បើកើតមកជាជនជាតិវៀតណាម ធ្វើអ្វីក៏ខុសដែរ
កាលពីម្សិលមិញ ខ្ញុំបានឃើញព័ត៌មានមួយទាក់ទងនឹងស្រ្តីម្នាក់ដែលបានខាំអណ្តាត សម្លាប់ខ្លួនក្នុងរថយន្តដោយសារតែទំនាស់ជាមួយនឹងប្តីរបស់គាត់។ ព័ត៌មាននោះបានបញ្ជាក់ទៀតថា ស្រ្តីម្នាក់នោះគឺជាជនជាតិវៀតណាម។ ខ្ញុំគ្រាន់តែឃើញអត្ថបទនោះហើយ ខ្ញុំក៏ដឹងភ្លាមថា ច្បាស់ជាមានអ្នកមក Comment ថាឲ្យគាត់ ដោយសារតែគាត់ជាជនជាតិវៀតណាមហើយមើលទៅ។ ដល់ថ្ងៃនេះ មិត្តភក្តិខ្ញុំម្នាក់បានបង្ហោះ Screenshot Comments ទាំងនោះនៅលើ Facebook មែន។
ពេលដែលខ្ញុំឃើញរូបហ្នឹងហើយ ខ្ញុំមិនដឹងថាត្រូវសើចហួសចិត្ត ឬក៏យំអាណិតព្រោះតែការខ្វះមនុស្សធម៌របស់អ្នកទាំងនោះទេ។ ការរើសអើងជាតិសាសន៍បែបនេះ ខ្ញុំឃើញសឹងតែរាល់ថ្ងៃទៅហើយ មិនថានៅតែប្រទេសខ្មែរទេ។ តែទោះជាឃើញរាល់ថ្ងៃបែបនេះក៏ដោយ ក៏ខ្ញុំនៅតែមិនយល់ថា តើអ្នកទាំងអស់នោះគិតបែបណាបានជាទៅប្រើសំដីបែបនោះដាក់មនុស្សដូចគ្នា?
ពេលដែលឃើញមនុស្សម្នាក់សម្លាប់ខ្លួន ពួកគាត់បែរជាទៅនិយាយថាជប់លៀងអបអរដែលគាត់បានស្លាប់ ហើយឲ្យយកសពរបស់ស្រ្តីនោះទៅកប់នៅវៀតណាមទៅ មិនឲ្យនៅខ្មែរទេ។ ខ្ញុំឆ្ងល់ណាស់ តើគាត់បានធ្វើអ្វីដល់អ្នកទាំងនោះ? តើអ្នកស្គាល់គាត់អត់ បានជាទៅសប្បាយរីករាយខណៈពេល ដែលមនុស្សម្នាក់មានទុក្ខរហូតដល់គេទ្រាំមិនបានហើយសម្លាប់ខ្លួនបែបនេះ? តើអ្នកមានដឹងពីជីវិតគាត់ទេ? ហើយសួរតាមត្រង់ចុះ ហេតុអ្វីបានជាស្អប់គាត់? ដោយសារតែគាត់ជាជនជាតិវៀតណាមឬ? តើជនជាតិវៀតណាមហ្នឹង មានដែលធ្វើអ្វីដាក់អ្នកមែន?
បើនិយាយពីរឿងហ្នឹង អ្នកខ្លះច្បាស់ជានិយាយមកវិញហើយថា៖ «ពួកយួនហ្នឹង វាយកដីខ្មែរ! វាងាប់អ៊ីចឹង សមមុខវាហើយ!»។ សួរថា តើអ្នកណាជាអ្នកលួចដីឲ្យប្រាកដ? តើប្រជាពលរដ្ឋវៀតណាមទាំងជិត៩០លាននាក់ហ្នឹង ពួកគាត់យកបង្គីរម្នាក់មួយ ដើរដល់ព្រំដែនហើយចូកយកដីយើងម្នាក់មួយបង្គីរមែន? ព្រោះតែទង្វើរបស់រដ្ឋាភិបាលឬមនុស្សមួយក្រុម (ហើយខ្ញុំក៏មិនមែននិយាយថារដ្ឋាភិបាលវៀតណាមជាអ្នកខុស ឬជាអ្នកត្រូវទេ) តើសមអត់ដែលយើងទៅដាក់ទោស ហើយស្អប់ដល់ប្រជាពលរដ្ឋមួយប្រទេស? មានដែលគិតអត់ថា ពួកគាត់ភាគច្រើនគ្រាន់តែចង់រស់ដូចតែពួកយើងទេ?
ពេលដែលខ្ញុំចេញទៅរៀននៅក្រៅប្រទេសកាលពីឆ្នាំមុន ខ្ញុំបានស្គាល់មិត្តភក្តិម្នាក់ដែលគាត់មកពីប្រទេសវៀតណាម។ ពួកយើងធ្វើការងារស្មគ្រចិត្តនៅសាលាជាមួយគ្នា ហើយគាត់ជាមនុស្សម្នាក់ដែលចូលចិត្តជួយគេ ជាមនុស្សចិត្តល្អ ហើយចូលចិត្តនិយាយលេងទៀត។ បើនិយាយទៅ គាត់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូចដែលខ្ញុំធ្លាប់បានជួប ហើយចូលចិត្ត។ នៅពេលដែលយើងដើរទៅណាជាមួយគ្នា គាត់ថែមទាំងជួយបើកទ្វារឲ្យខ្ញុំទៀត។ សួរថាមានមនុស្សប៉ុន្មាននាក់នៅខ្មែរដែលបើកទ្វារឲ្យមនុស្សស្រីទៅមុន? សូម្បីតែសង្សារខ្ញុំក៏មិនធ្វើអ៊ីចឹងឲ្យខ្ញុំផង។
មានមនុស្សមួយចំនួនបោះសំដីមកថា អ្នកដែលកើតមកជាជាតិខ្មែរគឺបានធ្វើបុណ្យ ហើយអ្នកធ្វើបាបគឺកើតមកជាជាតិវៀតណាម។ តើចេះមកពីណា? ហើយចុះជាតិសាសន៍ដទៃ តើពួកគាត់ធ្វើបុណ្យ ឬបាបដល់កម្រិតណាបានជាកើតមកជាជាតិអាមេរិក ឥណ្ឌា ម៉ាឡេ? ហេតុអ្វីបានជាទាល់តែមានបុណ្យបានកើតជាខ្មែរ? តើខ្មែរយើងសព្វថ្ងៃធ្វើអ្វីបានខ្លះហើយ បើប្រៀបធៀបជាមួយនឹងប្រទេសដទៃ? តើប្រទេសខ្មែរជាប្រទេសដែលស្រួល រស់នៅជាងគេឬបានជាទាល់តែអ្នកមានបុណ្យបានកើតនៅទីនេះបាន?
ខ្ញុំធ្លាប់លឺអ្នកខ្លះនិយាយថា ពួកគេស្អប់ជនជាតិវៀតណាម ព្រោះពួកគាត់កើតមកជាវៀតណាម។ ហ៊ឹមមម...តែមានដែលគិតមកវិញអត់ថា មនុស្សយើងមិនមែនអាចជ្រើសរើសថាកើតនៅប្រទេសណាបាននោះទេ។ មិនមែនមុនពេលដែលស្ពែមប៉ាខ្ញុំ ជួបនឹងអូវុលម៉ាក់ខ្ញុំ ខ្ញុំមានប៊ូតុងមួយនៅកន្លែងនោះដើម្បីចុចជ្រើសរើសយកប្រទេស និងជាតិសាសន៍ដែលខ្ញុំចង់កើតទេ។ ចុះអ្នកដែលនិយាយនោះវិញ? មុនពេលអ្នកកើត តើអ្នកបានជ្រើសរើសយកប្រទេសខ្មែរមែន?
ជនជាតិជីហ្វនៅពេលសង្គ្រាមលោកលើកទី២ |
សាកស្រមៃអញ្ចេះវិញម្តង បើសិនជាមានជាតិសាសន៍ «ក» មួយ ដែលពួកគាត់ស្អប់ជាតិសាសន៍ «ខ» ណាស់។ «ក» មានគំនិតមួយគិតថា «ខ» ជាជាតិសាសន៍ថោកទាប ដូចសត្វកណ្តុរដែលជាសត្វចង្រៃ។ ដល់ថ្ងៃមួយនោះ «ក» បានចេញជាគម្រោងបោកប្រាស់ «ខ» ហើយប្រមូលពួកគាត់ចូលទៅក្នុងជំរុំឲ្យធ្វើការហួសកម្លាំង និងសម្លាប់ដោយមិនមានមូលហេតុទៀត។ ក្នុងរយៈពេលជាង៦ឆ្នាំ «ក» បានសម្លាប់ជាតិសាសន៍ «ខ» អស់៦លាននាក់។ តើមនុស្សជាង៦លាននាក់នោះមានបានធ្វើអ្វីខុសក្រៅពីកើតមកជាជនជាតិជីហ្វ (Jews) ? បើអ្នកគិតថា មនុស្សដែលកើតមកចំជាតិសាសន៍ដែលមិនសូវមានបុណ្យ គឺសមតែស្លាប់ អ៊ីចឹងមានតែអ្នកគិតថាអ៊ីត្លែរ (Hitler) បង្កឲ្យមានសង្គ្រាមលោកលើកទី២នោះក៏ជារឿងត្រឹមត្រូវដែរ មែនទេ?
ខ្ញុំសុំបញ្ជាក់ថា ខ្ញុំនិយាយនេះមិនមែនកាន់ជើងថា ជនជាតិវៀតណាមគឺសុទ្ធតែល្អផូផង់ទាំងអស់ទេ។ ខ្ញុំក៏ធ្លាប់បានជួបជនជាតិវៀតណាមដែលដើរលួចគេ ឬសម្លាប់ធ្វើបាបគេដែរ។ ខ្ញុំគ្រាន់តែចង់និយាយថា មុននឹងយើងវាយតម្លៃមនុស្សម្នាក់ ឬគិតថាជីវិតមនុស្សម្នាក់គ្មានតម្លៃ កុំភ្លេចគិតមកវិញផងថា បើយើងមិនស្គាល់គេទេ យើងគ្មានសិទ្ធិក្នុងការវាយតម្លៃគេទេ។ យើងមិនស្គាល់ពីជីវិតគេ យើងមិនស្គាល់ពីអត្តចរិកគេ ហើយយើងក៏មិនដឹងថា គេបានធ្វើអ្វីខ្លះដែរ។ ជាតិសាសន៍មិនអាចបង្ហាញពីលក្ខណៈរបស់មនុស្សម្នាក់បានទេ។ សូមយករឿងនេះមកទុកក្នុងខួរក្បាលខ្លះផង មុននឹងវាយតម្លៃ ឬស្អប់អ្នកណាមួយ។ ឧទាហរណ៍ថា បើគាត់គ្រាន់តែជាជនជាតិវៀតណាមម្នាក់ដែលព្យាយាមរកលុយចិញ្ចឹមគ្រួសារ និងឲ្យកូនរៀន តើគាត់ខុសអ្វីដែរ? តើគាត់មានពេលមកលួចដីយើងដែរឬ បើគាត់រកលុយចិញ្ចឹមគ្រួសារសឹងតែមិនរស់ផងហ្នឹង?
បើមើលដល់ ប្រវត្តិសាស្រ្តខ្មែរឲ្យច្បាស់ យើងក៏មិនមែនមិនដែលរំលោភបំពានគេទេ។ តែអ្វីដែលសំខាន់គឺ ទោះបីជាខឹងនឹងរឿងអតីតកាលដល់ណា ក៏វានៅតែជាអតីតកាលដែរ។ មិនមែនដើរតួកំសត់ ធ្វើជាអ្នករងគ្រោះនោះបានអ្វីមកវិញទេ។ បើខឹងណាស់ បើចង់ឈ្នះណាស់ បើចង់ជួយជាតិណាស់ ម៉េចក៏មិនចំណាយពេលទៅធ្វើអ្វីល្អវិញទៅ? ចាំបាច់ចំណាយកម្លាំងមកស្អប់គេធ្វើអី? បានអ្វីមកវិញ? តើម្នាក់ៗចំណាយពេលប៉ុន្មានក្នុងមួយថ្ងៃៗមកស្អប់ និងឈ្នានីសគេ? ហើយចំណាយពេលប៉ុន្មានដើម្បីមកធ្វើអ្វីល្អសម្រាប់សង្គម? យកពេលនោះទៅជួយអ្នកដែលត្រូវការជំនួយ ជួយពិភពលោក និងធ្វើបុណ្យខ្លះទៅ។ ប្រយ័ត្នបុណ្យមិនដល់ ជាតិក្រោយមិនបានកើតមកជាខ្មែរទៀត។
Well some people is too much criticise
ReplyDeleteWell writing !
DeleteWell done! សង្ឃឹមថាអត្ថបទមួយនេះ នឹងមានអ្នកអានច្រើន។ រាល់ថ្ងៃប្រទេសយើង
ReplyDeleteសំបូរដោយអ្នក "ស្នេហាជាតិ" បែបជ្រុលនិយម។ តែបើតាមគំនិតខ្ញុំ ពួកគាត់គឺជាពួក
ដែលមានគំនិតតូចចង្អៀតច្រើនជាង។