បើកើតមកជាជនជាតិវៀតណាម ធ្វើអ្វីក៏ខុសដែរ



កាលពីម្សិលមិញ ខ្ញុំបានឃើញព័ត៌មានមួយទាក់ទងនឹងស្រ្តីម្នាក់ដែលបានខាំ​​ណ្តាត ​​សម្លាប់ខ្លួន​​ក្នុងរថយន្ត​​ដោយសារតែ​​ទំនាស់​ជាមួយ​នឹង​ប្តី​របស់​គាត់។ ព័ត៌មាន​នោះ​បាន​បញ្ជាក់​ទៀត​ថា ស្រ្តីម្នាក់​នោះ​គឺ​ជា​ជនជាតិ​វៀតណាម។ ខ្ញុំ​គ្រាន់​តែ​ឃើញ​អត្ថបទ​នោះ​ហើយ ខ្ញុំ​ក៏​ដឹង​ភ្លាម​ថា ច្បាស់​ជាមាន​អ្នក​មក Comment ថា​ឲ្យ​គាត់ ដោយ​សារ​តែ​គាត់​ជា​ជនជាតិ​វៀតណាម​ហើយមើល​ទៅ។ ដល់ថ្ងៃ​នេះ មិត្តភក្តិ​ខ្ញុំ​ម្នាក់​បាន​បង្ហោះ Screenshot Comments ទាំង​នោះ​នៅ​លើ Facebook មែន។


ពេល​ដែល​ខ្ញុំ​ឃើញ​រូប​ហ្នឹង​ហើយ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​សើច​ហួស​ចិត្ត ឬ​ក៏​យំ​អាណិត​ព្រោះ​តែ​ការ​ខ្វះ​មនុស្ស​ធម៌​របស់​អ្នក​ទាំង​នោះ​ទេ។ ការ​រើស​អើង​ជាតិ​​សាសន៍​បែប​នេះ ខ្ញុំ​ឃើញ​សឹង​តែ​រាល់​ថ្ងៃ​ទៅ​ហើយ មិន​ថា​នៅ​តែ​ប្រទេស​ខ្មែរ​ទេ។ តែ​ទោះ​ជា​ឃើញ​រាល់​ថ្ងៃ​បែប​នេះ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​យល់​ថា តើ​អ្នក​ទាំង​អស់​នោះ​គិត​បែប​ណា​បាន​ជា​ទៅ​ប្រើ​សំដី​បែប​នោះ​ដាក់​មនុស្ស​ដូច​គ្នា?

ពេល​ដែល​ឃើញ​មនុស្ស​ម្នាក់​​សម្លាប់​ខ្លួន ពួក​គាត់​បែរ​ជា​ទៅ​និយាយ​ថា​ជប់​លៀង​អបអរ​ដែល​គាត់​បាន​ស្លាប់ ហើយ​ឲ្យ​យក​សព​របស់​ស្រ្តី​នោះ​ទៅ​កប់​នៅ​វៀតណាម​ទៅ មិន​ឲ្យ​នៅ​ខ្មែរ​ទេ។ ខ្ញុំ​ឆ្ងល់​ណាស់ តើ​គាត់​បាន​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​នោះ? តើ​អ្នក​ស្គាល់​គាត់​អត់ បាន​ជា​ទៅ​សប្បាយ​រីករាយ​ខណៈ​ពេល​ ដែល​មនុស្ស​ម្នាក់​មាន​ទុក្ខ​រហូត​ដល់​គេ​ទ្រាំ​មិន​បាន​ហើយ​សម្លាប់​ខ្លួន​បែប​នេះ? តើ​អ្នក​មាន​ដឹង​ពី​ជីវិត​គាត់​ទេ? ហើយ​សួរ​តាម​ត្រង់​ចុះ​ ហេតុ​អ្វី​បាន​ជា​ស្អប់​គាត់? ដោយ​សារ​តែ​គាត់​ជា​ជនជាតិ​វៀតណាម​ឬ? តើ​ជនជាតិ​វៀតណាម​ហ្នឹង មាន​ដែល​ធ្វើ​អ្វី​ដាក់​អ្នក​មែន?

បើ​និយាយ​ពី​រឿង​ហ្នឹង អ្នក​ខ្លះ​ច្បាស់​ជា​និយាយ​មក​វិញ​ហើយ​ថា៖ «ពួក​យួន​ហ្នឹង វា​យក​ដី​ខ្មែរ! វា​ងាប់​អ៊ីចឹង សម​មុខ​វា​ហើយ សួរ​ថា តើ​អ្នក​ណា​ជា​អ្នក​លួច​ដី​ឲ្យ​ប្រាកដ? តើ​ប្រជា​ពលរដ្ឋ​វៀតណាម​ទាំង​ជិត​៩០​លាន​នាក់​ហ្នឹង ពួក​គាត់​យក​បង្គីរ​ម្នាក់​មួយ ដើរ​ដល់​ព្រំដែន​ហើយ​ចូក​យក​ដី​យើង​ម្នាក់​មួយ​បង្គីរ​មែន? ព្រោះ​តែ​ទង្វើ​របស់​រដ្ឋាភិបាល​ឬ​មនុស្ស​មួយ​ក្រុម (ហើយ​ខ្ញុំ​ក៏​មិន​មែន​និយាយ​ថា​រដ្ឋាភិបាល​វៀតណាម​ជា​អ្នក​ខុស ឬ​ជា​អ្នក​ត្រូវ​ទេ) តើ​សម​អត់​ដែល​យើង​ទៅ​ដាក់​ទោស ហើយ​ស្អប់​ដល់​ប្រជាពលរដ្ឋ​មួយ​ប្រទេស? មាន​ដែល​គិត​អត់​ថា ពួក​គាត់​ភាគ​ច្រើន​គ្រាន់​តែ​ចង់​រស់​ដូច​តែ​ពួក​យើង​ទេ?

ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ​មុន ខ្ញុំ​បាន​ស្គាល់​មិត្តភក្តិ​ម្នាក់​ដែល​គាត់​មក​ពី​ប្រទេស​វៀតណាម។ ពួក​យើង​ធ្វើ​ការងារ​ស្មគ្រ​ចិត្ត​នៅ​សាលា​ជាមួយ​គ្នា ហើយ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ជួយ​គេ ជា​មនុស្ស​ចិត្ត​ល្អ ហើយ​ចូលចិត្ត​និយាយ​លេង​ទៀត។ បើ​និយាយ​ទៅ គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​តូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប ហើយ​ចូល​ចិត្ត។ នៅ​ពេល​ដែល​យើង​ដើរ​ទៅ​ណា​ជាមួយ​គ្នា គាត់​ថែម​ទាំង​ជួយ​បើក​ទ្វារ​ឲ្យ​ខ្ញុំ​ទៀត។ សួរ​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ខ្មែរ​ដែល​បើក​ទ្វារ​ឲ្យ​មនុស្ស​ស្រី​ទៅ​មុនសូម្បី​តែ​សង្សារ​ខ្ញុំ​ក៏​មិន​ធ្វើ​អ៊ីចឹង​ឲ្យ​ខ្ញុំ​ផង។

មាន​មនុស្ស​មួយ​ចំនួន​បោះ​សំដី​មក​ថា អ្នក​ដែល​កើត​មក​ជា​ជាតិ​ខ្មែរ​គឺ​បាន​ធ្វើ​បុណ្យ ហើយ​អ្នក​ធ្វើ​បាប​គឺ​កើត​មក​ជា​ជាតិ​វៀតណាម។ តើ​ចេះ​មក​ពី​ណា? ហើយ​ចុះ​ជាតិ​សាសន៍​ដទៃ តើ​ពួក​គាត់​ធ្វើ​បុណ្យ ​ឬ​បាប​ដល់​កម្រិត​ណា​បាន​ជា​កើត​មក​ជា​ជាតិ​អាមេរិក ឥណ្ឌា ម៉ាឡេ? ហេតុអ្វី​បាន​ជា​ទាល់​តែ​មាន​បុណ្យ​បាន​កើត​ជា​ខ្មែរ? តើ​ខ្មែរ​យើង​សព្វ​ថ្ងៃ​ធ្វើ​អ្វី​បាន​ខ្លះ​ហើយ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រទេស​ដទៃ? តើ​ប្រទេស​ខ្មែរ​ជា​ប្រទេស​ដែល​ស្រួល​ រស់​នៅ​ជាង​គេ​ឬ​បាន​ជា​ទាល់​តែ​អ្នក​មាន​បុណ្យ​បាន​កើត​នៅ​ទី​នេះ​បាន?

ខ្ញុំ​ធ្លាប់​លឺ​អ្នក​ខ្លះ​និយាយ​ថា ពួក​គេ​ស្អប់​ជន​ជាតិ​វៀតណាម ព្រោះ​ពួក​គាត់​កើត​មក​ជា​វៀតណាម។ ហ៊ឹមមម...តែ​មាន​ដែល​គិត​មក​វិញ​អត់​ថា មនុស្ស​យើង​មិន​មែន​អាច​ជ្រើសរើស​ថា​កើត​នៅ​ប្រទេស​ណា​បាន​នោះ​ទេ។ មិន​មែន​មុន​ពេល​ដែល​ស្ពែម​ប៉ា​ខ្ញុំ ជួប​នឹង​អូវុល​ម៉ាក់​ខ្ញុំ ខ្ញុំ​មាន​ប៊ូតុង​មួយ​នៅ​កន្លែង​នោះ​ដើម្បី​ចុច​ជ្រើស​រើស​យក​ប្រទេស និង​ជាតិ​សាសន៍​ដែល​ខ្ញុំ​ចង់​កើត​ទេ។ ចុះ​អ្នក​ដែល​និយាយ​នោះ​វិញ? មុន​ពេល​អ្នក​កើត តើ​អ្នក​បាន​ជ្រើស​រើស​យក​ប្រទេស​ខ្មែរ​មែន?
ជនជាតិជីហ្វនៅពេលសង្គ្រាមលោកលើកទី២ 

សាក​ស្រមៃ​អញ្ចេះ​វិញ​ម្តង បើ​សិន​ជា​មាន​ជាតិ​សាសន៍ «» មួយ ដែល​ពួក​គាត់​ស្អប់​ជាតិ​សាសន៍ «» ណាស់។ «» មាន​គំនិត​មួយ​គិត​ថា «» ជា​ជាតិ​សាសន៍​ថោក​ទាប ដូច​សត្វ​កណ្តុរ​ដែល​ជា​សត្វ​ចង្រៃ។ ដល់​ថ្ងៃ​មួយ​នោះ «» បាន​ចេញ​ជា​គម្រោង​​បោក​ប្រាស់ «» ហើយ​ប្រមូល​ពួក​គាត់​ចូល​ទៅ​ក្នុង​ជំរុំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង និង​សម្លាប់​ដោយ​មិន​មាន​មូល​ហេតុ​ទៀត។ ក្នុង​រយៈ​ពេល​ជាង​​ឆ្នាំ «» បាន​សម្លាប់​ជាតិ​សាសន៍ «» អស់​៦​លាន​នាក់។ តើ​មនុស្ស​ជាង​៦​លាន​នាក់​នោះ​មាន​បាន​ធ្វើ​អ្វី​ខុស​ក្រៅ​ពី​កើត​មក​ជា​ជនជាតិ​ជីហ្វ (Jews) ? បើ​អ្នក​គិត​ថា​ មនុស្ស​ដែល​កើត​មក​ចំ​ជាតិ​សាសន៍​ដែល​មិន​សូវ​មាន​បុណ្យ ​គឺ​សម​តែ​ស្លាប់ អ៊ីចឹង​មាន​តែ​អ្នក​គិត​ថា​អ៊ីត្លែរ (Hitler) បង្ក​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី​២​នោះ​ក៏​ជា​រឿង​ត្រឹម​ត្រូវ​ដែរ មែន​ទេ?

ខ្ញុំ​សុំ​បញ្ជាក់​ថា ខ្ញុំ​និយាយ​នេះ​មិន​មែន​កាន់​ជើង​ថា​ ជនជាតិ​វៀតណាម​គឺ​សុទ្ធ​តែ​ល្អ​ផូផង់​ទាំង​អស់​ទេ។ ខ្ញុំ​ក៏​ធ្លាប់​បាន​ជួប​ជនជាតិ​វៀតណាម​ដែល​ដើរ​លួច​គេ ឬ​សម្លាប់​ធ្វើ​បាប​គេ​ដែរ។ ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា មុន​នឹង​យើង​វាយ​តម្លៃ​មនុស្ស​ម្នាក់ ឬ​គិត​ថា​ជីវិត​មនុស្ស​ម្នាក់​គ្មាន​តម្លៃ កុំ​ភ្លេច​គិត​មក​វិញ​ផង​ថា បើ​យើង​មិន​ស្គាល់​គេ​ទេ យើង​គ្មាន​សិទ្ធិ​ក្នុង​ការ​វាយ​តម្លៃ​គេ​ទេ។ យើង​មិន​ស្គាល់​ពី​ជីវិត​គេ យើង​មិន​ស្គាល់​ពី​អត្តចរិក​គេ ហើយ​យើង​ក៏​មិន​ដឹង​ថា គេ​បាន​ធ្វើ​អ្វី​ខ្លះ​ដែរ។ ជាតិ​សាសន៍​មិន​អាច​បង្ហាញ​ពី​លក្ខណៈ​របស់​មនុស្ស​ម្នាក់​បាន​ទេ។ សូម​យក​រឿង​នេះ​មក​ទុក​ក្នុង​ខួរ​ក្បាល​ខ្លះ​ផង មុន​នឹង​វាយ​តម្លៃ ឬ​ស្អប់​អ្នក​ណា​មួយ។ ឧទាហរណ៍​ថា បើ​គាត់​គ្រាន់​តែ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ព្យាយាម​រក​លុយ​ចិញ្ចឹម​គ្រួសារ និង​ឲ្យ​កូន​រៀន តើ​គាត់​ខុស​អ្វី​ដែរ? តើ​គាត់​មាន​ពេល​មក​លួច​ដី​យើង​ដែរ​ឬ បើ​គាត់​រក​លុយ​ចិញ្ចឹម​គ្រួសារ​សឹង​តែ​មិន​រស់​ផង​ហ្នឹង?

បើ​មើល​ដល់ ប្រវត្តិ​សាស្រ្ត​ខ្មែរ​ឲ្យ​ច្បាស់ យើង​ក៏​មិន​មែន​មិន​ដែល​រំលោភ​បំពាន​គេ​ទេ។ តែ​អ្វី​ដែល​សំខាន់​គឺ ទោះ​បីជា​ខឹង​នឹង​រឿង​អតីត​កាល​ដល់​ណា ក៏​វា​នៅ​តែ​ជា​អតីត​កាល​ដែរ។ មិន​មែន​ដើរ​តួ​កំសត់ ធ្វើ​ជា​អ្នក​រង​គ្រោះ​នោះ​បាន​អ្វី​មក​វិញ​ទេ។ បើ​ខឹង​ណាស់ បើ​ចង់​ឈ្នះ​ណាស់ បើ​ចង់​ជួយ​ជាតិ​ណាស់ ម៉េច​ក៏​មិន​ចំណាយ​ពេល​ទៅ​ធ្វើ​អ្វី​ល្អ​វិញ​ទៅ? ចាំ​បាច់​ចំណាយ​កម្លាំង​មក​ស្អប់​គេ​ធ្វើ​អី? បាន​អ្វី​មក​វិញ? តើ​ម្នាក់ៗ​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃៗ​មក​ស្អប់ និង​ឈ្នានីស​គេ? ហើយ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​មក​ធ្វើ​អ្វី​ល្អ​សម្រាប់​សង្គម? យក​ពេល​នោះ​ទៅ​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ជួយ​ពិភពលោក និង​ធ្វើ​បុណ្យ​ខ្លះ​ទៅ។ ប្រយ័ត្ន​បុណ្យ​មិន​ដល់ ជាតិ​ក្រោយ​មិន​បាន​កើត​មក​ជា​ខ្មែរ​ទៀត។

Comments

  1. Well some people is too much criticise

    ReplyDelete
  2. Well done! សង្ឃឹមថាអត្ថបទមួយនេះ នឹងមានអ្នកអានច្រើន។ រាល់ថ្ងៃប្រទេសយើង
    សំបូរដោយអ្នក "ស្នេហាជាតិ" បែបជ្រុលនិយម។ តែបើតាមគំនិតខ្ញុំ ពួកគាត់គឺជាពួក
    ដែលមានគំនិតតូចចង្អៀតច្រើនជាង។

    ReplyDelete

Post a Comment

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

A Letter to Dreamers: Just Keep Swimming

Snow Cookies - Short Story