មនុស្សស្រីស្លៀកពាក់បែបណាបានសង្គមឈប់រិះគន់ឲ្យ?



ឲ្យ​តែ​ខ្ញុំ​ចូល​ទៅ​មើល Facebook ពេល​ណា ដឹង​តែ​មាន​រឿង​ត្រូវ​ហួស​ចិត្ត​រហូត។ កាល​ពី​ថ្ងៃ​ពុធ​នេះ​ មិត្ត​ភក្តិ​ខ្ញុំ​បាន Tag ខ្ញុំ​ចូល​ក្នុង​រូប​របស់​នារី​ម្នាក់​ដែល​គាត់​ពាក់​អាវ​វាល​ខ្នង និង​ខោ​ខ្លី ដែល​បង​ប្រុស​ម្នាក់​គាត់​បាន Post ហើយ​គាត់​បាន​និយាយ​ថា សម្លៀក​បំពាក់​នារី​ម្នាក់​នោះ​គឺ​បំផ្លាញ​ប្រពៃណី​ខ្មែរ ហើយ​ថែម​ទាំង​ប្រៀប​ធៀប​គាត់​នឹង​ស្រី​បារ​ទៀត។ គិត​ទៅ​ខ្មែ​យើង ឲ្យ​តែ​គេ​ធ្វើ​អ្វី​ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ដឹង​តែ​បំផ្លាញ​ប្រពៃណី​តែ​ម្តង។ គួរ​តែ​មាន​ពាក្យ​រិះ​គន់​ថ្មី​ហើយ។

តែ​ថ្ងៃ​នេះ​ ខ្ញុំ​មិន​មែន​ចង់​និយាយ​រឿង​ហ្នឹង​ទេ។ ខ្ញុំ​ចង់​និយាយ​ពី​រឿង​សម្លៀក​បំពាក់​របស់​មនុស្ស​ស្រី។ ចាំ​ខ្ញុំ​និយាយ​រឿង​ប្រពៃណី​ចុង​ក្រោយ​គេ​ចុះ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន ខ្ញុំ​ឧស្សាហ៍​លឺ​គេ​ថា មនុស្ស​ស្រី​ស្លៀក​ពាក់​ខ្លី​គឺ​ចង់​ឲ្យ​គេ​មើល ចង់​បង្អួត​សម្រស់។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ស្លៀក​ខោ​ខ្លី អាវ​វាល។ ហើយ​រាល់​ពេល​ដែល​ខ្ញុំ​បើក​ទូ​រើស​ខោ​អាវ​មក​ពាក់ ខ្ញុំ​មិន​ដែល​គិត​ទេ​ថា៖ «តើ​ថ្ងៃ​នេះ​​ ខ្ញុំ​គួរ​តែ​ស្លៀក​ពាក់​ម៉េច​ដើម្បី​ឲ្យ​គេ​មើល?» ខ្ញុំ​ស្លៀក​ពាក់​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រួលក្នុងខ្លួន​ (Comfortable, in case youre having a dirty mind here)។ បើ​អ្នក​ធ្លាប់​ចេញ​ទៅ​ក្រៅ​ពេល​ថ្ងៃ អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា​ស្រុក​ខ្មែរ​យើង​ក្តៅ​ប៉ុណ្ណា។ ខ្ញុំ​ស្លៀក​ខ្លី​ ព្រោះ​វា​មិន​សូវ​ក្តៅ។ ខ្ញុំ​មិន​ដឹង​ថា​អ្នក​ដទៃគេ​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​រៀន ឬ​ធ្វើ​ការ ខ្ញុំ​អត់​ចូល​ចិត្ត​អង្គុយ​ទាំង​ស្អិត​ញើស​ពេញ​ខ្លួន​ដោយ​សារ​តែ​ខ្ញុំ​ស្លៀក​ខោ​វែង អាវ៤ ឬ​៥​ជាន់​ដោយ​សារ​តែ​ខ្លាច​អ្នក​ដទៃ​រិះ​គន់​ឲ្យ​នោះ​ទេ​។ ហើយ​ម៉្យាង ខ្ញុំ​ចូល​ចិត្ត​ជិះ​កង់​ទៀត។ ខ្ញុំ​អត់​ចង់​ហប់​ខ្យល់​ស្លាប់​ទេ។

មនុស្ស និង​សត្វ​គឺ​ដូច​គ្នា​ទេ។ ធម្មជាតិ (Instinct) របស់​យើង​គឺ​ចង់​ទាក់​ទាញ​ភេទ​ផ្ទុយ​គ្នា ប៉ុន្តែ​សម្រាប់​សត្វ ភាគ​ច្រើន​សត្វ​ឈ្មោល​ជា​អ្នក​ទាក​ទាញ់​សត្វ​ញី។ អ៊ីចឹង​ហើយ​បាន​ជា​សត្វ​ឈ្មោល​ភាគ​ច្រើន​មាន​រោម​ ពណ៌​ស្រស់​ជាង ឬ​យំ​បាន​លឺ​ជាង ដូច​ជា​ក្ងោក ឬ​ត្រី​ជា​ដើម។ ក្ងោក​ឈ្មោល​ត្រដាង​រោម​នៅ​មុខ​ក្ងោក​ញី​ដើម្បី​ទាក់​ទាញ​ក្ងោក​ញី។ មនុស្ស​យើង​ក៏​ដូច​គ្នា​ដែរ។ ទោះ​បី​ជា​យើង​មិន​ចាប់​អារម្មណ៍ (or consciously aware) ក៏​ដោយ​ ប៉ុន្តែ​គោល​បំណង​សំខាន់​ក្នុង​ជីវិត​មនុស្ស និង​សត្វ​គឺ​ដើម្បី​បន្ត​ពូជ។ អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​សម្រាប់​មនុស្ស ភេទ​ញី ឬ​ស្រី​ជា​អ្នក​ទាក់​ទាញ​ភេទ​ប្រុស ឬ​ឈ្មោល។ ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ស្រី​មាន​លក្ខណៈ​ទន់ (Soft, Curves) ចង្កេះ​ ត្រគាក និង​សុដន់​ដែល​ទាក់​ទាញ​មនុស្ស​ប្រុស។​ វា​ជា​អ្វី​ដែល​ធម្មជាតិ​បង្កើត​មក។

ការ​ដែល​ចង់​ទាក់​ទាញ​ភេទ​ផ្ទុយ​គ្នា គឺ​ជា​ធម្មជាតិ​របស់​មនុស្ស ប៉ុន្តែ​មិន​មែន​មនុស្ស​ស្រី​ទាំង​អស់​ ជា​ពិសេស​អ្នក​ស្លៀក​ពាក់ «sexy» គឺ​សុទ្ធ​តែ​រស់​ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ប្រុស​ទេ។ ពេល​ខ្លះ ខ្ញុំ​ចង់​ស្លៀក​ពាក់​ឲ្យ​ស្អាត ព្រោះ​ខ្ញុំ​ស្រឡាញ់​រូប​រាង​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ក្មេង​បាន​តែ​ម្តង​ទេ។ ខ្ញុំ​ធ្វើ​នេះ​ គឺ​ដើម្បី​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់។ បើ​ខ្ញុំ​ខ្លួន​ឯង​មិន​ស្រឡាញ់​រូប​រាង​ខ្លួន​ឯង​ផង តើ​អ្នក​ដទៃ​គេ​ស្រឡាញ់​ចូល​ចិត្ត​ដោយ​របៀប​ណា?

អ្វី​ដែល​ខ្ញុំ​ស្អប់​ជាង​គេ គឺ​ពេល​ដែល​គេ​និយាយ​ថា ខ្ញុំ​ស្លៀក​ពាក់​បែប​នេះ សម​នឹង​ឲ្យ​គេ​ស្រែក​ញ៉ែ​តាម​ផ្លូវ ឬ​មនុស្ស​ស្រី​ខ្លះ​សម​នឹង​គេ​រំលោភ​ព្រោះ​តែ​ស្លៀក​ពាក់​«មិន​សមរម្យ»។ ខ្ញុំ​ចង់​សួរ​ទៅ​វិញ​ថា អ្វី​ដែល​ខ្ញុំ​ស្លៀក​ពាក់​ គឺ​នៅ​លើ​ខ្លួន​ខ្ញុំ​ទេ តែ​បើ​អ្នក​មិន​អាច​គ្រប់​គ្រង​ពង​ស្វាស និង​លិង្គ​របស់​អ្នក​បាន​ តើ​ហេតុ​អ្វី​បាន​ជា​ខុស​មនុស្ស​ស្រី​ទៅ​វិញ​ខ្ញុំ​ទៅ​វិញ? «លោក​ប៉ូលីស ខ្ញុំ​ចាប់​រំលោភ​ម្នាក់​ស្រី​ហ្នឹង ព្រោះ​ពេល​ឃើញ​ម្នាក់​ស្រី​ហ្នឹង លិង្គ​ខ្ញុំ​ឡើង​រឹង ហើយ​ខ្ញុំ​អត់​ដឹង​ធ្វើ​ម៉េច ក៏​ចាប់​រំលោភ​ទៅ»។ ចុះ​បើ​គេ​និយាយ​ថា អ្នក​សម​នឹង​ត្រូវ​តែ​ចោរ​ប្លន់ ព្រោះ​អ្នក​ដាក់​លុយ​តាម​ខ្លួន ឬ​មក​ពី​អ្នក​ជិះ​ម៉ូតូ។ បើ​ដើរ ហើយ​អត់​មាន​លុយ​ក្នុង​កាបូប ក៏​គេ​មិន​ប្លន់​ដែរ។ តើ​មូល​ហេតុ​នោះ​វិញ យ៉ាង​ម៉េច​ដែរ? ឬ​មក​ពី​ខ្ញុំ​ជា​មនុស្ស​ស្រី ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​នៅ​ក្រោម​គំនាប​របស់​សង្គម?

Credit: cambodiannation.wordpress.com
ខ្ញុំ​ឧស្សាហ៍​ឃើញ​មនុស្ស​ប្រុស​ដោះ​អាវ​នៅ​មុខ​ផ្ទះ នៅ​តាម​ផ្លូវ ស្លៀក​ពាក់​ចេញ​សាច់​ដែរ តែ​ហេតុ​អ្វី​បាន​ជា​មិន​មាន​អ្នក​រិះគន់​ដូច​គ្នា? យើង​មាន​ស្មា​ដូច​គ្នា មាន​ខ្នង​ដូច​គ្នា សុដន់​ដូច​គ្នា មាន​ក្បាល​សុដន់​ដូច​គ្នា មាន​ក្បាល​ពោះ​ដូច​គ្នា ខុស​តែ​ប្រដាប់​ភេទ​ទេ។ ហេតុ​អ្វី​បាន​ជា​គំនាប​សង្គម​ខុស​គ្នា? សុដន់​មនុស្ស​ស្រី​មាន​លក្ខណៈ​ខុស​ពី​មនុស្ស​ប្រុស​មែន ប៉ុន្តែ​គ្រាន់​តែ​ប៉ុណ្ណឹង​អាច​ជា​ហេតុផល​ដែល​បង្កើត​ជា​ផ្នត់​គំនិត​បែប​នេះ​ដែរ? ចុះ​អ្នក​ដែល​គេ​ស្លៀក​ពាក់​ត្រឹម​តែ​ចេញ​ខ្នង ឬ​ភ្លៅ? ខុស​ពី​មនុស្ស​ប្រុស​ត្រង់​ណា? ហើយ​សូម​កុំ​និយាយ​ថា៖ «ដោយ​សារ​តែ​វប្បធម៌​ប្រពៃណី» ឬ «យី ​មនុស្ស​ស្រី​ផ្សេង មនុស្ស​ប្រុស​ផ្សេង»។

ឥឡូវ​សូម​លូក​ចូល​រឿង​វប្បធម៌​ប្រពៃណី​នេះ​បន្តិច។ វប្បធម៌​គឺ​កើត​មក​ពី​ទម្លាប់។ ពេល​មនុស្ស​ទម្លាប់​ធ្វើ​អ្វី​មួយ​រាប់​រយ​ឆ្នាំ​ទៅ វា​ក៏​កើត​ទៅ​ជា​វប្បធម៌ មាន​ន័យ​ថា វប្បធម៌​គឺ​មនុស្ស​ជា​អ្នក​បង្កើត។ វប្បធម៌​គឺ​ផ្លាស់​ប្តូរ តាម​សម័យ​កាល។ ពេល​ដែល​ផ្នែក​ណា​មួយ​នៃ​វប្បធម៌​នោះ​លែង​បម្រើ​ដល់​តម្រូវ​ការ​របស់​មនុស្ស វា​នឹង​សាប​រលប់ ដូច​ជា​ការ​ចូល​ម្លប់​ជា​ដើម។ បើ​យើង​បក​ចូល​ទៅ​កំឡុង​ឆ្នាំ ៦៨ ទៅ ៥៥០ គឺ​សម័យ​ហ្វូណន ស្រ្តី​ខ្មែរ​យើង​គឺ​ស្លៀក​សារ៉ុង សំពត់ ឬ​សំពត់​សារ៉ាបាប់ ប៉ុន្តែ​មិន​មាន​ពាក់​អ្វី​នៅ​ល្វែង​ខាង​លើ​ទេ។ នៅ​សតវត្ស​ទី​១៦ លោក ជី​ តា​ខ្វាន់ បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ហើយ​ធ្វើ​កំណត់​ត្រា​មួយ​ចំនួន​ពីរ​បៀប​របប​រស់​នៅ​របស់​ប្រជាជន​ខ្មែរ។ ក្នុង​នោះ លោក​បាន​សម្គាល់​ឃើញ​ថា នារី​ខ្មែរ​ពេល​នោះ​ គឺ​មិន​ពាក់​អាវ​ទេ។ គេ​ព្រលែង​សុដន់​ទទេរ រាប់​ទាំង​អគ្គ​មហេសី​របស់​ព្រះមហាក្សត្រ​ទៀត។ បើ​អ្នក​គិត​ថា កំណត់​ត្រា​នេះ​មិន​ពិត អ៊ីចឹង​ម៉េច​គេ​ចាំ​បាច់​ឲ្យ​សិស្ស​រៀន​ក្នុង​សាលា​ធ្វើ​អី?

ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា វប្បធម៌​ខ្មែរ​យើង​ គឺ​មាន​ផ្លាស់​ប្តូរ​ច្រើន​លើក​ ច្រើន​សារ ​មក​ហើយ។ តើ​អ្នក​ណា​ជា​អ្នក​សម្រេច​ថា វប្បធម៌​មួយ​ណា​ដែល​ត្រូវ​ធ្វើ​តាម? លោក ជី តាខ្វាន់ បាន​ធ្វើ​ដំណើរ​មក​ក្នុង​សម័យ​អង្គរ ដែល​ជា​សម័យ​មួយ​រុង​រឿង​របស់​ខ្មែរ​យើង។ តើ​វប្បធម៌​ពេល​នោះ​មិន​មាន​តម្លៃ​ទេ​ឬ? ចុះ​អ្វីៗ​ថ្មី​ដែល​យើង​កំពុង​តែ​ទទួល​យក​នេះ តើ​វា​មិន​បំផ្លាញ​វប្បធម៌​ទេ? បើ​ស្លៀក​ពាក់​ខោ​អាវ​ខ្លី​ខុស​ប្រពៃណី ចុះ​អាវ​យឺត និង​ខោ​ខូវ​ប៊យ​ជា​ប្រពៃណី​យើង​ដែរ មែន​ទេ? តើ​អ្នក​ណា​ជា​អ្នក​សម្រេច​ថា តើ​អ្វី​ដែល​ត្រូវ អ្វី​ដែល​ខុស?

ពួក​យើង​មិន​មែន​ជា​ហ្វូង​ចៀម​ទេ។ គេ​ថា យើង​មិន​គួរ​ធ្វើ​រឿង​មួយ​នេះ​ ប៉ុន្តែ​យើង​មាន​ដែល​គិត​ពី​ហេតុផល​វា​ទេ? គេ​នាំ​គ្នា​និយាយ​ថា៖ «មក​ពី​វប្បធម៌​វា​អ៊ីចឹង»។ តែ​ហេតុអ្វី​បាន​វា​វប្បធម៌​គេ​កំណត់​មក​អ៊ីចឹង? ហើយ​វា​មាន​ផ្តល់​ប្រយោជន៍​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ដែរ​ឬ​អត់? បើ​អត់​ទេ នៅ​ប​ក្រសោប​វា​ដល់​ណា?

នៅ​ប្រទេស​ជាង​២៨​នៅ​ទ្វីប​អាព្រិច និង​ទ្វីប​អាស៊ី គេ​មាន​ប្រកាន់​ខ្ជាប់​ទំនៀម​ទម្លាប់​កាត់​ចុង​ប្រដាប់​ភេទ​មនុស្ស​ស្រី។ ហើយ​ជា​រៀង​រាល់​ឆ្នាំ មាន​ក្មេង​ស្រី​ជា​ច្រើន​ដែល​ស្លាប់ ដោយ​សារ​តែ​ទំនៀម​ទម្លាប់​នេះ។ ខ្ញុំ​ដឹង​ថា រឿង​នេះ ​គឺ​ធ្ងន់​ធ្ងរ​ជាង ប៉ុន្តែ​ចំណុច​ដែល​ខ្ញុំ​ចង់​ផ្តោត​នោះ​គឺ មិន​មែន​វប្បធម៌ ទំនៀម​ទម្លាប់​គឺ​សុទ្ធ​តែ​ត្រូវ​ទាំង​អស់​ទេ។

Credit: devata.org
ខ្ញុំ​និយាយ​នេះ មិន​មែន​ចង់​ឲ្យ​មនុស្ស​ស្រី​លែង​ស្លៀក​សម្លៀក​បំពាក់ ដើរ​ដោះ​អាវ ឬ​ឲ្យ​យើង​ទាំង​អស់​គ្នា​បោះ​បង់​ចោល​វប្បធម៌​ទេ។ ប៉ុន្តែ​គួរ​តែ​ចេះ​ឆ្ងល់ ចេះ​គិត​ពី​ហេតុផល​ផង។ មូល​ហេតុ​ដែល​មនុស្ស​ស្រី​ត្រូវ​បាន​គាប​សង្កត់​គឺ​កើត​មាន​ឡើង​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន ហើយ​ខ្ញុំ​ក៏​មិន​អាច​បក​ស្រាយ​ពី​វា​បាន​ដែរ ព្រោះ​វា​ជា​រឿង​វែង​ឆ្ងាយ​មួយ​ទៀត។

គេ​ថា មនុស្ស​ស្រី​បើ​ឲ្យ​គេ​ឃើញ​រាង​កាយ​អស់​ទៅ​ លែង​មាន​តម្លៃ​ហើយ។ ចុះ​ម៉េច​បាន​ជា​មនុស្ស​ប្រុស​មិន​អ៊ីចឹង​ដែរ​ទៅ? ខ្ញុំ​ធ្លាប់​ឃើញ​គេ​និយាយ​ប្រៀប​ធៀប​មនុស្ស​ស្រី​នឹង​ពេជ្យ​ដែល​កប់​ក្នុង​ដី​ទៀត។ ខ្ញុំ​ជា​មនុស្ស មិន​មែន​ពេជ្យ មិន​មែន​វត្ថុ​សម្រាប់​ឲ្យ​គេ​ដេញ​ថ្លៃ​ទេ។ ត្រូវ​ចាំ​ថា​ តម្លៃ​គឺ​ខ្លួន​ឯង​ជា​អ្នក​កំណត់។ បើ​ខ្លួន​យើង​មិន​ឲ្យ​តម្លៃ​ខ្លួន​យើង​ផង តើ​ឲ្យ​គេ​ឲ្យ​តម្លៃ​យើង​យ៉ាង​ណា?

ប្រសិន​បើ​មិន​ចូល​ចិត្ត​ឃើញ​មនុស្ស​ស្រី​ស្លៀក​ពាក់«ខើច»ខ្លី​ទេ យើង​បែរ​មុខ​ចេញ​ទៅ គឺ​លែង​ឃើញ​ហើយ។ គេ​ស្លៀក​ពាក់​លើ​ខ្លួន​គេ យើង​មិន​ចាំ​បាច់​ចូល​ចិត្ត​ទេ។ តែ​ពាក្យ​សម្តី​ជេរ​ស្តី ឬ​លួច​ថត​រូប​គេ​មក​ដាក់​ផ្សាយ​នេះ ​គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គេ។ សូម​ផ្តល់​សិទ្ធិ​សេរីភាព ហើយ​គោរព​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដទៃ​ផង។ បើ​គេ​ចង់​ស្លៀក​ហូល ឬ​រ៉ូប ឬ​ប៊ីគីនី គឺ​គេ​ស្លៀក​លើ​ខ្លួន​គេ ហើយ​គេ​ក៏​មិន​បង្ខំ​ឲ្យ​យើង​មើល​ដែរ។ បើ​មិន​ចូល​ចិត្ត យើង​អាច​បែរ​មុខ​ចេញ។ បើ​មិន​ចូល​ចិត្ត កុំ​ស្លៀក​ពាក់​បែប​នោះ​ទៅ តែ​កុំ​ប្រើ​ពាក្យ​សម្តី​មក​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍ ឬ​រិះ​គន់ ជេរ​ស្តី​គេ​ព្រោះ​តែ​យើង​មិន​ពេញ​ចិត្ត​នឹង​ជម្រើស​របស់​គេ។

Love, Catherine
XOXO


Credit: cogxio.tumblr.com
References:
http://www.rfa.org/khmer/indepth/chinese_in_cambodia_part1-02032011225642.html
http://www.iexplore.com/travel-guides/south-and-southeast-asia/cambodia/history-and-culture
http://www.rasmeinews.com/local_news/detail?class=local&news=OTMxODFkMD&page=18
https://en.wikipedia.org/wiki/Khmer_clothing#Chang_Pong
http://www.bustle.com/articles/83035-7-reasons-to-stop-shaming-women-who-wear-revealing-clothing-your-ideas-of-propriety-aside
http://animals.mom.me/peacocks-spread-feathers-2729.html

Comments

  1. អត្ថបទ‌ល្អ‌ គួរអោយ‌កោតសរសើរ‌ តែបង្កប់នូវ‌គំនិត‌អត្មានិយម។ វា‌ស្តែង‌តាមរយៈឃ្លាចុងក្រោយ ​ "កុំ​ប្រើ​ពាក្យ​សម្តី​មក​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍" និងឃ្លាមុន "អ្វី​ដែល​ខ្ញុំ​ស្លៀក​ពាក់​ គឺ​នៅ​លើ​ខ្លួន​ខ្ញុំ​ទេ តែ​បើ​អ្នក​មិន​អាច​គ្រប់​គ្រង​ពង​ស្វាស និង​លិង្គ​របស់​អ្នក​បាន​"។ បើអ្នកស្លៀកពាក់មិនសមរម្យនៅទីសាធារណៈដោយមិនរអែងភ្នែក‌ញាតិ‌ផង តើហេតុអ្វីចាំបាច់‌ហាមឃាត់‌គេ‌មិនអោយ‌រិះគន់‌ ម្តេច‌មិនចេះគ្រប់គ្រង‌ប្រដាប់‌ គិត របស់‌ខ្លួន‌កុំ‌អោយខឹង‌ផង‌ទៅ។ ពិតជាអត្មានិយមណាស់ !

    ReplyDelete

Post a Comment

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale