្ចោះ​ទេ។ ពេល​ខ្លះ​ក៏​ខ្ញុំ​បើក​ឡាន​លើស​ចំណុះ​ដែរ តែ​បើ​ប៉ូលីស​ចាប់​ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ខុស​មក​ពី​ខ្ញុំ។ ខ្ញុំ​មិន​អាច​ទៅ​បន្ទោស​ប៉ូលីស​កើត​ទេ។

ប៉ុន្តែ​បើ​បក​មក​វិញ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ការ​ផាក​ពិន័យ​នេះ អាច​នឹង​ថ្លៃ​ពេក​សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន ហើយ​លុយ​ដែល​បាន​មក​នោះ ក៏​ប្រហែល​ជា​មិន​បាន​យក​មក​ជួយ​ជាតិ​ច្រើន​ណាស់​ណា​ដែរ។ ប្រទេស Third World Country ដូច​យើង ជួប​ផល​លំបាក​អ៊ីចឹង​ហើយ។ តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ គឺ​ឲ្យ​ធ្វើ​តាម​ច្បាប់​នោះ​ទៅ វា​មិន​ខាត​ទេ វា​អាច​ជួយ​ជីវិត​យើង​ទៀត។ តែ​បើ​យើង​គោរព​គ្រប់​ចំណុច​ហើយ ប៉ូលីស​នៅ​តែ​មាន​លេស​មក​ផាក​ពិន័យ​ទៀត រឿង​នោះ​ចាំ​យើង​និយាយ​ពេល​ក្រោយ​ទៀត។

Reference: 

Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

A Letter to Dreamers: Just Keep Swimming

Snow Cookies - Short Story