ការស្រឡាញ់ភេទដូចគ្នា មិនមែនខុសពីធម្មជាតិទេ
មកដល់ឆ្នាំ២០១៦ទៅហើយ អ្នកដែលស្រឡាញ់ភេទដូចគ្នា អ្នកដែលនៅក្នុងក្រុម
LGBTQ (Lesbian, Gay, Bisexual, Transgender, Queer) ឬគេហៅថា «ខ្ទើយ»
នៅតែទទួលការរើសអើងពីមហាជនមួយចំនួនធំ ដោយពួកគាត់ទាំងអស់នោះ លើកហេតុផលនៃការរើសអើងរបស់ពួកគាត់ថា
ការស្រឡាញ់ភេទដូចគ្នា គឺជារឿងមួយដែលខុសពីធម្មជាតិ ឬធ្វើឲ្យផុតពូជមនុស្ស។ ប៉ុន្តែចុះបើខ្ញុំប្រាប់ទៅវិញថា
ការស្រឡាញ់ភេទដូចគ្នា គឺមិនមែនជារឿងមួយដែលខុសពីធម្មជាតិ? តើអ្នកនៅតែបន្តការរើសអើងនោះទៀតឬ?
តើអ្វីដែលខុសធម្មជាតិ? ទាល់តែធម្មជាតិអ្នកកំណត់ ឬអ្វីដែលយើងកើតមកមានស្រាប់
ទើបត្រូវនឹងធម្មជាតិមែនឬ? មានការស្រាវជ្រាវជាច្រើន អស់រាប់សិបឆ្នាំមកហើយ
ដែលបានបញ្ជាក់ថា ការស្រឡាញ់ភេទដូចគ្នា គឺមកពីកំណើត ហើយទាក់ទងទៅនឹងហ្សែន។
ការស្រាវជ្រាវមួយរបស់លោក Simon
LeVay នៅ Salk Institute for Biological Studies បានបង្ហាញឲ្យឃើញថា ខួរក្បាលផ្នែកINAH-3 របស់អ្នកដែលស្រឡាញ់ភេទដូចគ្នាធំជាងអ្នកដែលស្រឡាញ់ភេទខុសគ្នាពីរដង ហើយផ្នែក INAH-3 នោះ បើតាមគេដឹង គឺសម្រាប់គ្រប់គ្រងទម្លាប់រួមភេទ។
Credit: paulocanning.blogspot.com |
ការស្រាវជ្រាវមួយទៀត បានបញ្ជាក់ថា អ្នកដែលមានបងប្រុស គឺអាចមានឱកាសស្រឡាញ់ភេទដូចគ្នាចំនួន១ភាគ៣។ ហើយបើបងប្អូនភ្លោះមួយជាអ្នកស្រឡាញ់ភេទដូចគ្នាបងប្អូនភ្លោះមួយទៀតនោះ អាចមានឱកាស២០%ដែលនឹងស្រឡាញ់ភេទដូចគ្នាដែរ។
ប៉ុណ្ណឹងហើយ នៅតែមានអ្នកបន្តរើសអើង ហើយនិយាយថា អ្នកដែលស្រឡាញ់ភេទដូចគ្នា
នៅតែខុសធម្មជាតិ។ ធ្វើតាមគ្នា តាមសង្គម។ ប៉ុន្តែមានដែលគិតទេថា សូម្បីតែសត្វ
ក៏មានស្រឡាញ់ភេទដូចគ្នាដែរ។ អ្នកជីវវិទូមួយចំនួន បានប៉ាន់ប្រមាណថា សត្វជាង១៥០០ប្រភេទ
គឺមានទំនាក់ទំនងផ្លូវភេទជាមួយភេទដូចគ្នា។ ខ្ញុំធ្លាប់លឺអ្នកអភិរក្សនិយមមួយចំនួននិយាយថា
មានតែមនុស្សទេ ដែលចេះគិត ហើយសត្វមិនចេះគិត គឺធ្វើតាមតែធម្មជាតិទេ អ៊ីចឹងមានន័យថា
សត្វដែលរួមភេទជាមួយនឹងភេទដូចគ្នាទាំងនោះ គឺធ្វើតាមធម្មជាតិ មិនមែនធ្វើតាមសង្គមទេ
ត្រូវអត់?
The gay vultures. Credit: dailymail.co.uk |
នៅតាមធម្មជាតិ និងនៅក្នុងសួនសត្វ គេសង្កេតឃើញមានសត្វដែលស្រឡាញ់ភេទដូចគ្នាជាច្រើនគូ
បានរើសពងដែលសត្វដទៃបោះបង់ចោល យកមកចិញ្ចឹម
ដោយក្នុងនោះមានសត្វក្ងាន សត្វតោ និងសត្វ Penguin។ ប៉ុន្មានថ្ងៃមុន នៅសួនសត្វប្រទេសអាល្លឺម៉ង់ មានសត្វត្មាតឈ្មោលមួយគូបានទទួលយកពងដែលសត្វត្មាតញីមួយបានបោះបង់ចោល ហើយសត្វត្មាតទាំងពីរនោះបានសង់ជម្រក និងក្រាបលើពងនោះ។ នេះគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមសត្វជាច្រើន
ដែលបានយកកូនសត្វផ្សេងមកចិញ្ចឹមជាកូនរបស់ខ្លួន។
បើសួរថា ហេតុអ្វីទើបដឹងថា សត្វនោះ «ខ្ទើយ»? គឺគេសង្កេតឃើញសត្វទាំងនោះ
រួមភេទជាមួយតែភេទដូចគ្នា ដោយក្នុងករណីខ្លះ វារួមភេទជាមួយភេទផ្ទុយគ្នាដើម្បីបានកូន
ហើយទៅរស់នៅជាមួយដៃគូដែលជាភេទដូចគ្នាវិញ។
ចំពោះអ្នកដែលនិយាយថា ខ្ទើយធ្វើឲ្យផុតពូជមនុស្ស Andrea Camperio-Ciani នៅ University of Padova, Italy បានរកឃើញថា បងប្អូនស្រីខាងម្តាយរបស់មនុស្សប្រុសដែលស្រឡាញ់ភេទដូចគ្នាបានកូនច្រើនជាង ឬមានឱកាសមានកូនច្រើនជាងអ្នកដែលមានបងប្អូនជាអ្នកស្រឡាញ់ភេទដូចគ្នាព្រោះហ្សែននេះទំនៅលើក្រូម៉ូសូម X។
បើនៅចាំមេរៀនរបស់លោក Darwin
ទាក់ទងនឹង
Natural Selection យើងច្បាស់ជាចាំថា
បើអ្វីមួយមិនមានប្រយោជន៍ ខុសពីធម្មជាតិ គឺជាច្បាស់ជាត្រូវលុបចោលហើយ ដោយភាវៈដែលខ្លាំង
គឺអាចបន្តពូជបានច្រើនហើយលក្ខណៈនោះ នឹងទៅបន្តដល់ជំនាន់ក្រោយ។ ការស្រឡាញ់ភេទដូចគ្នា
គឺមានឡើងរាប់រយ រាប់ពាន់ឆ្នាំហើយ។ បើលក្ខណៈនេះ មិនល្អ ឬមិនជួយដល់មនុស្សទេ
វាច្បាស់ជាត្រូវបានលុបចោលយូរហើយ មិនមែនវិវដ្តមកដល់សម័យឥឡូវទេ។
ម៉្យាងទៀត សម័យនេះ បើគេចង់មានកូន គេអាចមានកូនដោយសប្បនិម្មិត ហើយមានដៃគូដែលស្រឡាញ់ភេទដូចគ្នាមួយចំនួន
បានបង្កើតកូនដែលជាប់សាច់ឈាមជាមួយនឹងគេផ្ទាល់ (Biological child) ឬអាចទៅយកកូនមកចិញ្ចឹម។
យើងដឹងហើយថា មានក្មេងកំព្រាជាច្រើនដែលត្រូវការផ្ទះ និងភាពកក់ក្តៅ។ តើពួកគេទៅយកកូនមកចិញ្ចឹម
ជារឿងអាក្រក់ឬ?
ផែនដីយើង មានមនុស្ស៧កោដិនាក់ជាងហើយ។ បើមិនមានកូនប៉ុន្មានគូ ក៏មិនផុតពូជដែរ។
កុំភ័យពេក។
Credit: huffingtonpost.com |
មានមនុស្សប្រុសម្នាក់ គាត់បាននិយាយថា បើគាត់មានកូន ទោះជាញៀនថ្នាំ ក៏មិនអ្វីដែរ
កុំឲ្យតែខ្ទើយទៅ បានហើយ។ ហ្នឹងហើយ ព្រោះលួច ប្លន់ សម្លាប់គេ និងបំផ្លាញជីវិតខ្លួនឯង
គឺល្អជាងស្រឡាញ់ភេទដូចគ្នា។ កុំភ្លេចថា CEO របស់ Apple
ក៏ស្រឡាញ់ភេទដូចគ្នាដែរ។
បើស្អប់ណាស់ កុំប្រើរបស់ Apple។
សួរថា គ្រាន់តែស្រឡាញ់ភេទដូចគ្នា តើមានអ្វីខុស? បើទើបតែវិភាគហើយថា
មិនខុសពីធម្មជាតិផង។ បើពួកគាត់កើតមកអ៊ីចឹង តើខុសដែរ? មានដែលគិតទេថា
ការរើសអើងនេះ មិនមែនមកពីពួកគាត់មិនល្អទេ តែមកពីអ្នករើសអើងនោះផ្ទាល់
មានគំនិតតូចចង្អៀត ខ្លាចអ្វីដែលថ្មី អ្វីដែលខុសពីគេ អ្វីដែលពួកគេមិនយល់
មិនស្គាល់។
អ្នកខ្លះទៅព្យាយាមបញ្ឈប់គេ ឬដៀលអ្នកដែលខុសពីខ្លួន។ ឧទាហរណ៍ថា បើអ្នកចូលចិត្តញ៉ាំពងមាន់ចៀន
ហើយខ្ញុំស្អប់ណាស់ពងមាន់ចៀន។ ពេលដែលអ្នកញ៉ាំ ខ្ញុំទៅដៀលអ្នក ឃាត់អ្នក
កុំឲ្យញ៉ាំ ព្រោះខ្ញុំមិនចូលចិត្ត ខ្ញុំមិនដែលញ៉ាំ ហើយខ្ញុំស្អប់ខ្ពើមអ្នកដែលញ៉ាំពងទាចៀន។
តើត្រូវអត់? តើអ្នកសប្បាយចិត្តអត់? អ្នកញ៉ាំតែអ្នកទេ មិនមែនរឿងខ្ញុំទេ។
វាដូចជាពួកគាត់អ៊ីចឹង គាត់រួមភេទជាមួយភេទណា តើជារឿងរបស់អ្នកត្រង់ណា?
តើការស្អប់នេះ ជួយឲ្យអ្នកបានអ្វីមកវិញ?
Love, Catherine
XOXO
Side Note: បើចង់គាំទ្រអ្នកដែលស្រឡាញ់ភេទដូចគ្នា
នៅថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ មិត្តភក្តិរបស់ខ្ញុំនឹងរៀបចំកម្មវិធី “The Amazingly Fabulous
PRIDE Tuk-Tuk Race”។ ប្រសិនបើចាប់អារម្មណ៍
កុំភ្លេចទំនាក់ទំនងទៅកាន់ David Hunt តាមអ៊ីម៉ែល pridetuktuk@gmail.com.
References:
Comments
Post a Comment