បទ «First Lady» ចូលរួមលើកកម្ពស់អំពើហឹង្សា
បន្ទាប់ពីខ្ញុំបានសរសេរពីបទ
«អាមុំពុំពីត» កាលពីប៉ុន្មានអាទិត្យមុន អ្នកអានក៏បានឲ្យគំនិតថាខ្ញុំគួរសរសេរពីបទ
«First
Lady» របស់ Tena។ និយាយតាមត្រង់ទៅ បើប្រៀបធៀបបទនេះ ជាមួយនឹង បទរបស់លោក ពាក់មី បទរបស់លោក
ពាក់មី គឺបទលោក ពាក់មី ល្អជាងឆ្ងាយណាស់។ បទ «First Lady» នេះ ស្ទើរតែគ្រប់ម៉ាត់ គឺសុទ្ធតែទាញទម្លាក់មនុស្សស្រីឲ្យសឹងតែស្មើនឹងទាសកររបស់មនុស្សប្រុសទៅហើយ។
ខ្ញុំនឹងលើកយកតែចំណុចសំខាន់ៗមួយចំនួនដើម្បីវិភាគមើល។
ឃ្លាដំបូងបង្អស់នៅក្នុងបទនេះគឺ៖
«តាំងតែយើងស្រឡាញ់គ្នា បងតែងតែលាក់បាំងអូន លួចមានស្រីនៅខាងក្រៅរាប់ផ្លូន»។
សួរថា តើការស្រឡាញ់គ្នាបែបម៉េច បើមនុស្សពីរនាក់មិនជឿទុកចិត្តគ្នា មិនស្មោះត្រង់នឹងគ្នា?
ហើយអ្វីដែល Tena ច្រៀង គឺដូចជាមោទនភាពណាស់ដែលបានធ្វើបែបនេះ។
Credit: creativeconflicts.com |
បន្ទាប់មក Tena បានច្រៀងថា៖ « ហាមអូន មុននឹងធ្វើអ្វី ត្រូវសួរបងសិន
ជីវ៉ា។ មិនឲ្យរូបអូនផ្តេសផ្តាសឡើយណា។ ត្រូវចាំថា អ្វីៗជីវ៉ា គឺជារបស់រូបបង»។
ខ្ញុំមិនដឹងថា Tena ឬអ្នកដែលចូលចិត្តបទនេះ
ពួកគាត់បានរៀនពីយេនឌ័របានដល់កម្រិតណាទេ ប៉ុន្តែជាទូទៅ អំពើហឹង្សាត្រូវបានបែងចែកចេញជា៣ប្រភេទ៖
អំពើហឹង្សារាងកាយ អំពើហឹង្សាផ្លូវចិត្ត និងអំពើហឹង្សាខាងផ្នែកសេដ្ឋកិច្ច។
អំពើហឹង្សាផ្លូវចិត្តពិបាកក្នុងការបង្ហាញឲ្យអ្នកក្រៅឃើញ តែវាមានផលប៉ះពាល់ច្រើនជាងអំពើហឹង្សារាងកាយទៅទៀត
បើតាម Psychology
Today និង Living Without Abuse។
សញ្ញាបញ្ជាក់ពីអំពើហឹង្សាផ្លូវចិត្តមានដូចជា៖
- ធ្វើឲ្យជនរងគ្រោះនៅឆ្ងាយពីក្រុមគ្រួសារ និងមិត្តភក្តិ
- មិនឲ្យជនរងគ្រោះទៅក្រៅម្នាក់ឯង តាមដានមើល ឬដើរតាមជនរងគ្រោះជាប់រហូត
- គ្រប់គ្រង និងកំណត់កន្លែងដែលជនរងគ្រោះអាចទៅ អ្នកដែលគេអាចនិយាយជាមួយ និងអ្វីដែលគេធ្វើ
- ធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ថា គេត្រូវសុំការអនុញ្ញាតិមុននឹងធ្វើអ្វីមួយ ឬទៅកន្លែងណាមួយ
នេះគ្រាន់តែជាសញ្ញាមួយចំនួនដែលសមទៅនឹងប៉ុន្មានឃ្លាក្នុងចម្រៀងរបស់
Tena
ដែលខ្ញុំបានលើកឡើងប៉ុណ្ណោះ។ សួរថា ហេតុអ្វីបានជាមិត្តស្រីរបស់គាត់ត្រូវសុំការអនុញ្ញាតិមុននឹងធ្វើអ្វីមួយ?
ហេតុអ្វីបានជាអ្វីៗរបស់មិត្តស្រីគាត់ គឺជារបស់គាត់? សូម្បីតែឪពុកម្តាយ
ក៏មិនដល់ថ្នាក់នេះដែរ។ តើ Tena ដែលបានរៀនពីសិទ្ធិមនុស្សទេ?
ឬក៏ Tena
បានទិញមិត្តស្រីរបស់គាត់ពីអ្នកជួញដូរមនុស្ស ទើបបាននិយាយដូចមិត្តស្រីគាត់ជាទាសករដាច់ថ្លៃ?
សូម្បីតែឆ្កែខ្ញុំ ក៏ខ្ញុំចិញ្ចឹមឲ្យមានសេរីភាពជាងនេះដែរ។
ហើយមុននឹងមានអ្នកជំទាស់ថា
នេះហើយការស្រឡាញ់។ ការស្រឡាញ់មិនមែនបែបនេះទេ។ ការស្រឡាញ់ គឺការឲ្យសេរីភាព
និងធ្វើអ្វីដើម្បីឲ្យគេរីករាយ។ Love is kind.
ឃ្លាមួយទៀត គឺ៖ «បងអាចលួចមានស្រីបាន
តែអូនមិនអាចមានទេ។ បងអាចកុហកមាសមេ តែអូនមិនអាចធ្វើទេ។ គ្រប់ពេលត្រូវស្មោះបង
គ្រប់ពេលត្រូវត្រង់នឹងបង។ ធ្វើឲ្យបានល្អជីវ៉ា»។ សញ្ញាមួយទៀតនៃអំពើហឹង្សាផ្លូវចិត្តគឺ
អ្នកប្រព្រឹត្តអំពើហឹង្សានេះ ព្យាយាមធ្វើឲ្យជនរងគ្រោះគិតថា អ្វីដែលគេធ្វើ
គឺសុទ្ធតែត្រូវ ហើយអ្វីដែលជនរងគ្រោះធ្វើ គឺសុទ្ធតែខុស។ តើអ៊ីចឹងមែនទេ?
Credit: biculturalfamilia.com |
សញ្ញាបន្ថែមទៀតគឺ អ្នកប្រព្រឹត្តព្យាយាមរកលេសមកពន្យល់សកម្មភាពរបស់គេ
និងបន្ទោសអ្នកដទៃ។ ដើម្បីឲ្យគ្រប់បានមួយ
set,
Tena ក៏ច្រៀងបន្តថា៖ «ទោះបងជាប្រុសមិនល្អក៏មិនឲ្យអូនឈឺចាប់។
ទោះបងជាប្រុសដែលយ៉ាប់ តែនិយាយស្តាប់គ្នាបាន។ តែអូនខុសពីបង អូនត្រូវតែស្មោះត្រង់
ព្រោះខ្លួនអូនជាមនុស្សស្រី»។
បើតាមខ្ញុំចាំ តាមច្បាប់រដ្ឋធម្មនុញ្ញ
គឺមនុស្សស្រី និងមនុស្សប្រុសមានសិទ្ធិស្មើគ្នា។ តែបើខ្ញុំកើតមកមានយោនីនេះ
មានន័យថា ខ្ញុំត្រូវតែស្មោះ ត្រូវតែគោរពតាម ត្រូវបានបម្រើមនុស្សប្រុសឬ?
ដោយសារតែខ្លួនខ្ញុំជាមនុស្សស្រី? ម៉េចក៏មិននិយាយថា ខ្ញុំត្រូវអង្គុយចាំនៅមាត់ទ្វារ
ហើយបក់កន្ទុយទទួលសង្សារពេលដែលគេមកផ្ទះទៅ?
ឃ្លាបន្ទាប់៖ «តាមពិត ពេលខ្លះក៏គិតថា
ខ្លួនឯងសែនចោលម្សៀត។ សង្សារល្អតែមិនកែមាយាទ ឆ្លៀតៗចង់តែបៀតស្រីផ្សេង»។
អ្នកដែលប្រព្រឹត្តអំពើហឹង្សាផ្លូវចិត្តគឺ ព្យាយាមដាក់ខ្លួនថាជាជនរងគ្រោះ
ហើយធ្វើឲ្យគេអាណិត។ ពេល Tena ច្រៀងអ៊ីចឹង
ខ្ញុំអាណិតណាស់ ដែល Tena គ្រប់គ្រងលិង្គរបស់ខ្លួនឯងមិនបាន។
អាណិតណាស់ដែលត្រូវតែទៅ «បៀតស្រីផ្សេង»។ ថ្ងៃក្រោយ បើខ្ញុំទៅសម្លាប់គេ ចាំខ្ញុំនិយាយដែរថា
ខ្ញុំដឹងថាខ្ញុំធ្វើខុស តែខ្ញុំទ្រាំមិនបាន កែមាយាទមិនកើត។
ចំណុចចុងក្រោយ៖ «ទោះត្រូវប្រឈមមុខគ្នាបែកឆ្វេង
ក៏បងមិនលែងៗដៃអូនឡើយជីវ៉ា»។ មានដឹងទេថា ឃ្លាមួយនេះ ស្តាប់ទៅគួរឲ្យខ្លាចប៉ុណ្ណា?
បើមនុស្សស្រីនោះ នៅតែព្យាយាមទាញដៃចេញ តើនឹងយកកាំបិតមកភ្ជង់ដើម្បីកុំឲ្យគេដើរចេញឬ?
អំពើហឹង្សាផ្លូវចិត្ត គឺជារឿងធ្ងន់ធ្ងរមួយ។
ជនរងគ្រោះអាចបាក់ទឹកចិត្ត បន្ទោសខ្លួនឯង ហើយអាចឈានទៅដល់ការសម្លាប់ខ្លួនទៅទៀត។
ក្នុងករណីខ្លះ អំពើហឹង្សាផ្លូវចិត្ត គឺជាជំហានដំបូងរបស់អំពើហឹង្សាលើរាងកាយ។
ពេលដែលជនរងគ្រោះលែងមានក្រុមគ្រួសារ និងមិត្តភក្តិនៅក្បែរ លែងមានសេរីភាព
លែងមានទំនុកចិត្តលើខ្លួនឯង ហើយបន្ទោសខ្លួនឯង អ្នកប្រព្រឹត្តនោះចង់ធ្វើអ្វីក៏បានដែរ
ហើយជនរងគ្រោះក៏មិនហ៊ានរាយការណ៍ដែរ ព្រោះគេគិតថា នេះគឺជាកំហុសរបស់គេ។
ករណីនេះ មានកើតឡើងច្រើនណាស់។ អ្នកខ្លះសួរខ្ញុំថា ហេតុអ្វីបានជាជនរងគ្រោះមិនព្រមរត់
បើគេប្រព្រឹត្តអំពើហឹង្សាដាក់ទៅហើយ? នេះហើយជាមូលហេតុ។
ចំពោះអ្នកដែលនិយាយថា នេះគ្រាន់តែជាបទចម្រៀង។
ដូចខ្ញុំនិយាយលើកមុនអ៊ីចឹង ប្រព័ន្ធផ្សព្វផ្សាយ និងសិល្បៈមានឥទ្ធិពលខ្លាំងណាស់
បើទោះជាយើងដឹងខ្លួនឬក៏អត់។ ពេលដែលយើងស្តាប់បទពីជំនាន់លោក ស៊ិន ស៊ីសាមុត
វាឆ្លុះបញ្ចាំងពីជីវិតក្នុងពេលនោះ។ ចុះបទក្នុងពេលសម័យនេះ វាកំពុងតែឆ្លុះបញ្ចាំងជីវិតបច្ចុប្បន្ននេះដែរ
ត្រូវទេ? បទចម្រៀងមួយនេះ មានអ្នកមើលជាង២លានដងហើយ នៅលើ YouTube។ តើនៅតែគិតថា វាគ្រាន់តែជាបទចម្រៀងទៀតឬ? ឧទាហរណ៍ថា
បើខ្ញុំច្រៀងចម្រៀងទាក់ទងនឹងរដ្ឋាភិបាល គិតថាគេនឹងចាប់ខ្ញុំអត់? ឬគេគ្រាន់តែថា៖
«នេះគ្រាន់តែជាបទចម្រៀងទេ»?
Note: Emotional abuse can happen to anyone -- men and women. Learn to recognize the signs and stop the cycle.
Love, Catherine
Credit: youtube.com |
Sources:
You can disagree with its contents, I urge you to. But don't call for censorship.
ReplyDelete