យុវវ័យគួរនិយាយពីរឿងផ្លូវភេទ
Credit: telegraph.co.uk |
ទោះជានៅសម័យនេះក៏ដោយ នៅក្នុងសង្គមមួយចំនួន ក៏ដូចជាសង្គមខ្មែរ រឿងផ្លូវភេទជារឿងមួយដែលគេចាត់ទុកថាជារឿងមួយកខ្វក់
និងមិនគួរនិយាយ។ ជាពិសេសដោយខ្ញុំនៅក្មេង ហើយជាមនុស្សស្រីទៀត ពេលណាដែលខ្ញុំនិយាយពីបញ្ហាផ្លូវភេទហ្នឹង
ច្បាស់ជាមានគេនិយាយហើយថា ខ្ញុំជាមនុស្សមិនល្អ មនុស្ស «អាស» ឬមិនគោរពតាមប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង។
ប៉ុន្តែបើគិតមកវិញ វាគួរតែជាពេលមួយដែលក្មេងៗ យុវវ័យគួរតែចាប់ផ្តើមបើកចំហ
និងនិយាយពីរឿងផ្លូវភេទនេះហើយ។
ចាស់ៗជាច្រើន មិនដែលចង់និយាយរឿងនេះទេ។ ឲ្យតែគាត់លឺក្មេងៗនិយាយពីរឿងនេះ
គាត់ថាក្មេងៗឥឡូវឈាមរាវ។ ការឆ្ងល់ ចង់ដឹង ចង់សាក ចង់លឺ គឺជាធម្មជាតិរបស់មនុស្ស។
ព្រោះតែចំណង់នេះហើយ ទើបធ្វើឲ្យមនុស្សជឿនលឿនដល់សម័យនេះ។ សួរថា ពេលដែលម៉ាក់ប៉ាហាមឃាត់រឿងអ្វីមួយ
មានកូនប៉ុន្មាននាក់ដែលស្តាប់តាម? ពេលដែលម៉ាក់ប៉ាកាន់តែតឹងរឹង តើមានកូនប៉ុន្មាននាក់ដែលរៀនចេះកុហក?
សង្គមយើងដាក់គំនាបណាស់ រឿងផ្លូវភេទនេះ។ ឲ្យតែអ្នកណាធ្វើអ្វីដែលពាក់ព័ន្ធជាមួយនឹងប្រធានបទនេះ
គឺមានគេរិះគន់ វាយតម្លៃហើយ។ គេថា បើនិយាយរឿងនេះ គឺដូចលើកទឹកចិត្តឲ្យយុវវ័យប្រឡូករឿងផ្លូវភេទនេះហើយ។
ដាក់គំនាបណាស់ ប៉ុន្តែតើក្មេងៗនៅតែសាកដែរឬអត់? តើក្មេងៗនៅតែរួមភេទឬអត់?
បើខំហាមហើយ គេនៅតែរួមភេទ តើ ការដាក់គំនាប ការមិននិយាយរឿងនេះ មានប្រសិទ្ធិភាពឬអត់?
បើអត់មានប្រសិទ្ធិភាព តើប្រឹងធ្វើវាធ្វើអី?
ពេលដែលមនុស្សម្នាក់ពេញវ័យ ទាំងគេ ទាំងយើង គឺចាប់ផ្តើមមានអារម្មណ៍ផ្លូវភេទហើយ។
វាជាធម្មជាតិ មិនមែនជារឿងអ្វីអាក្រក់ទេ។ បើមិនមានការរួមភេទ ក៏មិនមានពួកយើងកើតមក
ហើយអង្គុយអាននៅកន្លែងនេះដែរ។ អ្នកណាក៏រួមភេទដែរ។ អ្នកដែលរិះគន់អ្នកដែលនិយាយរឿងផ្លូវភេទដោយបើកចំហ
ក៏ចេះមានអារម្មណ៍ផ្លូវភេទ ធ្លាប់សម្រេចកាមដោយខ្លួនឯង ហើយក៏ធ្លាប់រួមភេទដែរ។
បើអ៊ីចឹងហើយ ជាជាងបិទបាំងរឿងនេះ យើងគួរតែបើកចំហ អប់រំ និយាយពិភាក្សាអំពីរឿងនេះ។
ក្មេងៗ មុននិងក្រោយ គង់តែរួមភេទជាមួយគ្នាទេ តែអ្វីដែលយើងអាចធ្វើបាន គឺយើងអាចបង្ហាញផ្លូវដែលពួកគេអាចជ្រើសរើស។
Credit: quib.ly |
ជាជាងការហាមឃាត់ យើងគួរនិយាយពីការរួមភេទដោយសុវត្ថិភាព ការមានផ្ទៃពោះ
និងការពន្យារកំណើត។ ដោយមិនមានអ្នកណានិយាយរឿងនេះ ក្មេងខ្លះរួមភេទទាំងមិនដឹងពីការការពារ
អ្នកខ្លះគិតថា បើមនុស្សប្រុសមិនបញ្ចេញទឹកកាមក្នុងប្រដាប់ភេទស្រ្តី ស្រ្តីនោះនឹងមិនមានផ្ទៃពោះ
ហើយអ្នកខ្លះថែមទាំងគិតថា ការរួមភេទម្តងមិនអាចឲ្យមានផ្ទៃពោះទៀត។ ព្រោះតែការគិតខុសទាំងនោះហើយ
ទើបធ្វើឲ្យយុវវ័យមានផ្ទៃពោះ ហើយដោយខ្លាចម៉ាក់ប៉ាស្តីបន្ទោស សុខចិត្តទៅរំលូតកូនដោយមិនមានសុវត្ថិភាព។
ប៉ុន្តែប្រសិនបើយើងអប់រំយុវវ័យ ក្មេងៗពីរឿងនេះ យ៉ាងហោចណាស់ក៏គេដឹងពីលទ្ធផលនៃការរួមភេទ
និងអាចការពារខ្លួនឯងបានដែរ។ វាជាជម្រើសរបស់ពួកគេ។ យើងមិនអាចឃ្លាំមើលគេ២៤ម៉ោងបានទេ
តែយ៉ាងហោចណាស់ ក៏យើងអាចផ្តល់ចំណេះដឹងដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបានដែរ។
អ្នកខ្លះច្បាស់ជានិយាយថា នៅសាលា គេបង្រៀនរឿងហ្នឹងហើយ ចាំបាច់និយាយធ្វើអី។
តើគេបង្រៀនអ្វីខ្លះនៅសាលា? បើតាមខ្ញុំចាំ គ្រូខ្ញុំរំលងមេរៀនទាំងនោះចោល
ហើយបើនិយាយពីរឿងផ្លូវភេទ ម្នាក់ៗនាំគ្នាសើច។ ខ្ញុំចាំថា ពេលខ្ញុំនៅរៀនអនុវិទ្យាល័យ
ខ្ញុំមានអ្នកគ្រូម្នាក់ដែលប្រៀបធៀបការបង្កើតកូន និងការបន្ទោរបង់ ព្រោះគាត់គិតថា
កូនគឺកើតមកពីរន្ធតែមួយ។ សមអត់ដែលមនុស្សស្រីអាយុជិត៣០ឆ្នាំ មិនដឹងពីប្រដាប់ភេទខ្លួនឯង?
តើមានអ្នកណាខ្លះ ដែលដឹងថា មនុស្សស្រីមានរន្ធគូទ រន្ធបង្ហួរនោម និងរន្ធប្រដាប់ភេទ?
Credit: girlspotblog.com |
មានយុវវ័យ (និងចាស់ៗ) ជាច្រើនណាស់ ដែលមិនយល់ច្បាស់ពីបញ្ហាផ្លូវភេទ ព្រោះតែមិនសូវមានអ្នកណានិយាយបើកចំហរឿងនេះ។
ម្នាក់ៗចាត់ទុករឿងនេះ ថាជារឿងមួយដែលគួរតែខ្មាស់អៀន។ តើធ្វើអ៊ីចឹងបានអីមកវិញ?
កុំថាឡើយរឿងរួមភេទ សូម្បីតែរដូវរបស់ស្រ្តីក៏ខ្មាស់ដែរ។ ទិញសំឡីអនាម័យម្តងៗ
ច្រកថង់ខ្មៅ ព្រោះមិនចង់ឲ្យគេឃើញ។ មិនហ៊ាននិយាយពាក្យ «រដូវ» ទេ សុទ្ធតែ
«បងប្អូនមកលេង»។ តើរដូវរបស់ស្រ្តីជារឿងកំបាំងរបស់ពិភពលោកឬ? អ្នកណាក៏ដឹងថាស្រ្តីមករដូវដែរ។
ស្រ្តីមានប្រដាប់ភេទ នេះជារឿងទូទៅទៅហើយ។ តើចាំបាច់ខ្មាស់ធ្វើអី? ប្រដាប់ភេទមិនមែនជាកន្លែងដែលត្រូវខ្មាស់អៀន
ឬខ្ពើមទេ។ កុំភ្លេចថា យើងទាំងអស់គ្នាកើតចេញពីប្រដាប់ភេទនោះ។ ព្រោះតែបែបនេះហើយ
ទើបបានជាមនុស្សមួយចំនួន ទោះជាមានបញ្ហាប្រដាប់ភេទ ឬរាំងរដូវ ក៏សុខចិត្តទ្រាំ
មិនហ៊ានទៅពេទ្យទេ ព្រោះខ្មាស់គេ។ ទាល់តែធ្ងន់ បាននាំគ្នាភ័យ។ ល្អតើ។
ម៉្យាងមិនមែនសុទ្ធតែមនុស្សទាំងអស់គ្នា កើតមក គឺសុទ្ធតែចេះរួមភេទទេ។
បើតាមស្ថិតិ មានតែស្រ្តីចំនួន១/៣តែប៉ុណ្ណោះ ដែលអាចដល់ចំណុចកំពូលតាមរយៈការរួមភេទតាមប្រដាប់ភេទ។
ការរួមភេទជារឿងមួយសំខាន់ណាស់ក្នុងទំនាក់ទំនងស្នេហា ឬរៀបការ។ បើមិនមានអ្នកណានិយាយពីរឿងនេះ
ស្រ្តី២/៣ទៀតនោះ នឹងនៅតែមិនដល់ចំណុចកំពូល។
ក្នុងពេលណាមួយនៅក្នុងទំនាក់ទំនងរបស់មនុស្សពីរនាក់ នៅពេលដែលពួកគេបាននៅជាមួយគ្នាយូរហើយ
ជីវិតផ្លូវភេទនេះហើយ ដែលជាចំណងជួយដល់ទំនាក់ទំនងរបស់ពួកគេ។ ចាស មិនមែនផ្កាស្លាទេ។
តើមានដៃគូប៉ុន្មាននាក់ដែលលួចមានអ្នកផ្សេង ព្រោះគេមិនពេញចិត្តនឹងជីវិតផ្លូវភេទរបស់គេ?
តើមានប្តីប្រពន្ធប៉ុន្មាននាក់ដែលលែងលះដោយបញ្ហានេះ? For more information about that, link’s below.
មានគេសួរខ្ញុំថា ហេតុអ្វីខ្ញុំហ៊ាននិយាយបើកចំហរឿងផ្លូវភេទនេះម៉្លេះ?
ខ្ញុំសួរទៅវិញថា ហេតុអ្វីបានជាមិនហ៊ាន? ត្រូវចាំថា ការរួមភេទជាធម្មជាតិ។
យើងកើតមកដើម្បីបន្តពូជ ហើយដើម្បីបន្តពូជ យើងត្រូវរួមភេទ។ ម៉ាក់ប៉ាមិនអាចកំណត់ផ្លូវថា
តើយុវវ័យម្នាក់គួរដើរទៅផ្លូវណាទេ។ តែយ៉ាងហោចណាស់ ក៏យើងអាចបំភ្លឺផ្លូវទាំងនោះ
ដើម្បីឲ្យគេយល់ថា តើការសម្រេចចិត្តនេះ អាចមានលទ្ធផលយ៉ាងណា ដើម្បីឲ្យពួកគេដឹង
និងយល់មុនពេលជ្រើសរើសផ្លុវណាមួយ។
Love, Catherine
XOXO
References:
Comments
Post a Comment