ស្រីដែលលាបសក់ពណ៌ក្រហម គឺសុទ្ធតែជាសំផឹង
កាល ពី ថ្ងៃ អាទិត្យ មុន ខ្ញុំ បាន ឃើញ វីដេអូ ពូ មួយ នៅ ប្រទេស បារាំង ដែល គាត់
និយាយ ថា មនុស្ស ស្រី ដែល លាប សក់ ពណ៌ ក្រហម គឺ ជា សំផឹង ។ ពេលដែលមើលហើយ ខ្ញុំហួសចិត្តបន្តិច
ឆ្ងល់បន្តិច។ So many
questions.
ចង់សួរទៅពូថា ពូនៅសុខៗម៉េចទៅនឹកឃើញថា អ្នកដែលលាបពណ៌សក់ក្រហម គឺជាសំផឹង?
ចុះពណ៌ផ្សេង ដូចជាពណ៌លឿង ស្វាយ ខៀវ បៃតង ស វិញ? តើម៉េចជាវាទៅអ៊ីចឹង? ខ្ញុំអានច្រើនដែរ
តែមិនដែលឃើញអ្នកណានិយាយដូចពូសោះ។ ឬមួយក៏ពូ គឺជាអ្នកវិទ្យាសាស្រ្តថ្មី?
![]() |
Credit: pinterest.com |
ខ្ញុំឆ្ងល់មួយ ពូ។ បើសិនជាមនុស្សស្រីម្នាក់ គាត់ដំបូងអត់សំផឹងទេ។ តែពេលដែលគាត់លាបសក់ទៅ
តើគាត់ទៅជាសំផឹងភ្លាមឬ? ឬក៏ត្រូវការចំណាយពេលប៉ុន្មានថ្ងៃ បានថ្នាំលាបនឹងចាប់ផ្តើមដំណើរការ?
តើថ្នាំលាបសក់ហ្នឹង ពេលដែលលាបទៅ ជ្រាបចូលទៅខួរក្បាល រត់តាមសរសៃឈាម ចុះទៅក្រោម
ហើយរំញោចប្រដាប់ភេទមនុស្សស្រីឲ្យចេះតែចង់រួមភេទមែន? ប្រហែលជាខ្ញុំចេះដឹងមិនដល់ហើយ
បានមិនយល់។ ថ្នាំលាបសក់ បើតាមខ្ញុំដឹង មិនមែនជាថ្នាំ Viagra ឬ Aphrodisiac ទេ។ ឬនេះជារបកគំហើញថ្មីរបស់ពូ?
ពូនិយាយសង្កត់ធ្ងន់លើស្រ្តីខ្មែរ។ ពូមានដែលឆ្ងល់ទេថា ហេតុអីបានជាដូនតាយើងមិនដែលលាបសក់?
វាមកពីជំនាន់ហ្នឹង អត់មានថ្នាំលាបសក់ប្រើ។ បើមានថ្នាំលាបសក់ដូចសម័យនេះ
ក៏ប្រហែលជាពួកគាត់ប្រើដែរ។
ពូនៅប្រទេសបារាំង ដើរទៅសួរគេទៅមើល ប៉ុន្មាននាក់ដែលមិនដែលលាបសក់ទាល់តែសោះ?
នៅប្រទេសដែលពូកំពុងរស់នៅហ្នឹង ជាប្រទេសដែលផលិតថ្នាំលាបសក់ល្បីក្នុងពិភពលោកដែរ
(L'Oréal Paris)។ សំបូរសំផឹងស្លាប់ហើយ។ វិស័យលាបសក់នេះ រកលុយមួយឆ្នាំៗបានរាប់កោដិដុល្លារ។
បើមានតែសំផឹងអ្នកលាប មិនមែនរកបានដល់ទៅថ្នាក់ហ្នឹងទេ។
សូម្បីតែជំនាន់ក្រិច រាប់ពាន់ឆ្នាំមុន ក៏មានគេប្រើពណ៌លក្ខណៈស្រដៀងថ្នាំពណ៌សក់យើងសព្វថ្ងៃដែរ។
មិនដឹងថាគេសំផឹង ឬមិនសំផឹងទេ តែប្រទេសក្រិចខ្លាំងពូកែណាស់ពេលនោះ អ្នកប្រាជ្ញក៏ច្រើន
អ្នកទស្សនវិទូក៏ច្រើន…

ខ្ញុំសាក់ ហើយលាបពណ៌សក់ទៀត ប៉ុន្តែមិនដែលឃើញអីផង។ បើសំផឹងដូចពូនិយាយមែន
ខ្ញុំប្រហែលជាមិនទៅខំធ្វើការពីរ បីទេ។ ប្រហែលជាទៅដេកជាមួយគេ យកលុយហើយ។
និយាយតាមត្រង់ ខ្ញុំសុខចិត្តឲ្យមនុស្សដូចពូថាសំផឹង ប្រសិនបើវាមានន័យថា
ខ្ញុំអាចធ្វើអ្វីក៏បានជាមួយនឹងសក់ខ្ញុំ ជាមួយនឹងប្រដាប់ភេទខ្ញុំ។ យ៉ាងហោចណាស់
ក៏សំផឹងមានសេរីភាពដែរ។ ពូមានដែលអានសិទ្ធិមនុស្សទេ? គេធ្វើអ្វីជាសិទ្ធិរបស់គេ
តែការវាយប្រហារ និងវាយតម្លៃគេនេះ វារំលោភដល់សិទ្ធិសេរីភាពគេហើយ។ បើមិនចូលចិត្តអ្វីមួយ
កុំធ្វើទៅ ទុកនៅក្នុងចិត្តទៅ។ មិនចាំបាច់ដើរវាយប្រហារគេគ្រប់គ្នាទេ។
អត់មានអ្នកណាសួរពូទេ។

គិតយូរៗទៅ ខ្ញុំក៏អាណិតពូដែរ។ មិនដឹងថាពូធុញនឹងជីវិតប៉ុណ្ណា មិនសប្បាយចិត្តប៉ុណ្ណាទេ
បានមកចំណាយពេលមកវាយតម្លៃគេឥតប្រយោជន៍នេះ។ ប្រហែលអាចមកពីការច្រណែនគេ
ដែលគេទៅលាបសក់ ឬមួយក៏ពូទាមទារចំណាប់អារម្មណ៍ក៏មិនដឹង ព្រោះវីដេអូពូ
គេមើល ហើយជេរច្រើនណាស់។ បែបហ្នឹងគេហៅថា “Attention Whore”។ ពូគួរតែទៅដើរលេង ស្រូបខ្យល់ឲ្យសប្បាយចិត្តខ្លះទៅ
ក្រែងលោលែងមានអារម្មណ៍មួរម៉ៅដាក់គេ ដាក់ឯង។
Love, Catherine
XOXO
I love this very much :D hhahahahahha
ReplyDelete