ម៉េចបានគេចូលចិត្តនិយាយថា ក្មេងៗជំនាន់នេះ «បំផ្លាញវប្បធម៌ខ្មែរ» ម៉្លេះ?
ពាក្យ «វប្បធម៌» ជាពាក្យដែលខ្ញុំឧស្សាហ៍ឃើញខ្មែរយើងប្រើណាស់ ជាពិសេសនៅពេលដែលអ្នកណាម្នាក់ធ្វើអ្វីដែលខុសប្លែកពីគេ
ឬខុសប្លែកពីសង្គម មិនថាការស្លៀកពាក់ ឬពិធីបុណ្យណាមួយទេ គឺច្បាស់ជាមានគេនិយាយថា៖
«បំផ្លាញវប្បធម៌ជាតិ» ឬ «ឈ្លក់វង្វេងនឹងវប្បធម៌បរទេស»។ ប៉ុន្តែតើពាក្យថា
«វប្បធម៌» នេះមានន័យយ៉ាងម៉េចឲ្យប្រាកដ? តើអ្នកដែលចូលចិត្តលើកវប្បធម៌មកធ្វើជាឈ្នាន់ដើម្បីវាយតម្លៃអ្នកដទៃ
មានដឹងពីអត្ថន័យពាក្យនេះទេ មុននឹងប្រើ?
«បើតាមវចនានុក្រមសម្ដេចសង្ឃ
ជួន ណាត ពាក្យនេះចេញមកពីបន្សំ «វប្ប» + «ធម៌» មានន័យថា ការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់
ចម្រើន ដោយវិទ្យាសាស្ត្រ ឬដោយសិល្បៈផ្សេងៗជាដើម»។ នេះបើតាម
km.wikipedia.org។ បើតាមវចនានុក្រម Cambridge
ពាក្យនេះមានន័យថា៖
«បរិបទរស់នៅ ជាពិសេសប្រពៃណី និងជំនឿ របស់ប្រជាពលរដ្ឋក្រុមណាមួយ ក្នុងខណៈពេលណាមួយ»។
(The way of life, especially
the general customs and beliefs, of a particular group of people at a
particular time.)
នេះមានន័យថា វប្បធម៌គឺផ្សាភ្ជាប់នឹងការរីកចម្រើនក្នុងសង្គម ហើយវប្បធម៌គឺសំដៅទៅលើយុគសម័យតែក្នុងខណៈពេលមួយប៉ុណ្ណោះ។
បើអ្នកធ្លាប់អានអត្ថបទមុនៗរបស់ខ្ញុំ អ្នកប្រហែលជាធ្លាប់ឃើញខ្ញុំនិយាយច្រើនដងហើយថា
វប្បធម៌គឺមានការផ្លាស់ប្តូររហូត។ វប្បធម៌មិនមែនជាវត្ថុមួយដែលនៅនឹងថ្កល់
ហើយមិនអាចផ្លាស់ប្តូរ ឬបន្ថែមបានទេ។ វប្បធម៌បង្កើតឡើងដោយមនុស្ស ក្នុងខណៈពេលណាមួយ
ហើយពេលដែលទើបតែបង្កើតនោះ គេមិនទាន់ហៅវាថា «វប្បធម៌» ទេ។ ព្រោះតែអ៊ីចឹងហើយ
បានជាឲ្យតែគេនិយាយថា «បំផ្លាញវប្បធម៌» (ឧទាហរណ៍ថា ការស្លៀកពាក់ ឬការធ្វើបុណ្យបរទេស)
ខ្ញុំចេះតែចង់សួរទៅគេវិញថា៖ «តើគ្រាន់តែការស្លៀកពាក់បំផ្លាញវប្បធម៌ដោយរបៀបណា?
ហើយវប្បធម៌ដែលនិយាយនោះ គឺវប្បធម៌ខ្មែរជំនាន់មួយណាឲ្យប្រាកដ»? ហើយកុំនិយាយថា៖
«ខុសព្រោះតែដូនតាយើងថាអ៊ីចឹង» ឬ «ខុសព្រោះតែខុសហ្នឹងណា»។ កុំនិយាយអ៊ីចឹងអី
ខ្មាស់គេណាស់។
Credit: emilysquotes.com |
មានដែលគិតទេថា ក្នុងរយៈពេលរាប់ពាន់ឆ្នាំមកនេះ ប្រទេសខ្មែរយើងបានផ្លាស់ប្តូរវប្បធម៌ជាច្រើនដងហើយ។
ដូចខ្ញុំធ្លាប់និយាយអ៊ីចឹង មនុស្សស្រីកាលពីសម័យអង្គរ គឺមិនមានពាក់អាវទេ
(បើតាមជីវ តាក្វាន់)។ បើយើងយោងទៅតាមវប្បធម៌ជំនាន់នោះ តើខ្ញុំអាចនិយាយបានទេថា៖
«មនុស្សស្រីស្លៀកពាក់ជិតៗអ៊ីចឹង បំផ្លាញវប្បធម៌សម័យអង្គរយើងអស់ហើយ។ អ្នកចម្បាំងអង្គរណា»!
សូម្បីតែពិធីបុណ្យភ្ជុំបិណ្ឌ ក៏ទើបតែបានបង្កើតឡើងដោយព្រះបាទអង្គឌួង កាលពីសតវត្សទី១៩ដែរ។
ចុះពេលដែលព្រះអង្គទើបតែបានបង្កើតពិធីបុណ្យនោះភ្លាម តើយើងអាចនិយាយថា៖
«ព្រះអង្គចេះតែបង្កើតពិធីបុណ្យថ្មីផ្អែកលើសាសនាព្រះពុទ្ធអ៊ីចឹង មិនគោរពតាមវប្បធម៌យើង
តាមព្រហ្មសាសនាពីសម័យអង្គរទេ»។
Credit: quora.com |
មានដែលគិតទេថា ហេតុអ្វីបានជាអ្វីដែលយើងចាត់ទុកថាជាវប្បធម៌សព្វថ្ងៃត្រូវបានបង្កើតឡើង?
ហេតុអ្វីបានជាគេបង្កើតពិធីបុណ្យផ្សេងៗឡើង? ហេតុអ្វីបានជាគេបង្កើតច្បាប់ទម្លាប់ផ្សេងៗដើម្បីចងមនុស្សស្រី?
រឿងនេះក៏ខ្ញុំធ្លាប់បាននិយាយក្នុងអត្ថបទ «ព្រហ្មចារីយ៍» របស់ខ្ញុំដែរ។ យុគសម័យមួយៗ
គឺតែងតែផ្លាស់ប្តូរ ដូច្នេះអ្វីដែលត្រឹមត្រូវប៉ុន្មានរយឆ្នាំមុន មិនប្រាកដថានឹងត្រូវក្នុងសម័យនេះទេ។
សាកគិតមើល ប្រសិនបើមនុស្សស្រីយើងនៅតែប្រកាន់ទម្លាប់ «ចូលម្លប់» តើមនុស្សស្រីប៉ុន្មាននាក់ដែលនឹងបាត់បង់ឱកាសចូលរៀន? ហើយនេះក៏ជាការរំលោភសិទ្ធិមនុស្សដែរ។
តើការមិនគោរពតាមវប្បធម៌ «ចូលម្លប់» នេះមិនមែនជាការ «បំផ្លាញ ឬភ្លេចវប្បធម៌»
ដែរទេឬ?
Credit: tumblr.com |
ខ្ញុំនិយាយនេះ មិនមែនចង់មានន័យថា
ឲ្យយើងទាំងអស់គ្នាទៅបំភ្លេចវប្បធម៌ខ្លួនឯងទេ។ វប្បធម៌មានសារៈសំខាន់ ហើយវាជាអត្តសញ្ញាណរបស់មនុស្ស
និងជាតិ ខ្ញុំដឹង។ ប៉ុន្តែត្រូវយល់ថា ការរក្សាវប្បធម៌ និងការឱបក្រសោប និងបង្ខំឲ្យគេទាំងអស់គ្នាធ្វើតាមវប្បធម៌នោះ
ជារឿងពីរផ្សេងគ្នា។ យើងអាចថែរក្សា ចងក្រងវប្បធម៌យើង ប៉ុន្តែក៏មិនមែនមានន័យថា
យើងត្រូវឃាំង មិនគោរពដល់វប្បធម៌គេដែរ។ វប្បធម៌យើងក៏ទទួលបានឥទ្ធិពលពីវប្បធម៌របស់បរទេសដែរ
តាំងពីដើមមក។ មានដែលលឺគេយកឧបករណ៍ភ្លេងបរទេសមកលេងលាយជាមួយនឹងភ្លេងខ្មែរទេ?
ដែលឃើញការរាំសហសម័យទេ? ចុះការគូរលើជញ្ជាំងអគារប៊ូឌិញ? ការគូរ Mural បែបនេះ គឺមានដើមកំណើតនៅប្រទេសបារាំង។ ត្រូវព្យាយាមរកចំណុចកណ្តាលផង។ បើយើងបើកទូលាយទទួលយកវប្បធម៌គេ
មកផ្សំជាមួយនឹងវប្បធម៌យើង យើងអាចនឹងទទួលបាននូវអ្វីថ្មី ហើយបង្កើតវប្បធម៌ខ្លួនឯងសម្រាប់សតវត្សទី២១នេះ។
ខ្ញុំគិតថា អ្នកប្រហែលជាយល់ហើយថា
នៅពេលដែលអ្នកណាម្នាក់បង្ខំឲ្យអ្នកធ្វើអ្វីមួយ នៅពេលដែលគេចងអ្នកជាប់នៅមួយកន្លែង
អ្នកច្បាស់ជាស្អប់របស់នោះ ហើយព្យាយាមរើបម្រះចេញហើយ។ បើយើងព្យាយាមចងឲ្យក្មេងៗស្រឡាញ់
និងគោរពតាមវប្បធម៌យើង និងស្តីឲ្យនៅពេលដែលគេមិនធ្វើតាម គេច្បាស់ជាស្អប់
ហើយកាន់តែមិនចង់គោរពតាមទៅទៀត។ នេះជាធម្មជាតិរបស់មនុស្ស ហើយមិនមែនតែសម្រាប់ក្មេងសម័យនេះទេ។
តែបើយើងបើកទូលាយឲ្យពួកគេដើរ មានសេរីភាព សាកល្បងអ្វីដែលថ្មី ហើយបង្ហាញគេថា
វប្បធម៌យើងមានលក្ខណៈបែបណាដោយមិនបង្ខំគេ គេនឹងចំណាយពេលមកសិក្សា ហើយអាចនឹងស្រឡាញ់វប្បធម៌នោះទៀត។
ប្រសិនបើគេនៅតែមិនព្រមធ្វើតាមអ្វីដែលយើងចង់ទៀត
យើងត្រូវចេះគោរពការសម្រេចចិត្តរបស់គេផង។ បើអ្នកមិនពេញចិត្តនឹងមនុស្សស្រីដែលផឹកគ្រឿងស្រវឹង
នេះគ្រាន់តែជាគំនិតរបស់អ្នកទេ តែវាក៏ជាសិទ្ធិសេរីភាពរបស់គេដែរ។ បើគេមានសង្សារ
ឬរួមភេទមុនពេលរៀបការ នេះក៏ជាសិទ្ធិរបស់គេដែរ។ គេមិនបានធ្វើអ្វីដើម្បីរំលោភដល់សិទ្ធិរបស់អ្នកទេ។
ក្នុងចំណុចមួយនៃសិទ្ធិមនុស្សសកល គឺមនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការដើរហើរ
និងកម្សាន្ត។ ប៉ុន្តែនៅពេលដែលអ្នកបង្ហាញពីការមិនពេញចិត្តនឹងជំរើសក្នុងការរស់នៅរបស់គេ
ដោយការស្តី បន្ទោស ឬវាយប្រហារផ្ទាល់ ឬតាមអ៊ីនធឺណេត នោះអ្នកកំពុងតែរំលោភដល់សិទ្ធិរបស់គេហើយ។
ខ្ញុំនិយាយពាក្យនេះច្រើនដងហើយ៖ «បើអ្នកមិនពេញចិត្ត កុំមើលទៅ គឺលែងឃើញហើយ»។
Credit: trueconfessionsofaginger.wordpress.com |
ខ្ញុំនិយាយបែបនេះ
ព្រោះខ្ញុំធ្លាប់ស្អប់ណាស់អ្វីដែលទាក់ទងនឹងវប្បធម៌ខ្មែរ ជាពិសេសគឺដោយសារតែចាស់ៗតែងតែបង្ខំឲ្យខ្ញុំស្រឡាញ់វា។
គេតែងតែនិយាយថា នេះវប្បធម៌យើង យើងត្រូវតែស្រឡាញ់វា។ ប៉ុន្តែមិនមានអ្នកណាពន្យល់ទេថា
វប្បធម៌ខ្មែរយ៉ាងម៉េច មានអ្វីខ្លះ និងល្អយ៉ាងណា។ ខ្ញុំចង់បានសេរីភាពក្នុងការសម្រេចចិត្ត
តែនៅពេលដែលខ្ញុំទទួលបានសេរីភាពនោះ ហើយលែងមានអ្នកមកចាប់បង្ខំខ្ញុំ ខ្ញុំក៏មានឱកាសសិក្សា និងទទួលយកវប្បធម៌ទាំងអស់ រួមទាំងវប្បធម៌ខ្មែរ។
ពេលនោះហើយ ទើបខ្ញុំចាប់ផ្តើមចូលចិត្តសិល្បៈខ្មែរ។
ខ្ញុំចូលចិត្តពិធីបុណ្យ
Christmas ខ្ញុំស្តាប់បទចម្រៀងបរទេស ខ្ញុំនិយាយភាសាអង់គ្លេសច្រើនជាងភាសាខ្មែរ ប៉ុន្តែខ្ញុំក៏ចូលចិត្តទៅមើលសិល្បៈ
របាំ និងគំនូររបស់ខ្មែរ ហើយខ្ញុំចង់ដឹង ចង់លឺពីវប្បធម៌ប្រទេសមួយនេះ។ ចុះអ្នកដែលរិះគន់គេ
ថាបំផ្លាញវប្បធម៌ខ្មែរ តើអ្នកដែលធ្វើអ្វីខ្លះដើម្បីរក្សាវប្បធម៌នោះ? តើមានដែលចំណាយពេលស្រាវជ្រាវពីវាទេ? មានអ្នកមួយចំនួន និយាយក្តែងៗថា ស្រឡាញ់ខ្មែរ
ហើយដើររិះគន់គេ ប៉ុន្តែគ្រាន់តែសរសេរអក្សរខ្មែរសោះ មើលចង់វិលមុខ។
អ៊ាសានជិតចូលមកដល់ហើយ។ បើយើងនៅតែបើកទូលាយយកអ្វីដែលថ្មី
ទទួលយកវប្បធម៌បរទេស តើយើងនឹងតាមទាន់គេដែរឬទេ? តែនេះគ្រាន់តែជាគំនិតរបស់ខ្ញុំទេ។
យ៉ាងហោចណាស់ សង្ឃឹមថាអ្នកបានដឹងអ្វីដែលថ្មីខ្លះដែរចុះ។
P.S. To further
demonstrate how sheep-like human can be, watch the “Monkey and the Ladder
Experiment” here.
Love, Catherine
XOXO
References:
Comments
Post a Comment