Halloween vs. បុណ្យជាតិខ្មែរ


ថ្ងៃ​សៅរ៍​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គឺ​បុណ្យ Halloween ដែល​ជា​បុណ្យ​របស់​ជនជាតិ Celtic តាំង​ពី​បុរាណ ដោយ​គេ​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ការ​បញ្ចប់​នៃ​រដូវ​កាល​ប្រមូល​ផល ហើយ​គេ​មាន​ជំនឿ​ថា នៅ​ថ្ងៃ​៣១ ខែ​តុលា​ ពិភព​មនុស្ស និង​ខ្មោច​មាន​លក្ខណៈ​ជាន់​គ្នា​(the veil thins) ហើយ​ខ្មោច​ទាំង​នោះ​អាច​នឹង​រស់​ឡើង​វិញ ឬ​មក​ព្យាបាទ​មនុស្ស។ ពិធី​បុណ្យ Halloween នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​ពិសេស​នៅ​ទ្វីប​អឺរ៉ុប សហរដ្ឋ​អាមេរិច ប្រទេស​អូស្រ្តាលី និង​ប្រទេស​ញ៉ូហ្សេឡង់។ ប៉ុន្មាន​ឆ្នាំ​មុន​នេះ ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ថា នៅ​ប្រទេស​ខ្មែរ​ក៏​មាន​ការ​ប្រារព្ធ​ពិធី​នេះ​ដែរ តែ​ក្នុង​ឆ្នាំ​នេះ ពិធី​បុណ្យ​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ធំ​ជាង​ឆ្នាំ​មុនៗ។ 

ក្រោយ​ពេល​ដែល​ឃើញ​មាន​ក្មេងៗ​ច្រើន​នាំ​គ្នា​ធ្វើ​បុណ្យ Halloween នេះ Facebook ក៏​បាន​លេច​ចេញ​នូវ​មនុស្ស​បី​ក្រុម៖ អ្នក​ដែល​គិត​ថា​ការ​ទទួល​យក​ពិធី​បុណ្យ​បរទេស​នេះ​នាំ​ឲ្យ​បាត់បង់​វប្បធម៌​ជាតិ អ្នក​ដែល​គិត​ថា​មនុស្ស​ក្រុម​ទី​មួយ​នោះ​ពូកែ​ទើស និង​អ្នក​ដែល​មិន​ខ្វល់​ថា​អ្នក​ណា​ប្រារព្ធ​ពិធី​អ្វី​ទេ។

Credit: Sophy Ros, Halloween 2014
ខ្ញុំ ​នឹង​ព្យាយាម​មិន​លម្អៀង​ទៅ​ខាង​ណា​មួយ​ទេ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ត្រង់​ថា តើ​ការ​ប្រារព្ធ​ពិធី​បុណ្យ​បរទេស​អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់​វប្បធម៌​ជាតិ​ ដោយ​របៀប​ណា? គេ​ថា ក្មេងៗ​នោះ​ជ្រួល​ជ្រើម​តាម​គេ មិន​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ខ្លួន​ឯង​ទេ។ តែ​ថ្ងៃ​សៅរ៍​នោះ មាន​បុណ្យ​ជាតិ​យើង​មក​ពី​ណា? បើ​សិន​ជា​ពិធី​បុណ្យ​ជាតិ និង​បុណ្យ​បរទេស​គឺ​កើត​ឡើង​នៅ​ថ្ងៃ​តែ​មួយ ហើយ​ក្មេងៗ​នាំ​គ្នា​ធ្វើ​តែ​បុណ្យ​បរទេស​ ហ្នឹង​ប្រហែល​ជា​យើង​អាច​មិន​ខ្វល់​ពី​បុណ្យ​ជាតិ​យើង​មែន។ បើសិន​ជា​គេ​មិន​ទៅ​លេង​បុណ្យ Halloween ទេ គេ​មាន​តែ​នៅ​ផ្ទះ​ ឬ​ទៅ​ដើរ​លេង តើ​វា​ជួយ​ដល់​វប្បធម៌​យើង​ដោយ​របៀប​ណា?

អ្នក​ខ្លះ​ទៀត​ថា ក្មេងៗ​យើង​ភ្លេច​ពី​បុណ្យ​ជាតិ​អស់​ហើយ។ ខ្ញុំ​គិត​ថា បើ​គេ​មិន​ខ្វល់​ពី​បុណ្យ​ជាតិ ទោះ​បី​ជា​គ្មាន​បុណ្យ​បរទេស​ចូល​មក ក៏​គេ​មិន​ខ្វល់​ដែរ។ ប៉ុន្តែ​បើ​តាម​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​ពេល​ដែល​ខ្ញុំ​នៅ​តូច ក្មេងៗ​ឥឡូវ​នេះ​គឺ​នៅ​តែ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ ហើយ​អាច​នឹង​ប្រារព្ធ​ច្រើន​ជាង​មុន​ទៀត (But I might be wrong)។ កាល​ពី​ពេល​ភ្ជុំ​បុណ្យ​ប៉ុន្មាន​សប្តាហ៍​មុន ខ្ញុំ​ឃើញ​គេ​នាំ​គ្នា​ទៅ​វត្ត ហើយ​បង្ហោះ​ពេញ Facebook (which I couldnt really care less about, but oh well)។ កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក៏​ខ្ញុំ​ឃើញ​គេ​ធ្វើ​ដែរ ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ ក្មេងៗ​ថែម​ទាំង​រៀប​ចំ​ធ្វើ​បុណ្យ​ភូមិ​ទៀត។ តែ​គ្រាន់​តែ​គ្នា​ធ្វើ​បុណ្យ​បរទេស​ម្តង ពីរ​ដង គេ​លែង​មើល​ឃើញ​អ្វី​ដែល​គ្នា​ធ្លាប់​ធ្វើ​ពី​មុន​មក​ហើយ។ 

អ្វី​ដែល​យើង​គួរ​តែ​ចង​ចាំ​ទុក​នោះ គឺ​យើង​មិន​មែន​ជា​កោះ​មួយ​ដែល​នៅ​ដាច់​តែ​ឯង​ទេ។ នៅ​ជំនាន់​នេះ ​សម័យ​នេះ ពិភពលោក​យើង​មាន​ទំនាក់ទំនង អន្តរកម្ម ច្រើន​ជាង​សម័យ​មុនៗ​ឆ្ងាយ​ណាស់។ អ៊ីនធឺណេត​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ព័ត៌មាន​ភ្លាមៗ​ដែល​កើត​ឡើង​នៅ​ម្ខាង​ទៀត​នៃ​ពិភពលោក។ ដោយ​សារ​តែ​បែប​នេះ​ហើយ តើ​អ្នក​ណា​មួយ​ដែល​មិន​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ដទៃ? កុំ​ភ្លេច​ថា វប្បធម៌​ខ្មែរ​យើង​តាំង​ពី​ដើម​មក ក៏​មាន​ឥទ្ធិពល​ពី​វប្បធម៌​ប្រទេស​ដទៃ​ដែរ។ ពេល​ដែល​មាន​អ្នក​ ជំនួញ​ជិះ​កប៉ាល់​មក​ពី​ប្រទេស​ផ្សេង (ឥណ្ឌា ចិន) ពួក​គេ​ក៏​បាន​ពាំ​នាំ​មក​នូវ​វប្បធម៌​ពួក​គេ​ដែរ ដោយ​វប្បធម៌​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​យើង​បច្ចុប្បន្ន​នេះ​ដែរ។






Credit: boston.com
វប្បធម៌​កើត​មក​ពី​ទម្លាប់​របស់​មនុស្ស។ ខ្ញុំ​ទទួល​ស្គាល់​ថា វប្បធម៌​គឺ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​នីមួយៗ ព្រោះ​វា​ជា​អត្តសញ្ញាណ​របស់​យើង ប៉ុន្តែ​វា​មិន​មែន​មាន​ន័យ​ថា យើង​មាន​ជម្រើស​តែ​មួយ​ ដែល​ត្រូវ​រើស​យក​តែវ​ប្បធម៌​មួយ​ទេ (an either or situation)។ ព្រោះ​តែ​យើង​ប្រារព្ធ អបអរ វប្បធម៌​គេ មិន​មែន​មាន​ន័យ​ថា យើង​ចាំ​បាច់​ត្រូវ​តែ​បោះ​ចោល​វប្បធម៌​ខ្លួន​ឯង​ទេ។ យើង​អាច​រើស​យក​ទាំង​ពីរ​បាន។ ចុះ​បើ​យើង​ទៅ​វត្ត​ពេល​ភ្ជុំ ហើយ​ទៅ Halloween ចុង​ខែ​តុលា តើ​នេះ​មាន​ន័យ​ថា​យើង​បោះ​ចោល​មួយ​ណា​អត់? ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ Spaghetti ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​មិន​ចូល​ចិត្ត​សម្ល​កកូរ​ទេ។ ខ្ញុំ​អាច​ចូល​ចិត្ត​ទាំង​ពីរ​បាន​តើ ត្រូវ​អត់?
មាន​ដែល​គិត​ទេ​ថា ការ​អបអរសាទរ​វប្បធម៌​ដទៃ​អាច​មាន​ប្រយោជន៍​ដល់​យើង? វា​ជួយ​ធ្វើ​ឲ្យ​យើង​ស្វែង​យល់​ពី​វប្បធម៌​ប្រទេស​គេ ទំនៀម​ទំលាប់​គេ ការ​គិត​របស់​គេ។ នេះ​គេ​ហៅ​ថា​ ការ​ប្រារព្ធ​អបអរ​ចម្រុះ​ពូជ​សាសន៍ (Celebrating diversity)។ ពេល​នោះ វា​ក៏​នឹង​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​ពិភពលោក​ធំ​ជាង​មុន​ដែរ ព្រោះ​យើង​បាន​ដឹង បាន​យល់​ពី​ប្រទេស​ដទៃ។ ពេល​ដែល​យើង​យល់​ពី​គេ យើង​នឹង​អាច​ធ្វើការ​ជាមួយ​គេ​បាន​ល្អ​ជាង​មុន ហើយ​ក្នុង​សតវត្ស​នេះ ក្នុង​ពេល​ណា​មួយ អ្នក​ច្បាស់​ជា​ត្រូវ​ធ្វើការ​ជាមួយ​ជនជាតិ​ដទៃ​ហើយ។

ខ្ញុំ​ឆ្ងល់​មួយ​ថា ពេល​ដែល​យើង​ឃើញ​បរទេស​គេ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​យើង ឬ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ យើង​កោត​សរសើរ​គេ​ថា គេ​ស្រឡាញ់​វប្បធម៌​យើង តែ​ហេតុ​អ្វី​បាន​ជា​យើង​មិន​ចោត​គេ​ថា​ គេ​កំពុង​តែ​បោះ​បង់​ចោល​វប្បធម៌​គេ​ទៅ​វិញ?

Credit: chensblog.com
បើ​សិន​ជា​គ្រាន់​តែ​បុណ្យ​បី​ក្នុង​មួយ​ឆ្នាំ (Valentines, Halloween, Christmas) យើង​មាន​បញ្ហា​ទៅ​ហើយ សាក​សម័យ​មើល​ពេល​ដែល​អាស៊ាន​ចូល​មក​ដល់​ទៅ​មើល? ប្រជាជន​អាស៊ាន​មាន​វប្បធម៌​ខុសៗ​គ្នា​ច្រើន​ណាស់ ពេល​ដែល​គេ​ចូល​មក​ប្រទេស​យើង គេ​ច្បាស់​ជា​ពាំ​នាំ​វប្បធម៌​គេ​ចូល​មក​ហើយ។ ​តើ​ដល់​ពេល​នោះ យើង​នៅ​តែ​ប​ក្រសោប​វប្បធម៌​ខ្លួន​ឯង ហើយ​មិន​បើក​ទូលាយ​ទទួល​យក​វប្បធម៌​គេ​បន្តិច​ទៀត​ឬ?

ការ​បដិសេធ​មិន​បើក​ទូលាយ​នេះ បាន​បណ្តាល​ឲ្យ​មាន​សង្គ្រាម​ច្រើន​ដង​ហើយ។ Hitler សម្លាប់ Jews ដោយ​គាត់​ស្អប់​ខ្ពើម​សាសនា Jews។ បើ​គាត់​បើក​ទូលាយ ព្យាយាម​ស្វែង​យល់​ពី​សាសនា វប្បធម៌​គេ​ នោះមនុស្ស​៦​លាន់​នាក់​ក៏​មិន​បាន​ស្លាប់​បែប​នោះ​ដែរ។ តំបន់ Middle East បច្ចុប្បន្ន​ក៏​កំពុង​តែ​មាន​សង្គ្រាម​សាសនា​ដែរ គឺ​សាសនា​គ្រិស្ត និង​សាសនា​មូស្លីម។ ការ​ស្រឡាញ់​ជាតិ និង​ជាតិ​និយម​គឺ​ជា​រឿង​ពីរ​ខុស​គ្នា។ ការ​ស្រឡាញ់​ជាតិ​ជា​រឿង​ល្អ ប៉ុន្តែ​ការ​ស្រឡាញ់​ជាតិ​ទាំង​ងងឹត​ងងល់​មិន​ចំណេញ​ទេ។ ប្រសិន​បើ​យើង​មិន​ចង់​ធ្វើ​បុណ្យ​ណា​មួយ​ទេ យើង​មិន​ចាំបាច់​ចូល​រួម​ទេ តែ​យើង​ក៏​មិន​គួរ​ថា ការ​ចូល​រួម​របស់​អ្នក​ដទៃ​ជា​រឿង​ខុស ជា​រឿង​មិន​ល្អ​ដែរ។ ពួក​គេ​គ្រាន់​តែ​ចង់​សាក ចង់​ដឹង​អ្វី​ដែល​ថ្មី​ទេ។ សាក​បើក​ចិត្ត​ឲ្យ​ទូលាយ​ទៅ ប្រហែល​ជា​យើង​ក៏​អាច​ទទួល​បាន​អ្វី​ដែល​ថ្មី​ដែរ៕

Love, Catherine
XOXO

References: 
http://www.huffingtonpost.com/molly-alexander-darden/why-we-should-respect-all-cultural-celebrations_b_4661752.html
http://celebration.appstate.edu/about/why-celebrate
http://www.halloweenhistory.org/

Comments

  1. ខ្ញុំចូលក្នុងជំរើសទី ៣ ហើយ។ ហាហា

    ReplyDelete

Post a Comment

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale