អ្នកមានបញ្ហាផ្លូវចិត្ត មិនមែនជាមនុស្សឆ្កួតទេ



កាល​ពី​ម្សិល​មិញ «សារ​ព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ» បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា៖ «រោគ​សញ្ញា​ប្លែកៗ មុន​ក្លាយ​ជា «មនុស្ស​ឆ្កួត»។» ប្រទេស​ខ្មែរ​យើង​មាន​មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន តែ​មក​ដល់​ពេល​នេះ​ហើយ មនុស្ស​ភាគ​ច្រើន​នៅ​តែ​មិន​យល់​ថា ជំងឺ​ផ្លូវ​ចិត្ត​ជា​អ្វី​ ហើយ​ចេះ​តែ​នាំ​គ្នា​ហៅ​ថា​ជា «មនុស្ស​ឆ្កួត»។ 

នៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ លោក​ផាន់ ចាន់​ពៅ ដែល​ជា​សាស្រ្តចារ្យ​ផ្នែក​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​អ្នក​ជំនាញ។ ខ្ញុំ​ធ្លាប់​បាន​រៀន​មុខ​វិជ្ជា​ចិត្ត​វិទ្យា​អស់​រយៈ​ពេល​១​ឆ្នាំ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​ឈប់​ដោយ​សារ​គ្រូ​ដែល​បង្រៀន​មុខ​វិជ្ជា​នោះ បើ​និយាយ​តាម​ត្រង់ គឺ​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្រៀន​មុខ​វិជ្ជា​ដែល​ស៊ាំ​ញ៉ាំ​បែប​នេះ​ទេ។ ជាក់​ស្តែង​ផ្ទាល់ គឺ​លោក​ផាន់ ចាន់​ពៅ។ 

ចាប់​ផ្តើម​សម្ភាសន៍​ភ្លាម លោក​ផាន់ ចាន់​ពៅ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ «ឆ្កួត» ​គឺ​មក​ពី​កត្តា​ដូច​ជា ខ្លួន​ឯង គ្រួសារ និង​សង្គម។ គាត់​រៀន​ខាង​ចិត្ត​វិទ្យា​រាប់​សិប​ឆ្នាំ​ហើយ ធ្វើ​ជា​ពេទ្យ​ចិត្ត​វិទ្យា​ក៏​ច្រើន​ឆ្នាំ​ដែរ ហេតុអ្វី​បាន​ជា​មិន​បញ្ជាក់​ថា មូល​ហេតុ​មួយ​ដែល​ធំ គឺ​ដោយ​សារ​តែ​តំណ​ពូជ? ហេតុអ្វី​បាន​ជា​ថា​មក​ពី​ខ្លួន​ឯង? តើ​អ្នក​កើត​ជំងឺ​ផ្លូវ​ចិត្ត​ហ្នឹង ចង់​កើត​មែន? គាត់​ធ្វើ​ឲ្យ​ខ្លួន​ឯង​កើត​មែន? បើ​តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​អាន ធ្លាប់​ដឹង បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត គឺ​មក​ពី​តំណ​ពូជ បរិយាកាស​រស់​នៅ និង​សារ​ធាតុ​គីមី​ផ្សេងៗ​នៅ​ក្នុង​ខួរ​ក្បាល

បន្ទាប់​មក គាត់​និយាយ​ថា ជំងឺ​ផ្លូវ​ចិត្ត​មិន​មាន​រោគ​សញ្ញា​ផ្លូវ​កាយ​ទេ។ តើ​ដឹង​មក​ពី​ណា? ការ​ស្រាវ​ជ្រាវ​ក្រោយៗ​បាន​បង្ហាញ​ថា រោគ​សញ្ញា​ផ្លូវ​ចិត្ត និង​រោគ​សញ្ញា​ផ្លូវ​កាយ គឺ​ពាក់​ព័ន្ធ​គ្នា​ណាស់។ WHO បាន​និយាយ​ថា៖ «មិន​មាន​សុខភាព​ណា​ដោយ​មិន​មាន​សុខភាព​ផ្លូវ​ចិត្ត​ទេ»។ (There is no health without mental health.)  

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ តែ​ជំងឺ​ផ្លូវ​ចិត្ត​ក៏​មាន​រោគ​សញ្ញា​ផ្លូវ​កាយ​ដែរ តាម​រយៈ​ការ​ស្កេន​ខួរ​ក្បាល Neuroimaging scan។ ខួរ​ក្បាល​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត ខុស​ពី​ខួរ​ក្បាល​អ្នក​ដែល​មិន​មាន​។ សូម្បី​តែ​កម្រិត​អរម៉ូន​ដូច​ជា serotonin និង neropinephrine ក៏​ខុស​គ្នា​ដែរ។ ជា​ច្រើន​លើក​ណាស់​ដែល​ខ្ញុំ​លឺ​គេ​និយាយ​ទៅ​កាន់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ថា កុំ​គិត​ច្រើន​ពេក ទៅ​ដើរ​យក​ខ្យល់​ទៅ លែង​អី​ហើយ។ មិន​បាច់​ផឹក​ថ្នាំ​អ្វី​ទេ។ វា​អាច​ជួយ​បន្តិច​បន្តួច​មែន ប៉ុន្តែ​វា​នៅ​តែ​ដូច​ជា​ជំងឺ​ផ្លូវ​កាយ​អ៊ីចឹង។ បើ​មនុស្ស​ម្នាក់​មាន​ជំងឺ​មហារីក តើ​យើង​អាច​ទៅ​និយាយ​ថា កុំ​គិត​ច្រើន​ពេក ទៅ​ស្រូប​អុកស៊ីសែន​ទៅ លែង​មាន​ដុំ​គីស​នោះ​ហើយ។ អាច​ទៅ​រួច​ទេ? 
Source: Mlive.com

ក្រោយ​មក លោក ចាន់​ពៅ បន្ត​ថា រោគ​សញ្ញា​ជំងឺ «ឆ្កួត» គឺ​អាច​មាន​ដូច​ជា ញ៉ាំ​ខុស​ពី​គេ ឬ​សកម្មភាព​រួម​ភេទ​ខុស​ពី​គេ ដូច​ជា​រួមភេទ​ជាមួយ​សាក​សព ឬ​ជាមួយ​ក្មេង។ គាត់​ជា​អ្នក​ជំនាញ​ខាង​បញ្ហា​នេះ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​គាត់​មិន​បញ្ជាក់​ថា ជំងឺ​ឆ្កួត​ដែល​គាត់​និយាយ​ហ្នឹង គឺ​ជំងឺ​មួយ​ណា? នេះ​ហើយ​បាន​ជា​មនុស្ស​ភាគ​ច្រើន​មិន​យល់​ពី​ជំងឺ​ផ្លូវ​ចិត្ត។ បញ្ហា​ផ្លូវ​ចិត្ត​មាន​ច្រើន​ណាស់ មាន​ជំងឺ​បាក់​ទឹក​ចិត្ត (Depression), Bipolar Disorder, Multiple Personality Disorder, Obsessive Compulsive Disorder, Body Dysmorphic Disorder, Schizophrenia, Eating Disorder, Autism, Posttraumatic Stress Disorder ហើយ​មាន​រាប់​សិប​ទៀត។ មិន​ដែល​មាន​ជំងឺ «ឆ្កួត» ធម្មតា​នោះ​ទេ។ Theres no such thing as a “crazy” disorder. ហើយ​បើ​មិន​ដឹង​ថា​និយាយ​ពី​ជំងឺ​មួយ​ណា​ផង តែ​និយាយ​ពី​រោគ​សញ្ញា​របៀប​ម៉េច? ការ​ញ៉ាំ​ខុស​ពី​គេ គឺ​ជា​រោគ​សញ្ញា​ជំងឺ Eating Disorder BDD ប៉ុន្តែ​វា​មិន​មែន​ជា​រោគ​សញ្ញា​ជំងឺ Schizophrenia, Autism PTSD ទេ។ នេះ​ដូច​និយាយ​ថា រោគ​សញ្ញា​ជំងឺ​ផ្លូវ​កាយ គឺ​ក្តៅ​ខ្លួន។ ជំងឺ​ផ្លូវ​កាយ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​ក្តៅ​ខ្លួន​ទេ។ 

អ្នក​សម្ភាសន៍​ហ្នឹង​ក៏​ណាស់​ដែរ។ ក្នុង​នាម​ជា​អ្នក​យក​ព័ត៌មាន​ដូច​គ្នា យ៉ាង​ហោច​ណាស់​ក៏​គួរ​តែ​ស្រាវ​ជ្រាវ​ខ្លះ​មុន​ពេល​សម្ភាសន៍​ដែរ។ Or at least have some common sense for crying out loud. អ្នក​សម្ភាសន៍​ហ្នឹង គាត់​សួរ​ថា ពេល​ដែល​ដេក​យល់​សប្តិ ហើយ​ដាច់​យល់​សប្តិ ដល់​ពេល​ក្រោយ​មក​អាច​យល់​សប្តិ​បន្ត​វិញ​ តើ​នេះ​ជា​រោគ​សញ្ញា​ជំងឺ​ឆ្កួត​ដែរ​ឬ​ទេ? ចំណុច​នេះ ខ្ញុំ​មិន​ចាំ​បាច់​ពន្យល់​ទេ គិត​ខ្លួន​ឯង​ទៅ។

Source: Southeast Asia Globe
ហើយ​អ្នក​សម្ភាសន៍​សួរ​ទៀត​ថា តើ​អ្នក​មាន​ជំងឺ «ឆ្កួត» គួរ​ទៅ​ព្យាបាល​អត់។ អត់​ទេ​បង មិន​បាច់​ព្យាបាល​ទេ។ ជំងឺ​ផ្លូវ​ចិត្ត គឺ​ជា​ជំងឺ​មួយ​ដែល​សប្បាយ​រីករាយ ហើយ​ស្រួល​ក្នុង​ខ្លួន​ណាស់។ មិន​បាច់​ទៅ​ព្យាបាល​ទេ។ ទុក​អ៊ីចឹង​ហើយ។
លោក​ផាន់ ចាន់​ពៅ ឆ្លើយ​តប​នឹង​សំណួរ​នេះ​ថា​ ពេល​ដែល​ដឹង​ថា​ខ្លួន​ឯង​មាន​ជំងឺ​ឆ្កួត គឺ​តែ​ចេះ​ទៅ​ពេទ្យ​ដើម្បី​ព្យាបាល។ ឲ្យ​ដឹង​ម៉េច បើ​គ្នា​មិន​ទៅ​ដឹង​ថា​ជំងឺ​ផ្លូវ​ចិត្ត​ហ្នឹង​ជា​អ្វី​ផង? បើ​សូម្បី​តែ​អ្នក​ជំនាញ​ក៏​មិន​ពន្យល់​ជំងឺ​ឲ្យ​ត្រឹម​ត្រូវ​ផង។ ទៅ​ព្យាបាល​យ៉ាង​ម៉េច បើ​ប្រាប់​គាត់​ថា ខុស​មក​ពី​គាត់​ទៅ​ហើយ។ គាត់​មាន​អារម្មណ៍​ណា​ទៅ​ចង់​ព្យាបាល? មាន​តែ​បន្ទោស​ខ្លួន​ឯង។ Youre only fueling the stigmas, making them even more hesitant to go seek help.

លោក​ផាន់ ចាន់​ពៅ និយាយ​ថា​ឲ្យ​ទៅ​មន្ទីរពេទ្យ​រុស្សី។ តើ​លោក​មាន​ដឹង​ទេ​ថា នៅ​មន្ទីរពេទ្យ​រុស្សី មាន​ពេទ្យ​ជំងឺ​ផ្លូវ​ចិត្ត (Psychiatrists) តិច​ជាង​១០​នាក់? ហើយ​មាន​អ្នក​ជំងឺ​៣០០​នាក់​ទៅ​ជា​រៀង​រាល់​ថ្ងៃ? គ្រូ​ពេទ្យ​ម្នាក់​ត្រូវ​មើល​អ្នក​ជំងឺ​ជាង​៣០​នាក់​ក្នុង​មួយ​ព្រឹក។ នេះ​ឬ​សេវាកម្ម​ដែល​គាត់​ត្រូវ​ទៅ​រក?

ខ្ញុំ​ដឹង​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​នេះ ដោយ​សារ​តែ​ខ្ញុំ​មាន Bipolar Disorder។ នៅ​ខ្មែរ​យើង ជំងឺ​ផ្លូវ​ចិត្ត​ជា​ជំងឺ​មួយ​ដែល​គេ​មិន​យល់ ពិបាក​ស្វែង​រក​ពេទ្យ ហើយ​ចំណាយ​អស់​លុយ​ច្រើន​ណាស់។ ទម្រាំ​តែ​ខ្ញុំ​អាច​រក​បាន​ពេទ្យ​ល្អ​មួយ ខ្ញុំ​ត្រូវ​ទូរស័ព្ទ​សួរ​គេ​សួរ​ឯង​យ៉ាង​យូរ ហើយ​សូម្បី​តែ​ជួប​ពេទ្យ ក៏​ចំណាយ​អស់​ច្រើន​ដែរ។ ខ្ញុំ​ត្រូវ​ចំណាយ​អស់​៥០​ដុល្លារ​ដើម្បី​ជួប​ពេទ្យ​រយៈ​ពេល​១​ម៉ោង។ ហើយ​នេះ​មិន​គិត​ថ្នាំ​ផង។ ចុះ​អ្នក​ដែល​មិន​មាន​លទ្ធភាព​ទៅ​ពេទ្យ​ល្អ? បើ​សេវាកម្ម​រដ្ឋ​យើង​មិន​អាច​ទទួល​យក​បាន អ្នក​ជំនាញ និង​មនុស្ស​ភាគ​ច្រើន​នៅ​តែ​មិន​យល់​ពី​បញ្ហា​នេះ​ តើ​ឲ្យ​អ្នក​ជំងឺ​គ្នា​ទៅ​ណា?


Love, Catherine
XOXO

Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale