ពេលក្បត់ មនុស្សស្រីត្រូវទឹកអាស៊ីត មនុស្សប្រុស គេថាមកពីធម្មជាតិជាប្រុស
តាមពិតទៅ ខ្ញុំត្រូវសរសេរអត្ថបទពីគោលគំនិតខ្មែរយើង ទៅលើការលែងលះគ្នា
ប៉ុន្តែចៃដន្យអី ពេលដែលបើក Facebook
មើលទៅ
ក៏ឃើញមាន Page មួយ គាត់បានបង្ហោះរូបខាងក្រោមនេះ៖
និយាយទៅ គឺហួសចិត្ត។ ប្តី ឬសង្សាររបស់បងមិនមែនជាតុក្កតាឯណា។ គាត់ជាមនុស្ស
ហើយមនុស្សអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន។ និយាយថា ម្នាក់ស្រីហ្នឹងយកប្តីគេ។
យកប្តីយ៉ាងម៉េច? ចាប់ប្តីបងចង ដាក់ក្នុងស្បោង ហើយយកទៅផ្ទះមែន? ក្បត់គ្នា
គឺទាល់តែមនុស្សពីរនាក់ព្រមព្រៀងទេ បើមិនព្រមព្រៀងទេ គេហៅថា រំលោភហើយ។
ហេតុអ្វីបានជាខុសតែមនុស្សស្រី? មនុស្សប្រុសអត់មានពាក់ព័ន្ធទេ ត្រូវអត់?
អ្នកណានិយាយថា ធម្មជាតិមនុស្សប្រុសអ៊ីចឹងហើយ។ មានមួយមិនស្កប់ទេ ត្រូវតែមានស្រី។
ធម្មជាតិយ៉ាងម៉េច? បានអំណះអំណាង តួលេខមកពីណា? អរម៉ូនមនុស្សប្រុស គឺតម្រូវឲ្យមានស្រីតែម្តង
ឬយ៉ាងម៉េច? ចុះមនុស្សស្រីអត់ចេះក្បត់ទេ? ឬខួរក្បាលខុសគ្នា? ឬចំណង់ភេទខុសគ្នា?
ព្រោះមានការស្រាវជ្រាវច្រើនដែលបង្ហាញថា មនុស្សស្រី
និងមនុស្សប្រុសមានចំណង់ផ្លូវភេទដូចគ្នាទេ។ មនុស្សម្នាក់ៗ គឺខុសៗគ្នា។
យើងចេះតែនិយាយថា មនុស្សប្រុសក្បត់មិនមែនបញ្ហាទេ ព្រោះជាធម្មជាតិមនុស្សប្រុស។
ហ្នឹងហើយដែលធ្វើឲ្យមនុស្សប្រុសចេះតែក្បត់ ព្រោះគេគិតថា អ្វីដែលគេធ្វើនេះ
មិនមែនជារឿងខុសទេ គឺជាធម្មជាតិរបស់គេ។ បើចោរម្នាក់លួចរបស់គេ ហើយម្នាក់ៗនិយាយថា
វាអ៊ីចឹងហើយ ធម្មជាតិចោរគឺត្រូវតែលួចគេ ទ្រាំទៅ។ គិតថាថ្ងៃក្រោយ ចោរនោះឈប់លួចទេ?
Credit: google-street-view.com |
និយាយរឿងហួងហែងម្តង។ ស្រឡាញ់គ្នា បើចេះតែហួងហែង ចេះតែមិនទុកចិត្តគ្នា
តើស្រឡាញ់គ្នាធ្វើអ្វី? គេមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់យើងទេ គេជាមនុស្ស។
ស្រឡាញ់គ្នាទាល់តែមានការទុកចិត្ត។ បើគេគ្រាន់តែចេញពីមុខយើង យើងទៅលួចតាមដានគេ
ខ្លាចគេក្បត់យើង តើស្រឡាញ់គ្នាធ្វើអ្វី? ខាតពេលខ្លួនឯង ហើយមានអារម្មណ៍មិនល្អទៀត។
មនុស្សពីរនាក់ស្រឡាញ់គ្នា គឺជួយគ្នាឲ្យក្លាយជាមនុស្សល្អជាងមុន មិនមែនធ្វើឲ្យមានអារម្មណ៍ភ័យព្រួយរហូតទេ។
A healthy relationship is two
people making each other a better person. ម៉្យាង បើមនុស្សប្រុសម្នាក់ធ្វើបែបនេះដាក់យើង
ហេតុអ្វីបានជានៅតែចង់នៅជាមួយគេ? គិតថាថ្ងៃក្រោយគេនឹងឈប់ក្បត់មែន?
បើគេក្បត់លើកក្រោយ ទៅជះទឹកអាស៊ីតដាក់អ្នកក្រោយដែរមែន?
Credit: intelligentwomenreadromance.wordpress.com |
ខ្ញុំមិនចង់ចោទអ្នកណាទេ តែសម្តីបែបនេះហើយ ដែលធ្វើឲ្យមនុស្សស្រីយើងនៅតែជាភេទទន់ខ្សោយ
មិនមានសិទ្ធិស្មើបុរស។ បើមនុស្សស្រីគ្នាឯង មិនទាំងឲ្យតម្លៃមនុស្សស្រីដូចគ្នាផង
តើឲ្យមនុស្សប្រុសឲ្យតម្លៃយើងយ៉ាងម៉េច? បើមនុស្សស្រីចេះតែដើរតួកម្សត់
ហើយធ្វើអ្វីមិនមានហេតុផល តើឲ្យគេដាក់តាំងមនុស្សស្រីជាអ្នកដឹកនាំយ៉ាងម៉េច?
បើមនុស្សស្រីចេះតែឈ្លោះជាមួយមនុស្សស្រីគ្នាឯង ជាពិសេសព្រោះតែរឿងប្រុស
តើពេលណាបានមនុស្សស្រីអភិវឌ្ឍទៅមុខបាន? សួរថា ពេលដែលមានបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងមនុស្សស្រី
និងមនុស្សប្រុស តើមានប៉ុន្មាននាក់ដែលនឹងចោទមនុស្សស្រីមុនគេ? ដូចករណីរំលោភអ៊ីចឹង។
តើមានមនុស្សប្រុស និងមនុស្សស្រីគ្នាឯងប៉ុន្មាននាក់ ដែលនឹងនិយាយថា ខុសមកពីម្នាក់ស្រីហ្នឹង?
ចាំករណីក្មេងស្រីអាយុ១៩ឆ្នាំដែលត្រូវបងជីដូនមួយរំលោភ និងសម្លាប់ទេ? តើមានប៉ុន្មាននាក់ដែលចោទថា
មកពីក្មេងស្រីនោះ?
Would you wanna do this to another woman? Credit: brindisicronaca.it |
គ្រាន់តែនិយាយថា ចង់បានសិទ្ធិស្មើគ្នា មិនមែនស្រាប់តែបានសិទ្ធិស្មើគ្នាទេ។
ពេលនិយាយពីសិទ្ធិរបស់ស្រ្តី ភាគច្រើនគិតថាជាតួនាទីរបស់មនុស្សប្រុស តែក៏ត្រូវដឹងដែរថា
មនុស្សស្រីក៏ត្រូវចេះទាមទារសិទ្ធិឲ្យខ្លួនឯង ត្រូវចេះគោរពខ្លួនឯង និងគោរពមនុស្សស្រីដទៃដែរ
ឬគិតថាជីវិតមនុស្សស្រីគ្នាឯង មិនស្មើនឹងជីវិតមនុស្សប្រុស?
មួយទៀត បើចង់ធ្វើជាមនុស្សបែបនេះហើយ យ៉ាងហោចណាស់ ក៏រៀនអក្សរ សរសេរឲ្យត្រូវជ្រុងផងទៅ។
មានពេលទំនេរ អានសៀវភៅខ្លះទៅ កុំរវល់ដើរទៅរកសួរទីផ្សារទឹកអាស៊ីតអី ក្រែងលោយល់ដឹងពីសង្គមបានច្រើនជាងនេះ។
ពេលដែល Post រូបបែបនេះ មានដែលគិតទេថា
ជះទឹកអាស៊ីតជារឿងមួយដែលខុសច្បាប់? និយាយថា អ្នកយកប្តីគេ ប្រយ័ត្នស្តាយក្រោយអស់មួយជីវិត
ព្រោះត្រូវគេជះទឹកអាស៊ីត។ ចុះជាប់គុកអត់ស្តាយក្រោយទេឬ? ទៅដេកគុក ឲ្យកូននៅផ្ទះម្នាក់ឯង
សប្បាយចិត្តមែន? ចង់ឲ្យកូនមានម៉ែជាមនុស្សអ៊ីចឹងឬ? ឬក៏បងជាអ្នកមានលុយច្រើន
ហើយមិនខ្វល់រឿងជាប់គុក ព្រោះគិតថាប៉ូលីសនឹងមិនចាប់
Love, Catherine
XOXO
XOXO
Comments
Post a Comment